ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលកូរ៉េខាងជើងបានអបអរសាទរគម្រប់ខួប ១ ឆ្នាំនៃការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 កាលពីឆ្នាំមុន ដោយកំណត់យកថ្ងៃបាញ់សាកល្បងនោះធ្វើជាថ្ងៃបុណ្យជាតិ សម្រាប់ឈប់សម្រាកតែម្តង។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្ងៃឈប់សម្រាកថ្មីមានឈ្មោះថា «ទិវាឧស្សាហកម្មមីស៊ីល» និងត្រូវបានកំណត់ឡើងក្នុងកិច្ចប្រជុំនៃគណៈប្រធាននៃសភាប្រជាជនកំពូល ដោយ KCNA ចុះផ្សាយថា ថ្ងៃកំណត់នោះ «គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរដ៏ពិសិដ្ឋរបស់យើង លើការអភិវឌ្ឍន៍វិស័យការពារជាតិ»។
កូរ៉េខាងជើងបានបាញ់សាកល្បងជាលើកដំបូងនូវមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ដែលអ្នកវិភាគឱ្យឈ្មោះថា «មីស៊ីលបិសាច» នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានបន្តថា ក្នុងការបាញ់សាកល្បងកាលពីលើកនោះ កូរ៉េខាងជើងបានបង្ហាញដល់ពិភពលោក «នូវភាពរុងរឿងនៃមហាអំណាចនុយក្លេអ៊ែរលំដាប់ពិភពលោក» និងថាខ្លួនជាប្រទេសដែលមានមីស៊ីលផ្លោងអន្តរទ្វីបដ៏ខ្លាំងបំផុត។
គេមើលឃើញថា កូរ៉េខាងជើងតែងតែធ្វើតេស្តអាវុធសំខាន់ៗនៅថ្ងៃឈប់សម្រាកសំខាន់ៗ ហើយទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនេះស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាលើកទី៣ ក្រោយបរាជ័យ២លើករួចមក។
រាប់តាំងពីឆ្នាំមុនមក កូរ៉េខាងជើងបានបង្កើនការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន ក្នុងកំណត់ត្រាដ៏ញឹកញាប់ និងច្រើន ដោយរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ និងទណ្ឌកម្មផ្សេងៗទៀត ដែលធ្វើឱ្យមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់ និងក្ដីបារម្ភជុំវិញថាប្រទេសនេះអាចចាប់ផ្ដើមសាកល្បងគ្រាប់នុយក្លេអ៊ែរវិញ៕