ភាគីជម្លោះក្នុងតំបន់ហ្គាហ្សា និងប្រទេសមានឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យជនបរទេស និងអ្នកដែលមានរបួសធ្ងន់ចេញពីតំបន់ហ្គាហ្សាដែលហែកហួរដោយសារតែសង្គ្រាមអស់រយៈពេលជាង ៣ សប្តាហ៍។
ទីភ្នាក់ងារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានរាយការណ៍ដោយដកស្រង់ប្រភពមួយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន អាជ្ញាធរអ៊ីស្រាអែល និងអេហ្ស៊ីប ក្រោមការសម្របសម្រួលរបស់កាតា និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យជនបរទេស និងមនុស្សដែលរងរបួសយ៉ាងធ្ងន់ធ្ងរចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមប្រភពព័ត៌មាន កិច្ចព្រមព្រៀងនេះបញ្ជាក់ថា អ្នកកាន់លិខិតឆ្លងដែនបរទេស និងអ្នករបួសធ្ងន់ធ្ងរនឹងអាចធ្វើដំណើរឆ្លងកាត់ព្រំដែន Rafah រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សា។
យោងតាមសារព័ត៌មានបារាំង AFP ក្រោយពេលមានកិច្ចព្រមព្រៀងនោះភ្លាម រថយន្តដែលត្រៀមដឹកជនបរទេសចេញពីតំបន់ហ្គាហ្សា បានចាប់ផ្តើមដឹកជញ្ជូនជនបរទេសតាមច្រកប្រទេសអេហ្ស៊ីបចាប់ពីថ្ងៃទី ១ ខែវិច្ឆិកានេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កិច្ចព្រមព្រៀងនេះមិនពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាក្នុងរបៀបវារៈនៃការចរចា ដូចជាការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់ និងការណែនាំអំពីការផ្អាកសង្គ្រាមដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ ដើម្បីបន្ធូរបន្ថយស្ថានភាពមនុស្សធម៌ដ៏សែនអាក្រក់នោះទេ។
ក្រោយកិច្ចព្រមព្រៀងនោះក្រុមហាម៉ាស់បានចេញផ្សាយបញ្ជីមនុស្សដែលនឹងអាចចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប តាមច្រកព្រំដែនរ៉ាហ្វា ដែលចាប់ផ្តើមនៅថ្ងៃពុធ។
សរុបនៅក្នុងបញ្ជីនោះមនុស្សយ៉ាងហោចណាស់ ៤៣០ នាក់ ស្ថិតនៅក្នុងបញ្ជីដែលត្រូវអនុញ្ញាតឱ្យចាកចេញ។ ពួកគេរួមមានពលរដ្ឋអូស្ត្រាលី អូទ្រីស ប៊ុលហ្គារី សាធារណរដ្ឋឆេក ហ្វាំងឡង់ ឥណ្ឌូនេស៊ី ជប៉ុន និងហ្ស៊កដានី។
ប្រជាជនប៉ាឡេស្ទីនដែលមានសញ្ជាតិ ២ បុគ្គលិកនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងអង្គការក្រៅរដ្ឋាភិបាល មួយចំនួនក៏នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នេះផងដែរ។
តំបន់ហ្គាហ្សាស្ទ្រីបបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមចាប់តាំងពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីក្រុមហាម៉ាស់ប៉ាឡេស្ទីនកាន់កាប់តំបន់នេះ វាយចូលអ៊ីស្រាអែល ដែលប្រកាសសង្គ្រាមតែម្តង៕