អង្គការសហប្រជាជាតិបានចាត់ទុក សង្គ្រាមនៅតំបន់ហ្គាហ្សា ជាមហន្តរាយខ្លាំងបំផុតមិនធ្លាប់មានចំពោះបុគ្គលិករបស់អង្គការសហប្រជាជាតិដែលបំពេញតួនាទីជាភ្នាក់មនុស្សធម៌។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយកាលពីដើមសប្តាហ៍ថា បុគ្គលិកចំនួន ៨៩ នាក់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថា UNRWA ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងមួយខែនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ប្រទេសអ៊ីស្រាអែល បានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើតំបន់ហ្គាហ្សាស្ទ្រីប ដោយចោទថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានវាយប្រហារអ៊ីស្រាអែល ដំបូងនៅថ្ងៃទី៧ ខែតុលា និងបានសម្លាប់ប្រជាជនអ៊ីស្រាអែល ជាង ២៤០ ក្នុងមួយថ្ងៃ និងក្រោយមកតួលេខស្លាប់ឈានដល់ជាង ១៤០០ នាក់ បានលាក់ខ្លួននៅតំបន់នោះ។
ជាការសងសឹកវិញ អីស្រាអែល ប្រកាសកម្ទេសតំបន់ហ្គាហ្សាដែលជាជម្រកលាក់ខ្លួនរបស់ក្រុមហាម៉ាស់ រួចក៏បង្កើនការទម្លាក់គ្រាប់បែក ការបាញ់ផ្លោង និងការប្រយុទ្ធតាមផ្លូវគោក។
លោក ហ្គុយតឺរ៉េស បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដោយបន្ថែមថា បុគ្គលិកជាច្រើននាក់ត្រូវបានសម្លាប់ជាមួយនឹងសមាជិកគ្រួសាររបស់ពួកគេ។
អង្គការសហប្រជាជាតិផ្តល់ការងារដល់ជនជាតិប៉ាឡេស្ទីនមួយចំនួនធំនៅតំបន់ហ្គាហ្សា ដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនដែលមានអាយុធ្វើការគឺគ្មានការងារធ្វើ។
កាលពីថ្ងៃអាទិត្យ មេដឹកនាំនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមមនុស្សធម៌ផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយនិយាយថា៖“គ្រប់គ្រាន់គឺគ្រប់គ្រាន់ហើយ។ នេះត្រូវតែបញ្ឈប់ឥឡូវនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍ ប្រមុខអង្គការសហប្រជាជាតិបានសម្តែងនូវ៖«ការភ្ញាក់ផ្អើល និងរន្ធត់» ចំពោះការបាត់បង់អាយុជីវិត និងបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនជាបន្ទាន់ក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស់នៅអ៊ីស្រាអែល កាលពីខែតុលា។
UN បានកត់សម្គាល់ថា៖«ការវាយប្រហារជាង១០០ទីតាំង ប្រឆាំងនឹងការថែទាំសុខភាព»ត្រូវបានរាយការណ៍ ហើយថា «បុគ្គលិកជំនួយជាច្រើននាក់» ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារ និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះក៏ធ្លាប់មានទំនាស់ពាក្យសម្តីធ្ងន់ធ្ងរជាមួយភាគីអ៊ីស្រាអែល ដែលអំពាវនាវឱ្យលោកលាលែងពីតំណែងទៀតផង ព្រោះតែការនិយាយកាន់ជើងក្រុមហាម៉ាស់ ដែលថា ការឈឺចាប់របស់ប៉ាឡេស្ទីន មានជាង ៥៦ ឆ្នាំ មកហើយ។