រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក នីហ្ស៊ីមូរ៉ា យ៉ាសូតូហ្ស៊ី (Nishimura Yasutoshi) បានជំរុញវៀតណាមឱ្យធ្វើជាដៃគូលើការផលិតបន្ទះឈីប ឬឧបករណ៍ពាក់កណ្ដាលចម្លង (Semiconductor) ការស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត និងការរុករ៉ែកម្រជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VnExpress កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក យ៉ាសូតូហ្ស៊ី បានដាក់សំណើទាំងនេះទៅកាន់នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ (Pham Minh Chinh) ពេលមន្រ្តីទាំង២បានជួបប្រជុំគ្នានៅទីក្រុងហាណូយកាលពីថ្ងៃសុក្រ ដោយបន្ថែមថា ស្ថាប័នរដ្ឋាភិបាលជប៉ុននឹងសហការជាមួយសមភាគីវៀតណាម តាមរយៈក្រុមការងារដើម្បីបង្កើនភាពជាដៃគូ ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។
នាយករដ្ឋមន្ត្រីបានសរសើរគំនិតបង្កើតក្រុមការងារ ដើម្បីពន្លឿនភាពជាដៃគូក្នុងគម្រោងជាក់លាក់ ដោយបន្ថែមថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនជប៉ុនចូលមកបណ្តាក់ទុនក្នុងប្រទេស។ លោកបានស្នើឲ្យជប៉ុន អនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងសង្វាក់ផ្គត់ផ្គង់។
ខណៈវៀតណាមចង់ក្លាយជាប្រទេសអភិវឌ្ឍន៍មានប្រាក់ចំណូលខ្ពស់សម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០៤៥លោក ឈិញ បានស្នើសុំជំនួយពីប្រទេសជប៉ុន ដើម្បីធ្វើការកសាងឆ្ពោះទៅកាន់គោលដៅមួយនេះ។ ជាមួយគ្នាផងដែរ លោកចង់ឱ្យជប៉ុនផ្តល់ប្រាក់កម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវរថភ្លើងល្បឿនលឿនជាដើម។
កាលពីខែឧសភា ប្រទេសវៀតណាម និងជប៉ុនបានចុះហត្ថលេខាលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៣ ដែលមានតម្លៃរួមចំនួន ៥០០ លានដុល្លារ។ បើតាម VnEpressប្រទេសជប៉ុនគឺជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតដល់ប្រទេសវៀតណាម ដោយបានផ្តល់ប្រាក់កម្ចីប្រហែល ២១,៦ ប៊ីលានដុល្លារក្នុងកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ ជំនួយដែលមិនអាចដកវិញបាន និងជំនួយបច្ចេកទេសដល់ប្រទេសនេះ ចាប់តាំងពីឆ្នាំ ១៩៩២ មក៕