ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ផ្ដាច់មុខ​កាល​ពីថ្ងៃ​អង្គារ​ ទី​ ៧ ខែវិច្ឆិកា ដោយ​ស្រង់​សម្ដី​ប្រភព ៦​ នាក់​ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​សម្រេចចិត្តថា​នឹង​បន្ត​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មីនា ឆ្នាំ​ក្រោយ ដែលជា​ជំហាន​នយោបាយ​អាចឱ្យ​លោក​បន្ត​គ្រប់គ្រង​អំណាច​កំពូល​រុស្ស៊ី​រហូតដល់​ឆ្នាំ ​២០៣០​។

​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដែល​បានដឹង​ពី​គម្រោង​របស់លោក ពូ​ទីន បាន​ប្រាប់​រ៉​យ​ទ័​រថា​៖ «​មានការ​សម្រេចចិត្ត​រួចហើយថា លោក​នឹង​ឈរឈ្មោះ​»​។

​ស្របគ្នា​នេះ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយរូប​ទៀត ដែល​ដឹង​ព័ត៌មាន​ចេញពី​វិមាន​ក្រឹម​ឡាំងបាន​បញ្ជាក់ថា ការសម្រេចចិត្ត​ត្រូវបាន​ធ្វើឡើង ហើយ​ទីប្រឹក្សា​របស់លោក ពូ​ទីន កំពុង​រៀបចំ​ដំណើរការ​នេះ​។ ប្រភព ៣ ​នាក់​ផ្សេងទៀត ដែល​មិន​បញ្ចេញ​ឈ្មោះ​ដូចគ្នា​ដោយសារតែ​បញ្ហា​រសើប​ផ្នែក​នយោបាយ ក៏បាន​បញ្ជាក់​ពី​ការណ៍​នេះដែរ​។

​បើតាម​រ៉​យ​ទ័​រ ទោះបីជា​អ្នក​ការទូត អ្នក​ចារកិច្ច និង​មន្ត្រី​​រុស្ស៊ី​ជាច្រើនរូប​ទៀត​រំពឹងថា​លោក ពូ​ទីន នឹង​បន្ត​កាន់អំណាច​អស់ ១​ ជីវិត​ក៏ដោយ ក៏​រហូត​មកទល់ពេលនេះ មិនទាន់មាន​ការបញ្ជា​ក់ជាក់​លាក់​ណាមួយ​ជា​ផ្លូវការ អំពី​ផែនការ​របស់​លោក ពូ​ទីន ​ក្នុងការ​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​នេះដែរ​។​

​ចំណែកឯ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​និយាយថា លោក ពូ​ទីន មិនទាន់បាន​ថ្លែង​អ្វី​លើ​បញ្ហា​នេះ​ទេ ដោយ​បន្ថែមថា យុទ្ធនាការ​ឈរ​ឈ្មោះ​បោះឆ្នោត មិនទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​។

​គួរ​បញ្ជាក់ថា លោក ពូ​ទីន ​ដែលមាន​អាយុ ៧១​ ឆ្នាំ បាន​ឡើងកាន់តំណែង​ជា​ប្រ​ធានា​​ធិបតី​បន្ទាប់ពី​លោក Boris Yeltsin នៅ​ឆ្នាំ​ ១៩៩៩ ដោយ លោក​កាន់តំណែង​ជា​ប្រ​ធានា​ធិបតី យូរ​ជាង​មេដឹកនាំ​រុស្ស៊ី​ណាៗ​ទាំងអស់​។

​ក្រុម​អ្នកការទូត​និយាយថា គ្មាន​គូប្រជែង​ខ្លាំងៗ​ណា​អាច​គំរាមកំហែង​ឱកាស​របស់លោក ពូ​ទីន ក្នុងការ​បោះឆ្នោត​ខាង​មុខ​បានទេ ប្រសិនបើ​លោក​ឈរឈ្មោះ​ម្ដងទៀត​។ អតីត​​ចារកម្ម KGB រូបនេះ ទទួល​បាន​អត្រា​ចូលចិត្ត​ពី​អ្នកគាំទ្រ​រហូតដល់​ទៅ ៨០ ​ភាគរយ បូក​បញ្ចូល​ទាំង​ការគាំទ្រ​ពីរ​ដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ផ្សេងៗ​ទៀត​។ គេ​មើលឃើញថា នាពេលនេះ​ស្ទើរតែ​គ្មាន​ការប្រឆាំង​ជា​សាធារណៈ​ចំពោះ​ការ​គ្រប់​គ្រង​បន្ត​របស់លោក​ឡើយ​។​

​ជាមួយគ្នា​នោះ ក្រោយ​ពន្លត់ភ្លើង​នៃ​ការបះបោរ​ប្រដាប់អាវុធ​ដែល​រៀបចំឡើង​ដោយ​មេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ា​ក់​ន័​រកា​លពី​ខែមិថុនា លោក ពូ​ទីន បាន​បញ្ចេញ​សកម្មភាព​ដើម្បី​ទាញ​ការគាំទ្រ​ដ៏​រឹងមាំ​ពី​កងកម្លាំង​សន្តិសុខ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​អ្នកបោះឆ្នោត​មូលដ្ឋាន​ដែល​នៅ​ខាងក្រៅ​ទីក្រុង​មូ​៉​ស្គូ​។

​វិស័យ​ការពារជាតិ សព្វាវុធ និង​ការចំណាយ​ថវិកា​សរុប​របស់​រុស្ស៊ី​បាន​កើនឡើង ខណៈ​លោក ពូ​ទីន​ បង្ហាញខ្លួន​ជា​សាធារណៈ​ជាច្រើនលើក រួមទាំង​នៅក្នុង​តំបន់​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​យ៉ាងណាមិញ លោក ពូ​ទីន ក៏​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​ជាច្រើន​។ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បាន​បង្កឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​ដ៏​ធំ​ជាមួយ​លោកខាងលិច ចាប់តាំងពី​វិបត្តិ​មី​ស៊ី​ល​គុយបា​ឆ្នាំ​ ១៩៦២ ហើយ​ជា​លទ្ធផល ទណ្ឌកម្ម​របស់លោក​ខាងលិច​បានធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ទន់ខ្សោយ​។

​សេចក្តីព្រាង​ផែនការ​របស់​រដ្ឋាភិបាល​រុស្ស៊ីបង្ហាញថា អតិផរណា​បាន​កើនឡើង ខណៈ​ប្រា​ក់រូ​ប្លិ៍​រុស្ស៊ី បាន​ធ្លាក់ចុះ​ចាប់​តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង ហើយ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​នឹងមាន​ចំនួន​ជិត​ ១/៣ នៃ​ការចំណាយ​ថវិកា​សរុប​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ​ ២០២៤​។

​លោកខាងលិច បានចាត់ទុក​លោក ពូ​ទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​ជា​ជន​ផ្តាច់ការ ដែល​បាន​ដឹកនាំ​រុស្ស៊ី​ចូលទៅក្នុង​ការដណ្តើមយក​ទឹកដី​តាមបែប​ចក្រពត្តិ ដែល​បានធ្វើឱ្យ​រុស្ស៊ី​ចុះខ្សោយ​៕