រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីនកែន (Antony Blinken) បាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតកំពុងសម្លឹងមើល ការផ្លាស់ប្តូរមួយដែលអាចកើតមានឡើងសម្រាប់អនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលកាន់កាប់ដោយក្រុមហាម៉ាស់ ប្រសិនបើពួកសកម្មប្រយុទ្ធហាម៉ាស់ត្រូវបានកម្ចាត់ចោលដោយកងទ័ពអ៊ីស្រាអែល។
លោក ប្លីនកែន បានប្រាប់គណៈកម្មាធិការអនុម័តរបស់ព្រឹទ្ធសភាឱ្យស្តាប់ស្ថានភាពនៃក្រុមហាម៉ាស់អ៊ីស្លាមប៉ាឡេស្ទីន ដែលមិនអាចឱ្យបន្តទទួលបន្ទុកចំពោះតំបន់ដែលមានប្រជាជនច្រើនបែបនេះទៀតឡើយ និងថាអ៊ីស្រាអែលក៏មិនចង់គ្រប់គ្រងតំបន់ហ្គាហ្សាដែរ។
លោក ប្លីនកែន បាននិយាយថា អ្វីដែលស័ក្តិសមបំផុតនោះគឺការមាន អាជ្ញាធរប៉ាឡេស្ទីនដែលសកម្មនិងមានប្រសិទ្ធភាពដើម្បីធានាថាអាចគ្រប់គ្រងលើតំបន់ហ្គាហ្សាបាន ប៉ុន្តែសំណួរត្រង់ថាវាអាចសម្រេចបានតាមរបៀបណា។
លោក ប្លីនកែន បន្តថា៖«ប្រសិនក្នុងករណីអាជ្ញាធរប៉ាឡេស្ទីនមិនអាចធ្វើទៅបាន ការរៀបចំ ឬគ្រប់គ្រងបណ្តោះអាសន្នអាចនឹងត្រូវពាក់ព័ន្ធជាមួយនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ ហើយវាក៏អាចពាក់ព័ន្ធរហូតទៅដល់ទីភ្នាក់ងារអន្តរជាតិដែលនឹងត្រូវជួយទាំងផ្នែកសន្តិសុខនិងអភិបាលកិច្ច»។
ទោះយ៉ាងណាក្តីមកទល់ពេលនេះផែនការគ្រប់គ្រងតំបន់ហ្គាហ្សាដែលសហរដ្ឋអាមេរិកកំពុងចចារជាមួយអ៊ីស្រាអែលក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ ក្នុងករណីអ៊ីស្រាអែលឈ្នះលើសមរភូមិនោះមិនទាន់មានផែនការច្បាស់លាស់លេចចេញជារូបរាងនៅឡើយទេ។
ក្នុងចំណោមជម្រើសមួយចំនួន សារព័ត៌មាន Bloomberg បានរាយការណ៍ ការដាក់កងកម្លាំងចម្រុះជាតិសាសន៍ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ជាបណ្តោះអាសន្នគឺជាលទ្ធភាពអាចទៅរួចក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា។
នៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្សជាង ១ពាន់ ៤រយនាក់មកហើយគិតត្រឹមពេលនេះ ពោលគឺជាការវាយប្រហារដ៏អាក្រក់បំផុតមួយ ដោយអ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ចាត់ក្រុមហាម៉ាស់ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា។
ស្របពេលជាមួយគ្នានេះដែរអង្គការសហប្រជាជាតិនិងអង្គការផ្តល់ជំនួយផ្សេងៗទៀតបាននិយាយថា ជនស៊ីវិលដែលគ្មានកំហុសនៅតំបន់ហ្គាហ្សាកំពុងស្ថិតក្នុងមហន្តរាយសុខភាពសាធារណៈ ដោយមន្ទីរពេទ្យពិបាកក្នុងការព្យាបាលជនរងគ្រោះហើយសូម្បីតែអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ថែមទៀត៕