ប៉ូលិសថៃនិយាយថា ពួកគេបានចាប់បានក្រុមឆបោកលើការវិនិយោគមាសតាមអ៊ីនធឺណិតតម្លៃ ១,២ ពាន់លានបាត (ជាង ៣៣ លានដុល្លារ) ដែលដំណើរការដោយជនជាតិចិន ៤ នាក់ និងបក្ខពួកថៃ ២២ នាក់។
យោងតាមសារព័ត៌មាន The Nation ក្រុមអ្នកស៊ើបអង្កេត CIB បានឆ្មក់ចូលទីតាំងចំនួន ២១ កន្លែងក្នុងទីក្រុងបាងកក និងខេត្តចំនួន ៧ ផ្សេងទៀត ដោយបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន ៥០ នាក់។ ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន ២៦ នាក់រួមនឹងទ្រព្យសម្បត្តិចំនួន ៣០,៩ លានបាត។
ប្រធានប្រតិបត្តិការ លោកវរសេនីយ៍ឯក Thirapas Yungyuen បាននិយាយថា ទីតាំងចំនួន ៨ ត្រូវបានរុករកឃើញនៅទីក្រុងបាងកក ៦ នៅតាក ២ នៅផាធុមថានី និង ១ កន្លែងនៅខេត្តសាមុតប្រាកាន ចន្ទបូរី ស៊ុរិន និងឆៃភូម។
ប៉ូលិសបានរឹបអូសគណនីរូបិយប័ណ្ណឌីជីថល Bitkub សរុបចំនួន ២៨ លានបាត និងសៀវភៅធនាគារចំនួន ២៣ ក្បាល។ ក្នុងអំឡុងពេលចុះឆ្មក់ឆែកឆេរនោះសមត្ថកិច្ចក៏រឹបអូសបានទូរស័ព្ទដៃ ២១ គ្រឿង ស៊ីមកាត ១៩ លុយ ១០ ម៉ឺនបាត និងកុំព្យូទ័រ ៨ គ្រឿង។
តាមសេចក្តីរាយការណ៍នោះ សមាជិកក្រុមឆបោកទាំងនោះបានប្រើប្រាស់ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «Aurora Gold Trading» ក្លែងក្លាយដើម្បីបោកប្រាស់សាធារណជនឱ្យចូលរួមវិនិយោគ ដោយការសន្យាទទួលបានអត្រាចំណេញខ្ពស់ពី ២០ ទៅ ៣០ ភាគរយ ប៉ុន្តែនៅពេលដែលជនរងគ្រោះបានរកឃើញថាពួកគេមិនអាចដកប្រាក់របស់ពួកគេបាន ក្រុមឆបោកទាំងនោះបានផ្តល់លេសជាច្រើនមុនពេលរារាំង (ប្លុក) អ្នកចូលរួមវិនិយោគនោះពីទំព័រហ្វេសប៊ុកដែលពួកគេកាន់កាប់។
លោក Col Thirapas បាននិយាយថា ជនរងគ្រោះជាច្រើនត្រូវបានបញ្ឆោតដោយការឆបោក។
លោកបន្តថា ក្រុមបោកប្រាស់បានធ្វើការជាប្រព័ន្ធ ដោយបែងចែកទទួលខុសត្រូវក្នុងការទិញ និងបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ បង្ហោះសារបោកប្រាស់ ជជែក និងបោកប្រាស់ជនរងគ្រោះ ទទួលការផ្ទេរប្រាក់ពីជនរងគ្រោះតាមរយៈគណនីបោកបញ្ឆោត និងលាងលុយកខ្វក់។
លោកបានបន្ថែមថា ថៅកែចិនបានជួលជនជាតិថៃឱ្យបើកក្រុមហ៊ុនតំណាងខ្លួនចំនួន៣ ដើម្បីជួយពួកគេក្នុងការលាងលុយកខ្វក់។
ក្រុមឆបោកបានប្រើប្រាស់គណនីធនាគារចំនួន ៣ ថ្នាក់ដែលជាកម្មសិទ្ធិរបស់ជនជាតិថៃ មុននឹងផ្ទេរប្រាក់ទៅគណនីដែលជាកម្មសិទ្ធិរបស់ថៅកែជនជាតិចិន ដែលបន្ទាប់មកនឹងសម្អាតសាច់ប្រាក់តាមវិធី ៣ យ៉ាង ដោយទី ១ ក្រុមឆបោក បានទិញទំនិញដូចជា ជី ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់រថយន្ត ហើយបានប្រើប្រាស់ក្រុមហ៊ុនដែលជ្រើសរើសដើម្បីនាំចេញទៅកាន់ប្រទេសឡាវ និងកម្ពុជា។
ពួកគេនឹងប្រើប្រាស់ក្រុមហ៊ុនមួយផ្សេងទៀតដើម្បីទិញរូបិយប័ណ្ណឌីជីថលតាមរយៈ Bitkub ដើម្បីទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ៕