កាសែតរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានចុះផ្សាយកាលពីថ្ងៃអង្គារថា មីយ៉ាន់ម៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមយោធា កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាលើកដំបូងជាមួយរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តផ្គត់ផ្គង់អាវុធឱ្យរបបយោធាដ៏ធំ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
កាសែតដដែលចុះផ្សាយថា សមយុទ្ធសន្តិសុខដែនសមុទ្រជាមួយរុស្ស៊ី នឹងធ្វើរហូតដល់ថ្ងៃព្រហស្បតិ៍ និងកំពុងប្រព្រឹត្តទៅនៅចម្ងាយ ១៥៧ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Myeik ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV វិញ បានរាយការណ៍ថា នាវាកងទ័ពជើងទឹករុស្ស៊ីមួយចំនួន បានធ្វើដំណើរចេញពីទីក្រុងយ៉ាំងហ្គោន ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។
សមយុទ្ធរួមគ្នារយៈពេល៣ថ្ងៃដដែល នឹងចូលរួមដោយយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក ហើយផ្តោតលើការការពារប្រឆាំងនឹងការគំរាមកំហែងពីផ្លូវអាកាស សមុទ្រ និងដី ក៏ដូចជាវិធានការសន្តិសុខដែនសមុទ្រផ្សេងទៀត។
រុស្ស៊ីគឺជាអ្នកគាំទ្រ និងផ្គត់ផ្គង់អាវុធដ៏សំខាន់របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលឡើងកាន់អំណាចក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី។ កន្លងមក រុស្ស៊ីការពាររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅក្នុងវេទិកាអន្តរជាតិផ្សេងៗ ហើយជាថ្នូរទៅវិញ របបយោធាមីយ៉ាន់ម៉ាបានបង្ហាញគាំទ្រលើរបៀបវារៈគោលនយោបាយការបរទេសរបស់រុស្ស៊ី។
ក្រោយរដ្ឋប្រហារឆ្នាំ ២០២១ មីយ៉ាន់ម៉ាធ្លាក់ទៅក្នុងភាពចលាចលក្រោមការកាន់កាប់របស់ក្រោមយោធា និងមានការគាបសង្កត់យ៉ាងហិង្សាលើការតវ៉ាប្រឆាំងនឹងរបបយោធា ដែលនាំឱ្យមានការសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ក៏ដូចជាបង្កចលនាតស៊ូប្រដាប់អាវុធនៅតាមតំបន់ជាច្រើនក្នុងប្រទេស៕