កូរ៉េខាងត្បូងនៅថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ បាននិយាយថា ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី ៣០ ខែវិច្ឆិកាដើម្បីមានលទ្ធភាពត្រួតពិនិត្យឱ្យកាន់តែប្រសើរឡើងទៅលើគូសត្រូវគឺកូរ៉េខាងជើង ដែលកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ផែនការរបស់កូរ៉េខាងត្បូងត្រូវបានលាតត្រដាងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបរាជ័យក្នុងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនជាលើកទី ៣ កាលពីខែតុលាដោយសារតែបញ្ហាបច្ចេកទេស។
បើតាមលោក Jeon Ha Gyu ជាអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថាផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួននឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក Vandenberg នៃរដ្ឋកាលីហ្វ័រនីញ៉ានៅដំណាច់ខែវិច្ឆិកានេះ។
ផ្កាយរណបនេះនឹងត្រូវដឹកជញ្ជូនដោយគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ហើយក្រោមកិច្ចសន្យារយៈពេលវែងជាមួយក្រុមហ៊ុនដដែលនេះកូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួន៤បន្ថែមទៀតនៅឆ្នាំ ២០២៥។ នេះបើយោងតាមរដ្ឋបាលកម្មវិធីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង។
បច្ចុប្បន្នកូរ៉េខាងត្បូងមិនមានផ្កាយរណបឈ្លបយកការណ៍យោធារបស់ខ្លួននោះទេ ដោយកន្លងមកយោធាកូរ៉េខាងត្បូងត្រូវពឹងផ្អែកលើផ្កាយរណបចារកម្មរបស់អាមេរិកដើម្បីតាមដានចលនារបស់កូរ៉េខាងជើង។
ការមានផ្កាយរណបចារកម្មរបស់ខ្លួនក្រោយការបាញ់បង្ហោះនៅចុងខែនេះនឹងអនុញ្ញាត្តឱ្យកូរ៉េខាងត្បូងមាននូវប្រព័ន្ធឃ្លាំមើលលម្ហអាកាសឯករាជ្យមួយដែលពួកគេអាចតាមដានប្រទេសកូរ៉េខាងជើងគ្រប់ពេលវេលា។
បើតាមលោក Lee Choon Geun អ្នកស្រាវជ្រាវកិត្តិយសនៅវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងបានឱ្យដឹងថា នៅពេលផ្កាយរណបចារកម្មដំណើរការរួមគ្នាជាមួយប្រព័ន្ធអ័ក្សបីរបស់កូរ៉េខាងត្បូង នោះប្រព័ន្ធការពាររួមរបស់កូរ៉េខាងត្បូងប្រឆាំងនឹងកូរ៉េខាងជើងនឹងកាន់តែរឹងមាំថែមទៀត។
លោក Lee បានឱ្យដឹងដែរថាកន្លងមកការពឹងផ្អែកលើផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិកផលិតរូបភាពដែលមានគុណភាពខ្ពស់ ប៉ុន្តែទោះយ៉ាងណាអ្វីៗត្រូវបានដំណើរការក្រោមគោលបំណងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក មិនមែនរបស់កូរ៉េខាងត្បូងនោះទេ ហើយពេលខ្លះសហរដ្ឋអាមេរិកក៏មិនបានចែករំលែករូបភាពទទួលបានពីផ្កាយរណបដែលពាក់ព័ន្ធនឹងព័ត៌មានរសើបខ្លាំងដល់កូរ៉េខាងត្បូងដែរ។
កូរ៉េខាងត្បូងដែលជាបងប្អូនគូសត្រូវរបស់កូរ៉េខាងជើងតែងបង្ហាញក្តីកង្វល់ខ្លាំងជុំវិញសន្តិសុខរបស់ខ្លួន ខណៈដែលកូរ៉េខាងជើងតែងតែធ្វើទំនើបកម្មកម្មវិធីអាវុធនិងបច្ចេកវិទ្យាយោធា តាមរយៈការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ និងការធ្វើតេស្តមីស៊ីលអន្តរទ្វីប៕