ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ទាំងគ្មានភ័ស្តុតាងបង្ហាញច្បាស់លាស់ ថា ភ្នាក់ងារចារកម្មបស្ចិមលោកនៅប្រទេសអ៊ុយក្រែន ជាអ្នកនៅពីក្រោយខ្នងនៃហ្វូងកុបករគាំទ្រប៉ាឡេស្ទីន ដែលនាំគ្នាសម្រុកចូលស្ទាក់ជើងហោះហើរពីអ៊ីស្រាអែលនៅព្រលានយន្តហោះក្នុងរដ្ឋ Dagestan តំបន់ភាគខាងត្បូងរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ថ្លែងទៅកាន់មន្ត្រីរដ្ឋាភិបាលកំពូលនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍កាលពីថ្ងៃចន្ទ លោក ពូទីន ហៅហេតុការណ៍ ដែលកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ហើយបណ្ដាលឱ្យមនុស្សជាង ២០ នាក់រងរបួស ដោយគ្មានជនជាតិអ៊ីស្រាអែលសូម្បីម្នាក់ក្នុងចំណោមនោះ ថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីចុះខ្សោយ។
លោក ពូទីន មិនបាននិយាយយ៉ាងណាអំពីការវាយតម្លៃលើចំណាត់ការឆ្លើយតបរបស់អាជ្ញាធររុស្ស៊ីនៅព្រលានយន្តហោះតំបន់ Dagestan ដែលមានអ្នកកាន់សាសនាអ៊ិស្លាមរស់នៅភាគច្រើននោះទេ ប៉ុន្តែបានថ្លែងវាយប្រហារសហរដ្ឋអាមេរិក ដោយបានបន្ទោសមហាអំណាចមួយនេះ ចំពោះការសាបព្រួសភាពវឹកវរនៅមជ្ឈិមបូព៌ា និងជំរុញឱ្យមានការប្រយុទ្ធគ្នានៅអ៊ុយក្រែន។
លោកអះអាងដោយមិនផ្តល់ភស្តុតាងច្បាស់លាស់ថា ភ្នាក់ងារចារកម្មរបស់លោកខាងលិចនៅក្នុងប្រទេសអ៊ុយក្រែន បានប្រើប្រាស់បណ្តាញសង្គមដើម្បីញុះញង់ឱ្យមានការសម្រុកចូលទៅក្នុងព្រលាននៅតំបន់ Dagestan ដើម្បីធ្វើឱ្យរុស្ស៊ីចុះខ្សោយ។
លោកបានបន្ថែមថា៖«ខ្ញុំមិនប្រាកដថា គ្រប់មន្រ្តីក្នុងថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក បានដឹងអំពីរឿងនោះឬអត់ទេ»។វានឹងមិនខាតបង់អ្វីទេ បើសិនពួកគេបើកការស៊ើបអង្កេតលើអ្វីដែលចារកម្មរបស់ពួកគេបានធ្វើពីអ៊ុយក្រែន ដោយព្យាយាមបំផុសគំនិតអាក្រក់ក្នុងប្រទេសរុស្ស៊ី។ ពួកគេជាមនុស្សគម្រក់ពិតប្រាកដគ្មានអ្វីឱ្យហៅខុសពីនេះបានទេ»។
ជុំវិញបញ្ហានេះដូចគ្នា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីRIA Novosti បានដកស្រង់សម្តីអភិបាលតំបន់Dagestan លោកSergei Melikov ដោយនិយាយថា ភាពចលាចលនេះត្រូវបានសម្របសម្រួលនៅក្នុងបណ្ដាញតេឡេក្រាម ដែលគ្រប់គ្រងដោយ«ជនក្បត់» នៅអ៊ុយក្រែនក្នុងគោលដៅធ្វើឱ្យតំបន់ Dagestan មានអស្ថិរភាព និងជំរុញឱ្យមានចលាចល។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃឺរប៊ី ហៅការចោទប្រកាន់របស់លោក ពូទីន ដែលថាអង្គភាពលោកខាងលិចនៅពីក្រោយអំពើហិង្សានេះថាជា «វោហាសាស្ត្រចាស់គំរិលរបស់រុស្ស៊ី»។
លោក ឃឺរប៊ី បានបន្តថា៖ «លោកខាងលិចមិនមានអ្វីដែលត្រូវធ្វើជាមួយរឿងនេះទេ»។ លោកបានរិះគន់លោក ពូទីន ចំពោះការមិនចេញសកម្មភាពបន្ថែម ដើម្បីថ្កោលទោសអំពើហិង្សា ដែលលោកបានពិពណ៌នាថាជា «បាតុកម្មដ៏ក្តៅគគុកកើតចេញពីការស្អប់ខ្ពើម»។
គួររំឭកថា ហ្វូងកុបករបុរសៗរាប់រយនាក់ ដែលខ្លះកាន់បដាមានពាក្យស្លោកប្រឆាំងជនជាតិជ្វីប បានសម្រុកចូលអាកាសយានដ្ឋានក្នុងទីក្រុង Makhachkala ដែលជារដ្ឋធានីនៃតំបន់ Dagestan កាលពីយប់ថ្ងៃអាទិត្យ ដើម្បីស្វែងរកអ្នកដំណើរអ៊ីស្រាអែលនៅលើជើងហោះហើរចេញពីទីក្រុងតែវអាវីវ។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា មន្ត្រីប៉ូលិស និងជនស៊ីវិល បានរងរបួស ហើយ ២ នាក់ ក្នុងចំណោមនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមប៉ូលិសរុស្ស៊ី មនុស្សជាង ៨០ នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងភាពចលាចលនេះ។ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ ក្រោមបទចោទប្រកាន់រៀបចំភាពចលាចលទ្រង់ទ្រាយធំ។
គេមើលឃើញថា កន្លងមក រុស្ស៊ីបានចេញការរិះគន់យ៉ាងប្រុងប្រយ័ត្នរបស់ភាគីទាំងសងខាងក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន ដែលជាជម្លោះកំពុងផ្តល់ឱកាសថ្មីដល់ទីក្រុងមូស្គូដើម្បីជំរុញតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលជម្លោះ ខណៈបន្តការឈ្លានពានរបស់ខ្លួននៅប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃចន្ទដដែល លោក ពូទីន បាននិយាយថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បង្កឡើងដោយ «ការវាយប្រហារភេរវកម្មប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល» ប៉ុន្តែបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជនស៊ីវិលដោយគ្មានការរើសអើង ទាំងដែលពួកគេគ្មានកន្លែងរត់ និងលាក់ខ្លួន៕