អង្គការសហប្រជាជាតិនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានប្រកាសថា បាតុភូតអាកាសធាតុអែលនីណូ (El Nino) ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតដែលបង្កឱ្យមានសីតុណ្ហភាពពិភពលោកកើនឡើងខ្ពស់ត្រូវបានគេព្យាករណ៍ថា នឹងបន្តកើតមានរហូតដល់យ៉ាងហោចណាស់ខែមេសាឆ្នាំ ២០២៤ ខាងមុខនេះ។ បាតុភូតអែលនីណូជាបាតុភូតដែលនាំមកនូវកម្ដៅកើនឡើងខ្ពស់នៅទូទាំងពិភពលោក ហើយបង្កឱ្យមានគ្រោះរាំងស្ងួតនៅតំបន់មួយចំនួននិងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ។
បាតុភូតអែលនីណូបច្ចុប្បន្នបានវិវត្តយ៉ាងឆាប់រហ័សក្នុងខែកក្កដា ដល់ខែសីហា ហើយត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតកំពូលបំផុតនៅចន្លោះពេលនេះដល់ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមស្ថាប័នឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ។
ស្ថាប័នឧតុនិយមពិភពលោកបានបង្ហាញថា៖ «ភាពអាចទៅរួចគឺមានរហូតដល់ទៅ ៩០% ដែលថា បាតុភូតនេះនឹងបន្តរហូតដល់ហួសរដូវរងានៅអឌ្ឍគោលខាងជើង និងរដូវក្តៅនៅអឌ្ឍគោលខាងត្បូង ហើយនឹងបន្តរហូតដល់ខែមេសា»។
ជាទូទៅ បាតុភូតអែលនីណូកើតឡើងរៀងរាល់២ទៅ៧ឆ្នាំម្តងហើយវានឹងនាំមកនូវទំនោរកើនឡើងសីតុណ្ហភាពសកលក្នុងឆ្នាំបន្ទាប់ពីការវិវត្តរបស់វា។បើទោះបីជាផលប៉ះពាល់ភាគច្រើនរបស់វានឹងមិនត្រូវបានកត់សម្គាល់រហូតដល់ឆ្នាំ២០២៤ក៏ដោយប៉ុន្តែស្ថាប័នឧតុនិយមពិភពលោកបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍នេះកំពុងកើតឡើងចំពេលដែលមានការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស។
គិតរហូតមកទល់ពេលនេះ ឆ្នាំដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រគឺឆ្នាំ២០១៦ ពោលគឺបន្ទាប់ពីបាតុភូតអែលនីណូបានកើតឡើងចាប់ពីឆ្នាំ២០១៤ ដល់ដើមឆ្នាំ២០១៦។យ៉ាងណាមិញស្ថានភាពអាកាសធាតុពិភពលោកបច្ចុប្បន្នហាក់កំពុងឈានទៅរកកម្រិតខ្ពស់ជាងកំណត់ត្រាឆ្នាំ២០១៦ ទៅទៀត។
ប្រធានស្ថាប័នឧតុនិយមពិភពលោកលោកផេថឺរី តាឡាស (Petteri Taalas)បាននិយាយថា «ដោយសារតែសីតុណ្ហភាពខ្ពស់ខ្លាំងនៅលើដីគោកនិងទឹកសមុទ្រចាប់តាំងពីខែមិថុនាមក ឆ្នាំ២០២៣នេះអាចកំណត់ថាជាឆ្នាំដែលក្តៅខ្លាំងមិនធ្លាប់មាន ហើយឆ្នាំក្រោយអាចនឹងកាន់តែក្តៅថែមខ្លាំងជាងនេះទៀត»។
លោកបានបញ្ជាក់ថា«នេះគឺដោយសារតែការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ដែលបង្កឡើងពីសកម្មភាពមនុស្ស»។លោកក៏បានព្រមានផងដែរថាព្រឹត្តិការណ៍ធ្ងន់ធ្ងរដូចជារលកកំដៅគ្រោះរាំងស្ងួតភ្លើងឆេះព្រៃភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នឹងកើតឡើងកាន់តែអាក្រក់ទៅៗនៅតំបន់មួយចំនួន។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រព័ន្ធប្រកាសអាសន្នដែលមានប្រសិទ្ធភាពផងដែរ។
បាតុភូតអែលនីណូចុងក្រោយបង្អស់បានកើតឡើងក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩បន្ទាប់មកគឺបាតុភូតឡានីណា(La Nina)ដែលវែងខុសពីធម្មតា។ គួរបញ្ជាក់ថា បាតុភូតឡានីណាគឺជាបាតុភូតអាកាសធាតុដែលនាំមកនូវភាពត្រជាក់ ផ្ទុយទៅនឹងបាតុភូតអែលនីណូ។បាតុភូតឡានីណានេះបានបញ្ចប់ទៅហើយនៅដើមឆ្នាំនេះ។យោងតាមស្ថាប័នឧតុនិយមពិភពលោកដែលបានធ្វើការព្យាករណ៍ចុងក្រោយបំផុតបានបង្ហាញថា សម្រាប់បាតុភូតអែលនីណូបច្ចុប្បន្ន នឹងបណ្ដាលឱ្យមានការឡើងកំដៅផែនដីនៅក្នុងតំបន់អេក្វាទ័រភាគកណ្តាលប៉ាស៊ីហ្វិករហូតដល់ខែមេសាឆ្នាំក្រោយ។
សីតុណ្ហភាពនៅលើផ្ទៃសមុទ្រដែលក្តៅជាងធម្មតា នឹងកើតមានឡើងនៅក្នុងសមុទ្រភាគច្រើនរបស់ពិភពលោករួមជាមួយនឹងសីតុណ្ហភាពលើសពីមធ្យមនៅលើផ្ទៃដីគោកស្ទើរតែទាំងអស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងទឹកភ្លៀងនៅតំបន់ភាគខាងកើតបំផុតនៃទ្វីបអាហ្វ្រិក(Horn of Africa)និងតំបន់ជុំវិញកោះផ្លាតា (Plata) ប្រទេសអេក្វាទ័រ នៅអាមេរិកខាងត្បូងភាគអាគ្នេយ៍នៃអាមេរិកខាងជើងផ្នែកខ្លះនៃអាស៊ីកណ្តាលនិងអាស៊ីខាងកើត៕