មេដឹកនាំម៉ាឡេស៊ីបាននិយាយនៅថ្ងៃអង្គារទី ៧ ខែវិច្ឆិកា ថា រដ្ឋាភិបាលនឹងមិនទទួលស្គាល់លើទណ្ឌកម្មឯកតោភាគីពីប្រទេសណាមួយ រួមទាំងសហរដ្ឋអាមេរិក ដែលប្រឆាំងនឹងក្រុមអ្នកគាំទ្រអន្តរជាតិចំពោះក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធកំពុងធ្វើប្រតិបត្តិការនៅប៉ាឡេស្ទីនផ្សេងទៀតនោះឡើយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយពេលថ្លែងសុន្ទរកថាមួយ ក្នុងសភាម៉ាឡេស៊ី ថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែប្រកាន់គោលជំហរគាំទ្រក្រុមហាម៉ាស់យ៉ាងរឹងមាំ ហើយនឹងមិនចាត់ទុកក្រុមនេះថាជា «ក្រុមភេរវករ»ឡើយ។
លោកបន្តយ៉ាងដូច្នេះថា៖«យើងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីណាមួយដែលអនុម័តដោយសហរដ្ឋអាមេរិក ឬប្រទេសណាមួយទេ។ យើងទទួលស្គាល់តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលជាក្រុមពហុភាគីប៉ុណ្ណោះ»។
ការសម្ដែងការប្រឆាំងបែបនេះ ធ្វើឡើងបន្ទាប់ពីសភាតំណាងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានអនុម័តច្បាប់ប្រឆាំងការផ្ដល់ហិរញ្ញប្បទានអន្តរជាតិទៅហាម៉ាស់ ដែលមានគោលបំណងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានអន្តរជាតិដល់ក្រុមសកម្មប្រយុទ្ធមួយនេះ។ នាពេលនេះ ច្បាប់ដដែល ត្រូវរង់ចាំតែការបោះឆ្នោតអនុម័តពីព្រឹទ្ធសភាអាមេរិកទៀតប៉ុណ្ណោះ។
លោក អាន់វ៉ា បាននិយាយថា រដ្ឋាភិបាល របស់លោកកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍លើការអនុម័តច្បាប់នេះ ដោយបន្ថែមថា វាអាចប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី ប្រសិនបើ រដ្ឋបាលរដ្ឋាភិបាលអាមេរិកកំណត់ម៉ាឡេស៊ី ថាជាប្រទេសផ្តល់ជំនួយជាសម្ភារដល់ក្រុមហាម៉ាស់ ឬក្រុមជីហាដអ៊ិស្លាមប៉ាឡេស្ទីន។
លោក អាន់វ៉ា បានលើកឡើងជាលាយលក្ខណ៍អក្សរទៅកាន់សភាម៉ាឡេស៊ីនៅថ្ងៃអង្គារថា៖«ទណ្ឌកម្មណាមួយប្រឆាំងនឹងម៉ាឡេស៊ី ក៏អាចប៉ះពាល់ដល់ការវាយតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាមេរិកចំពោះម៉ាឡេស៊ី ក៏ដូចជាប៉ះពាល់ដល់ឱកាសវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ»។
លោក អាន់វ៉ា បានបន្ថែមថា ច្បាប់របស់អាមេរិកដដែល នឹងមិនមានឥទ្ធិពលលើជំហរ ឬគោលនយោបាយរបស់ម៉ាឡេស៊ីនោះទេ ខណៈថា មេដឹកនាំជាច្រើនមកពីប្រទេសអ៊ិស្លាមផ្សេងទៀតបានប្រកាសជំហរដូចនឹងម៉ាឡេស៊ីដែរ។
ម៉ាឡេស៊ី ដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ិស្លាមជាប្រទេសគាំទ្របុព្វហេតុរបស់ប៉ាឡេស្ទីន និងបានតស៊ូមតិសម្រាប់សេចក្ដីសម្រេចបង្កើតរដ្ឋ២ ចំពោះជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ម៉ាឡេស៊ីមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលនោះទេ។
មេដឹកនាំក្រុមហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន នាពេលកន្លងមក តែងតែធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី និងបានជួបជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ដើម្បីទទួលបានជំនួយសម្រាប់គោលបំណងតស៊ូរបស់ខ្លួន។
ថ្មីនេះៗ លោក អាន់វ៉ា បានច្រានចោលការដាក់សម្ពាធរបស់លោកខាងលិច ឱ្យប្រទេសរបស់ខ្លួនថ្កោលទោសក្រុមហាម៉ាស់ ហើយបាននិយាយថា សហរដ្ឋអាមេរិកបានបង្កើនការព្រួយបារម្ភដាក់ម៉ាឡេស៊ីទាក់ទងនឹងជំហរចំពោះប៉ាឡេស្ទីន។
ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ប្រទេសជាច្រើន និងសហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ ដើម្បីបញ្ចៀសការស្លាប់របស់ជនស៊ីវិល ប៉ុន្តែអ៊ីស្រាអែលបដិសេធ៕