តើក្រុមឧទ្ទាម Houthis ជានរណា ហើយហេតុអ្វីបានជាពួកគេចូលរួមវាយលុកអ៊ីស្រាអែល?
ក្រុមឧទ្ទាម Houthis បានចូលរួមជាមួយក្រុមហាម៉ាស់ ដើម្បីវាយលុកអ៊ីស្រាអែល ខណៈដែលចម្ងាយ ពីរាជធានី Sanaa របស់ពួកគេ ទៅកាន់អ៊ីស្រាអែលមានរហូតទៅដល់ ១ ពាន់ម៉ាយ (១ ៦០០ គីឡូម៉ែត្រ)។
ក្រុមឧទ្ទាមនេះបានប្រកាសកាលពីថ្ងៃទី ៣១ខែតុលាថា ពួកគេបានបញ្ចេញយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលផ្លោងទៅកាន់អ៊ីស្រាអែល ក្នុងការវាយប្រហារកាលពីថ្ងៃទី ២៨តុលា កន្លងទៅ។
នៅឆ្ងាយពីប្រទេសអ៊ីស្រាអែល ប៉ុន្តែបែរជាចូលរួមវាយប្រហារ ដូច្នេះតើអ្វីជាមូលហេតុនៅពីក្រោយ ខ្នង?
នៅចុងទសវត្សឆ្នាំ ១៩៩០ ក្រុម Houthis ដែលរស់នៅភាគខាងជើងនៃប្រទេសយេម៉ែន បានបង្កើតចលនាសាសនានិកាយថ្មី ដែលមានឈ្មោះថា Zaydi ដែលបំបែកចេញពីសាសនាឥស្លាម Shi''ite ។ ឥស្លាម Shi''ite នេះគឺជានិកាយដែលធំជាងគេទី២ បន្ទាប់ពីនិកាយ Sunni។
ក្រោយបង្កើតចលនាសាសនាថ្មីនេះ ក្រុម Houthis បានប៉ះទង្កិចយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលយេម៉ែន ដែលកាន់និកាយ Sunni ហើយបានបណ្ដាលឱ្យមានសង្គ្រាមរយៈពេលខ្លីមួយផងដែរ។ មិនត្រឹមតែ ប៉ុណ្ណោះ ក្រុម Houthis ក៏ត្រូវប្រឈមជាមួយកងទ័ពអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាប់ព្រំដែន និងដែលជាប្រទេសកាន់និកាយ Sunni ដែរ។
សង្គ្រាមធំមួយទៀត បានចាប់ផ្តើមនៅចុងឆ្នាំ ២០១៤ នៅពេលដែលទីក្រុង Sanaa របស់យេម៉ែនត្រូវបានរឹបអូសដោយពួក Houthis ។ ដោយព្រួយបារម្ភពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់និកាយ Shi''ite នៅតាមព្រំដែនរបស់ខ្លួន អារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ដើម្បីប្រឆាំងតបតនឹងក្រុម Houthis ។
ពួក Houthis បានកាន់កាប់ភាគខាងជើងទីក្រុងយេម៉ែន និងទីក្រុងដែលមានប្រជាជនរស់នៅច្រើនផ្សេងទៀត ខណៈដែលរដ្ឋាភិបាលស្របច្បាប់របស់យេម៉ែនមានមូលដ្ឋាននៅទីក្រុង Aden (ភាគខាងត្បូងនៃប្រទេសយេម៉ែន)។
ក្រោយសង្គ្រាមសាសនា និងសង្គ្រាមដណ្ដើមទឹកដីនេះបានបញ្ចប់ ប្រទេសយេម៉ែនបានស្គាល់ភាពស្ងប់ស្ងាត់ជាងមួយឆ្នាំ ចំពេលមានការជំរុញសន្តិភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិ។
ប៉ុន្តែយ៉ាងណា ការវាយប្រហាររបស់ក្រុម Houthis លើអ៊ីស្រាអែលនាពេលថ្មីៗនេះ បានបង្កើនភាព តានតឹងជាមួយអារ៉ាប៊ីសាអូឌីតកាន់តែខ្លាំង។
អ្នកនាំពាក្យរបស់ក្រុមឧទ្ទាម Houthis គឺលោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា ក្រុមនេះបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកមួយចំនួនធំឆ្ពោះទៅរកអ៊ីស្រាអែល កាលពីថ្ងៃទី ៣១ ខែតុលា ថ្មីៗនេះហើយនឹងមានការវាយប្រហារបែបនេះបន្តទៀតដើម្បីជួយប៉ាឡេស្ទីនឱ្យទទួលបានជ័យជំនះ។
លោក Saree បាននិយាយថា មានការវាយប្រហាររបស់ក្រុមឧទ្ទាម Houthis ចំនួនបីផ្សេងគ្នាទៅលើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក។ ដែលនេះប្រៀបដូចជាការសារភាពថា ពួកគេជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារ យន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី ២៨ ខែតុលា។
ជាការតតាំងដើម្បីជួយប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល ក្រុមឧទ្ទាម Houthis ទទួលបានគាំទ្រពីអ៊ីរ៉ង់ (អ្នកកាន់សាសនាឥស្លាម និកាយ Shi''ite ) និងបានប្រមូលផ្តុំគ្នា ចាប់តាំងពីក្រុមហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលមកម្ល៉េះ។
ក្រុមឧទ្ទាម Houthis នេះមានពាក្យស្លោករបស់គេគឺ «Death to America, Death to Israel, curse the Jews and victory to Islam« ដែលមានន័យចងគំនុំជាមួយលោកសេរី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល និង អារ៉ាប៊ីសាអូឌីត។
យ៉ាងណាមិញ ក្រុម Houthis ធ្លាប់បានបង្ហាញសមត្ថភាពមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងអំឡុងពេលសង្គ្រាមយេម៉ែន ដោយវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរាត់អារ៉ាប់រួម ដោយផ្តោតលើទីតាំងស្តុងប្រេង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់។
ក្រុមប្រទេសកាន់សាសនាឥស្លាម និកាយ Sunni និងដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយ អារ៉ាប៊ីសាអូឌីត បានចោទប្រកាន់អ៊ីរ៉ង់ពីការផ្ដល់ជំនួយសព្វាវុធ និងផ្ដល់ការហ្វឹកហ្វឺនដល់ក្រុម ឧទ្ទាម Houthis ប៉ុន្តែក្រុមនេះបានបដិសេធថាខ្លួនមិនបានទទួលជំនួយពីប្រទេសណានោះទេ ហើយថាពួកគេជាអ្នកបង្កើតអាវុធដោយខ្លួនឯង៕