សម្ព័ន្ធត្រីភាគីដែលប្រឈមខ្លាំងជាមួយកូរ៉េខាងជើង បានព្រមព្រៀងគ្នាបង្កើតក្រុមពិសេសពិគ្រោះយោបល់កម្រិតខ្ពស់បំផុតលើការងារបច្ចេកវិទ្យា ដែលនឹងតាមឃ្លាំមើលសកម្មភាពតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងដែលរងការចោទថា បានបង្កើនសកម្មភាពលួចលុយដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ។
កូរ៉េខាងជើង ទើបបានដាក់បាវចនារជាប្រទេសមានអាវុធនុយក្លេអ៊ែរទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្រោយពី ប្រធានាធិបតី គីម ជុងអ៊ុន ទៅទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីកាលពីខែកញ្ញា។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា សម្ព័ន្ធភាពត្រីភាគីដែលរួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាបង្កើតក្រុមពិគ្រោះយោបល់កម្រិតខ្ពស់មួយ លើការប្រឆាំងនឹងសកម្មភាពអ៊ីនធឺណេតរបស់កូរ៉េខាងជើង ដែលពួកគេនិយាយថា ផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធខុសច្បាប់របស់ខ្លួន។
លោកស្រី Anne Neuberger អនុប្រធានទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកសម្រាប់បច្ចេកវិទ្យាអ៊ីនធឺណេត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុននៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។ នៅក្នុងកិច្ចប្រជុំនោះ ពួកគេបានយល់ព្រមរៀបចំកិច្ចប្រជុំប្រចាំត្រីមាសក្រោមក្របខណ្ឌថ្មីនេះ។
តាមរយៈសេចក្តីថ្លែងការណ៍មួយក្រោយការប្រជុំ ការិយាល័យប្រធានាធិបតី បាននិយាយថា៖«វាមានគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសទាំងបីប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិតជាសកល រួមទាំងការរួមគ្នាប្រឆាំងនឹងសកម្មភាពអ៊ីនធឺណេតរបស់កូរ៉េខាងជើងដែលត្រូវបានរំលោភបំពានជាប្រភពសំខាន់ដែលផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និង WMD របស់ខ្លួន»។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបីបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលកាលពីខែសីហាថា ពួកគេនឹងបង្កើតក្រុមការងារត្រីភាគីថ្មីមួយសម្រាប់ការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង។
អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មបានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថាបានប្រើប្រាស់ការវាយប្រហារតាមអ៊ីនធឺណិតដើម្បីប្រមូលមូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយរបាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងជើងបានបង្កើនការលួចលុយឌីជីថលរបស់ខ្លួននៅឆ្នាំ២០២២ ដោយប្រើបច្ចេកទេសទំនើបដើម្បីលួចក្នុងឆ្នាំ២០២២ ច្រើនជាងឆ្នាំដទៃទៀត។
កូរ៉េខាងជើងបានបដិសេធការចោទប្រកាន់ពីការលួចចូល ឬការវាយប្រហារតាមអ៊ីនធឺណិតផ្សេងទៀត៕