រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថួនី ប្ល៊ីនកែន ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងសេអ៊ូល នៅថ្ងៃពុធទី ៨ខែវិច្ឆិកា ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ខណៈសម្ព័ន្ធមិត្តទាំង២ បង្កើនកិច្ចសហប្រតិបត្តិការប្រឈមនឹងកង្វល់ជុំវិញទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ នាពេលនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចអាស៊ីដ៏ទូលំទូលាយរបស់លោក ប្ល៊ីនកែន ដោយលោកនឹងចូលរួមកិច្ចជាមួយសមភាគីនៃក្រុមប្រទេសអ្នកមានទាំង៧ (G7) និងកិច្ចពិភាក្សាជាមួយមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ក៏ដូចជាធ្វើដំណើរទៅឥណ្ឌាបន្ទាប់ពីនោះ ចំពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងបន្ត។
ដំណើរទស្សនកិច្ចនេះផងដែរ ក៏ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមជាមួយនឹងប្រទេសជប៉ុន បានថ្កោលទោស និងចោទប្រកាន់ថា កូរ៉េខាងជើងផ្គត់ផ្គង់អាវុធ និងសម្ភារៈយោធាដល់ប្រទេសរុស្ស៊ី ដើម្បីយកទៅប្រើនៅអ៊ុយក្រែន។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ចាត់ទុកការពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ី ថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជាថ្នូរឱ្យរុស្ស៊ី ជួយខ្លួនក្នុងការពង្រឹងសមត្ថភាពយោធាយុទ្ធសាស្រ្តរបស់ខ្លួន។
កន្លងមក កូរ៉េខាងជើងបានបរាជ័យលើការបាញ់បង្ហោះផ្កាយរណបចារកម្មដល់ទៅ ២ លើក ប៉ុន្តែទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មដដែលជាលោកទី៣ ហើយមានលទ្ធភាពនៃការជោគជ័យខ្ពស់ ដោយសារជំនួយបច្ចេកទេសពីប្រទេសរុស្ស៊ី។
ក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ បានបដិសេធពីការផ្គត់ផ្គង់សព្វាវុធ ខណៈមេដឹកនាំនៃប្រទេស២ បានសន្យាកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធក្នុងជំនួបនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីកាលពីខែកញ្ញា៕