បណ្ដាប្រទេសលោកខាងលិចរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងចិន បានព្រមព្រៀងគ្នាថា បញ្ញាសិប្បនិមិត្ត (AI) បង្កហានិភ័យជាមហន្តរាយដល់មនុស្សជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ហ្គាដឌៀន។
រដ្ឋាភិបាលសរុបចំនួន ២៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដែលគេហៅថា «សេចក្តីប្រកាសក្រុង Bletchley» នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលសុវត្ថិភាព AI ដែលរៀបចំដោយរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃពុធ។ បណ្តាប្រទេសទាំងអស់ បានយល់ព្រមធ្វើការរួមគ្នាលើការស្រាវជ្រាវសុវត្ថិភាព AI សូម្បីតែចំពេលមានសញ្ញាថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងប្រកួតប្រជែងគ្នាដើម្បីនាំមុខលើការបង្កើតបទប្បញ្ញត្តិថ្មី។
សេចក្ដីប្រកាសចែងថា៖«យើងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិរហូតមកដល់ពេលនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើ AI ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចរួមបញ្ចូលការអភិវឌ្ឍប្រកបដោយចីរភាព និងការច្នៃប្រឌិត ដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងដើម្បីលើកកម្ពស់ទំនុកចិត្តសាធារណជនលើប្រព័ន្ធ AI ដើម្បីដឹងពីសក្តានុពលរបស់វាយ៉ាងពេញលេញ»។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានស្វាគមន៍សេចក្ដីប្រកាសនេះ ដោយលើកឡើងថា វាសម្រេចបានមិនគួរឱ្យជឿ។
លោកថ្លែងថា៖ «វានឹងគ្មានអ្វីផ្លាស់ប្តូរសម្រាប់អនាគតកូនៗ និងចៅៗរបស់យើង ជាងការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូចជា AI នោះទេ»។ លោកបន្ថែមថា សេចក្ដីប្រកាសចុងក្រោយនឹង ធានាថា AI នឹងអភិវឌ្ឍន៍ក្នុងវិធីសុវត្ថិភាព និងដោយទទួលខុសត្រូវ ដោយចាប់យកហានិភ័យដែលវាបង្កឡើងឱ្យឆាប់។
ចំណែកឯ លោកស្រី Michelle Donelan លេខាធិការបច្ចេកវិជ្ជារបស់ចក្រភពអង់គ្លេស បានប្រាប់អ្នកយកព័ត៌មានថា៖ «ជាលើកដំបូងហើយ ដែលមានប្រទេសផ្សេងទៀតស្របគ្នាថា យើងត្រូវការឃ្លាំមើលហានិភ័យជុំវិញព្រំដែន AI រួមគ្នា»។
ព្រំដែន AI ( Frontier AIs) សំដៅទៅលើប្រព័ន្ធទំនើបបំផុតរបស់ម៉ូដែល AI ដែលមានសមត្ថភាពខ្ពស់ អាចបំពេញភារកិច្ចជាច្រើន និងពូកែស្មើគ្នា ឬលើសពីសមត្ថភាពដែលមាននៅក្នុងម៉ូដែល AI ទំនើបបំផុតនាពេលបច្ចុប្បន្ននេះ។
គេមើលឃើញថា សេចក្តីប្រកាសនេះគឺជាជោគជ័យផ្នែកការទូតសម្រាប់ចក្រភពអង់គ្លេស និងជាពិសេសសម្រាប់លោក ស៊ូណាក់ ដែលសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅរដូវក្តៅនេះ បន្ទាប់ពីមានការព្រួយបារម្ភអំពីវិធីដែលម៉ូដែល AI កំពុងរីកចម្រើនយ៉ាងឆាប់រហ័សដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន លោក Wu Zhaohui បានប្រាប់ប្រតិភូរួមកាលពីថ្ងៃពុធថា៖ «យើងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា សមភាព និងផលប្រយោជន៍ទៅវិញទៅមក។ គ្រប់ប្រទេសទាំងអស់ ដោយមិនគិតពីទំហំ ឬវិសាលភាពរបស់ពួកគេ មានសិទ្ធិស្មើគ្នាក្នុងការអភិវឌ្ឍនិងប្រើប្រាស់ AI»។
មន្ត្រីអង់គ្លេសមួយចំនួនបានសង្ឃឹមថា ប្រទេសផ្សេងទៀត នឹងយល់ព្រមពង្រឹងក្រុមការងារ AI របស់រដ្ឋាភិបាល ដើម្បីធ្វើតេស្តលើម៉ូដែលថ្មីពីជុំវិញពិភពលោក មុនពេលដាក់ចេញប្រើវាជាសាធារណៈ៕