ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃរបបយោធាមីយ៉ាន់ម៉ា Global New Light of Myanmar បានផ្សព្វផ្សាយនៅថ្ងៃអង្គារថា រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសចិន លោក Wang Xiaohong បានជួបពិភាក្សាជាមួយរបបយោធាមីយ៉ាន់ម៉ាស្តីពីការបង្កើតសន្តិភាពនៅតាមព្រំដែនរួមគ្នារបស់ពួកគេ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលប្រយុទ្ធដើម្បីស្វ័យភាព និងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
តាមការផ្សាយរបស់ AFP មនុស្សរាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាបានជម្លៀសចេញ ដោយខ្លះបានឆ្លងចូលទៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមប្រដាប់អាវុធចំនួនបីដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពបានបើកការវាយប្រហារលើរបបយោធាដែលកំពុងស្វែងរកការកាន់កាប់ទីក្រុងនានា។
Global New Light of Myanmar បានរាយការណ៍ លោក Wang Xiaohong ដែលជាសមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិននិងជាក្រុមប្រឹក្សារដ្ឋផងដែរនោះ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក Yar Pyae នៅរដ្ឋធានីណៃពិដោរ (Naypyidaw)។
តាមសេចក្តីរាយការណ៍នោះ ភាគីប្រដាប់អាវុធនៃប្រទេសទាំងពិរ បានលើកឡើងថា៖«អ្នកទាំងពីរបានពិភាក្សាអំពីសន្តិភាព និងធ្វើយ៉ាងណាឱ្យមានភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ» និងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខ។
ចាប់តាំងពីថ្ងៃសុក្រមក ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងតភ្ជាប់ផ្លូវដែកដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានគ្រោងទុកជាផ្នែកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោក «ខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road)» របស់ទីក្រុងប៉េកាំង៕