មន្រ្តីការទូតចិននិយាយពីថ្ងៃចន្ទ ទី ៦ ខែវិច្ឆិកាថា មីយ៉ាន់ម៉ាគួរតែសហការជាមួយចិន ដើម្បីរក្សាស្ថិរភាពនៅតាមព្រំដែនរួមនៃប្រទេសទាំង ២ ក្រោយយោធាមីយ៉ាន់ម៉ា បាញ់ធ្លោយគ្រាប់ចូលទឹកដីចិន បង្កការស្លាប់ និងរបួស ចំពេលដែលការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងរវាងកងកម្លាំងយោធា និងក្រុមបះបោរ។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ។
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong បានយ៉ាងដូច្នេះថា៖ «ចិន អំពាវនាវឱ្យមីយ៉ាន់ម៉ាចូលរួមសហការគ្នា ដើម្បីរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា ធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់អ្នករស់នៅតាមព្រំដែនចិន ដោយស្មោះ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខរបស់កងកម្លាំងចិន»។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនទាន់ចេញប្រតិកម្មយ៉ាងណានោះទេ។
នៅសប្តាហ៍មុន ក្រុមយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងព្យាយាមស្តារសណ្តាប់ធ្នាប់ នៅជិតព្រំដែន បន្ទាប់ពីសម្ព័ន្ធមិត្តនៃកងទ័ពជនជាតិភាគតិច បានបើកការ-វាយប្រហារជាបន្តបន្ទាប់ទៅលើគោល-ដៅរបស់រដ្ឋាភិបាលយោធា។
ប៉ុន្តែសារព័ត៌មាន Asia Times បានរាយការណ៍ថាយោធាមីយ៉ាន់ម៉ាបានបាញ់ធ្លោយគ្រាប់ហួសគោលដៅ ចូលទៅក្នុងព្រំដែនចិនកាលពីថ្ងៃសៅរ៍ ដោយបណ្ដាលឱ្យពលរដ្ឋចិនម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។
លោក Nong ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៣-៥ ខែវិច្ឆិកា បាននិយាយថា ប្រទេសចិនសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងស្តារស្ថិរភាពឡើងវិញ ហើយខ្លួនបានគាំទ្រភាគីទាំងអស់ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងសម្រេចបាននូវការផ្សះផ្សាតាមរយៈការសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។ រដ្ឋប្រ-ហារបានបង្កើតក្រុមបះបោរគាំទ្រលទ្ធិ- ប្រជាធិបតេយ្យ ដែលបានរួមសហការគ្នាជាមួយក្រុមទ័ពព្រៃជនជាតិភាគតិច ធ្វើការតស៊ូប្រឆាំងរដ្ឋាភិបាលយោធា។
ខណៈរដ្ឋាភិបាលលោកខាងលិចថ្កោល-ទោសយោធាមីយ៉ានម៉ា និងដាក់ទណ្ឌកម្មលើប្រទេសនេះ ចិនរួមជាមួយនឹងរុស្ស៊ី បានបង្ហាញការគាំទ្ររបស់ខ្លួនតាមរយៈសកម្មភាពផ្សេងៗ រួមទាំងការផ្គត់ផ្គង់អាវុធ។ ចិន ថា ខ្លួនគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវរបស់ខ្លួន ហើយបានជំរុញសហគមន៍អន្តរជាតិឱ្យគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ៕