កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរវាងអ៊ុយក្រែននិងរុស្ស៊ីក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងប្រទេសតួកគី ដែលបានងាប់កាលពីខែកក្កដា ក្រោយរុស្ស៊ីប្រកាសដកខ្លួនចេញជាឯកតោភាគីនោះ ទំនងមិនអាចរស់ឡើងវិញនោះទេ ទោះបីជាពិភពលោកប្រឈមការខ្វះខាតនិងការស្រេកឃ្លាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ ទី ៨ ខែវិច្ឆិកាថា វានឹងពិបាកក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ដែលអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅប្រកប ទៅដោយសុវត្ថិភាព ក្រោយរុស្ស៊ីបានដកខ្លួនចេញកាលពីខែកក្កដា។
លោក ហ្គុយតឺរ៉េស បានថ្លែងយ៉ាងដូច្នេះថា៖ «វានឹងពិបាក។ យើងកំពុងបន្តខិតខំប្រឹងប្រែងប៉ុន្តែវានឹងមានការលំបាក»។
លោកបន្តថា គោលដៅចម្បងគឺធ្វើឱ្យភាគីរុស្ស៊ី និងអ៊ុយក្រែន យល់ព្រមគ្នាអនុញ្ញាតឱ្យមានសេរីភាពក្នុងការធ្វើនាវាចរណ៍សម្រាប់គ្នាទៅវិញទៅមក ប៉ុន្តែការណ៍នេះទំនងជាមិនអាចទៅរួចនោះទេ។
រុស្ស៊ីបានបើកការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសកាលពីចុងខែកុម្ភៈ ឆ្នាំមុន។ ប្រទេសលោកខាងលិច ហើយអង្គការសហប្រជាជាតិ បានស្ដីបន្ទោសការឈ្លានពាននេះថា ធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែដុនដាបទៅៗ ដោយសារតែអ៊ុយក្រែនជាប្រទេសនាំចេញផលិតផលស្បៀងធញ្ញជាតិសំខាន់ៗ ហើយសហព័ន្ធរុស្ស៊ីក៏ជាអ្នកនាំចេញជីកសិកម្មដ៏ធំរបស់ពិភពលោក។
នាពេលនេះ មន្ត្រីអង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដែលរុស្ស៊ីដកខ្លួនចេញកាលពីខែកក្កដា ក្រោយកិច្ចព្រមព្រៀងនេះសម្រេចបានមួយឆ្នាំក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងតួកគី។
រុស្ស៊ីបានត្អូញត្អែរថាការនាំចេញផលិតផលស្បៀងអាហារ និងជីរបស់ខ្លួនជួបនឹងឧបសគ្គដែលខុសពីអ្វីដែលចែងក្នុងកិច្ចព្រមព្រៀង ហើយចោទទៀតថា អ៊ុយក្រែននាំចេញស្បៀងធញ្ញជាតិភាគច្រើនទៅប្រទេសលោកខាងលិច ជាជាងទៅកាន់ប្រទេសក្រីក្រដែលជួបបញ្ហាស្បៀងធ្ងន់ធ្ងរ ជាពិសេសតំបន់អ្រាហ្វិកនិងប្រទេសក្រីក្រនៅមជ្ឈិមបូព៌ា។ ការណ៍នេះ ត្រូវបានលោកខាងលិច និងអ៊ុយក្រែនច្រានចោល ហើយនិយាយថា ភាគីរុស្ស៊ី យកបញ្ហាស្បៀងធ្វើជាអាវុធ៕