តុលាការកំពូលទីក្រុងគូឡាឡាំពួ បានរកឃើញថា អតីតរដ្ឋមន្រ្តីក្រសួងយុវជន និងកីឡាវ័យក្មេងល្បីឈ្មោះ និងបច្ចុប្បន្នជាសមាជិកសភាម៉ាឡេស៊ី លោក ស៊ីយ៉ីដ សាឌីក ស៊ីយីដ អាប់ឌុល រ៉ស់ម៉ាន (Syed Saddiq Syed Abdul Rahman) បានជាប់ពិរុទ្ធពីបទប្រព្រឹត្តអំពើពុករលួយ រួមមានទាំងការលាងលុយកង្វក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកម៉ាឡេស៊ីនាថ្ងៃព្រហស្បតិ៍ ទី ៩ខែវិច្ឆិកា។
លោក ស៊ីយ៉ីដ សាឌីក គឺជាប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យម៉ាឡេស៊ី (MUDA) ដែលដកខ្លួនចេញពីសម្ព័ន្ធគណបក្សនយោបាយចម្រុះរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាអ៊ីម កាលពីខែកញ្ញាក្រោមហេតុផលថាខ្លួនមានក្ដីព្រួយបារម្ភចំពោះអំពើពុករលួយ បន្ទាប់ពីរាជអាជ្ញាម៉ាឡេស៊ីទម្លាក់ចោលបទចោទប្រកាន់ពុករលួយប្រឆាំងនឹងឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។
តុលាការកំពូលទីក្រុងគូឡាឡាំពួ បានរកឃើញនៅថ្ងៃព្រហស្បតិ៍នេះ ថា លោក ស៊ីយ៉ីដ សាឌីក ជាប់ពិរុទ្ធក្នុងបទចោទប្រកាន់ចំនួន៤ រួមមានទាំងឧក្រិដ្ឋកម្មរំលោភលើសេចក្ដីទុកចិត្ត កេងយកទ្រព្យសម្បត្តិ និង២ករណីនៃការលាងលុយកង្វក់។ ក្រោយពិរុទ្ធទាំងនេះ លោក ស៊ីយ៉ីដ សាឌីក រងការកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៧ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០ លានរីងហ្គីត (២,១ លានដុល្លារ)។
មួយករណីក្នុងចំណោមនោះ អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាដដែល រងការចោទប្រកាន់ពីបទជួយអតីតមន្ត្រីនៃគណបក្ស Bersatu ក្នុងការក្លែងបន្លំថវិកាចំនួន១ លានរីងហ្គីត (២១៣ ៦៧៥ ដុល្លារ) ជាមូលនិធិសម្រាប់ក្រុមយុវជនរបស់គណបក្ស។លោកបានប្រព្រឹត្តបទល្មើសនេះ ក្នុងខែមីនា ឆ្នាំ ២០២០ ពេលបក្ស Bersatu កំពុងកាន់អំណាច។
លោក ស៊ីយ៉ីដ សាឌីក ដែលមាននេះមានវ័យ ៣០ ឆ្នាំ ធ្លាប់ជាប្រធានក្រុមយុវជនរបស់បក្ស Bersatu ប៉ុន្តែលោកបានដកខ្លួន ហើយទៅបង្កើតគណបក្សផ្ទាល់ខ្លួនរបស់លោក គឺគណបក្ស MUDA នៅឆ្នាំ ២០២០។
ចៅក្រមតុលាការកំពូលម៉ាឡេស៊ី លោកAzhar Abdul Hamid បាននិយាយថា មេធាវីការពារក្តី បានបរាជ័យក្នុងការលើកភស្តុតាងណាមួយ ដើម្បីជម្រះការចោទប្រកាន់ទាំង៤ ដែលលោក ស៊ីយ៉ីដ សាឌីក កំពុងប្រឈមមុខ។
បើតាមការចុះផ្សាយផ្សេងៗ សាក្សីតំណាងអយ្យការសរុប ៣០ នាក់ បានផ្តល់សក្ខីកម្មក្នុងសវនាការពាក់ព័ន្ធនឹងលោក ស៊ីយ៉ីដ សាឌីក ដែលចាប់ផ្ដើមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តុលាការជាន់ខ្ពស់បានអនុញ្ញាតឱ្យលោកនៅក្រៅទោសសិន ដោយរង់ចាំការប្តឹងឧទ្ធរណ៍បន្ត។
លោក ស៊ីយ៉ីដ សាឌីក ក៏ដូចជាមេធាវី មិនបានចេញប្រតិកម្មយ៉ាងណាភ្លាមៗនោះទេ ក្រោយការរកឃើញរបស់តុលាការនៅថ្ងៃព្រហស្បតិ៍នេះ៕