ប៉ូលិសក្រុងហូជីមិញនៃប្រទេសវៀតណាម បានចាប់ខ្លួនបុរស ៣ នាក់ ដោយសារពួកគេបានបង្ហោះម៉ូតូតាមផ្លូវ ហើយចែកចាយវិដេអូលើបណ្ដាញសង្គម។ នេះបើតាមការចុះផ្សាយកាសែត VnExpress កាលពីថ្ងៃពុធ។
ប៉ូលិសនិយាយថា បុរសទាំង៣នាក់ រួមមានឈ្មោះ Duong Quoc Cuong អាយុ ៣២ ឆ្នាំ ឈ្មោះHoang Anh Trung អាយុ ២០ ឆ្នាំនិងឈ្មោះNguyen Thanh Xuan Truong អាយុ ២៣ ឆ្នាំ ពេលនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ«រំខានសណ្តាប់ធ្នាប់សាធារណៈ»។
ក្នុងវិដេអូដែលចែកចាយលើបណ្ដាញសង្គម អ្នកទាំង៣ជិះម៉ូតូតែមួយ ហើយគ្មាននរណាម្នាក់ពាក់មួកសុវត្ថិភាពនោះទេ ដោយជួនកាលពួកគេបង្ហោះកង់មុខ ជួនកាលព្រលែងចង្កូត ហើយជួនកាលអ្នកបើកបញ្ឈរខ្លួនទុកតែដៃជាប់ចង្កូតជាដើម។
បើតាម VnExpress ម្នាក់ឈ្មោះ Cuong គឺជាម្ចាស់យូធូបឆាណែល និងហ្វេសប៊ុក ដែលមានអ្នកតាមដានរាប់ម៉ឺននាក់។
ប៉ូលិសបាននិយាយថានៅពេលបក្សពួកទាំង៣នាក់ ចែកចាយរូបភាព និងវិដេអូបែបបង្ហោះម៉ូតូបែបនេះ ទៅលើបណ្ដាញសង្គម វាមិនត្រឹមតែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបង្កើតផលប៉ះពាល់អវិជ្ជមានដល់យុវជន ដែលតាមដានពួកគេលើអ៊ិនធឺណិតផងដែរ។
យ៉ាងណាមិញ មិនមានការចុះផ្សាយថា អ្នកទាំង៣ត្រូវទទួលទោសបែបណា ឬរងការពិន័យយ៉ាងណានោះទេ៕