ថ្នាក់ដឹកនាំប្រទេសតួកគីដែលទើបបរិហារបច្ចឹមប្រទេសលើសង្គ្រាមនៅតំបន់ហ្គាហ្សាដោយសារការលម្អៀងទៅរកអ៊ីស្រាអែល ពេលនេះបានចេញមុខបរិហារសហភាបអឺរ៉ុបថា មានភាពលម្អៀងនិងអយុត្តិធម៌លើការស្នើចូលជាសមាជិកភាពរបស់តួកគីក្នុងសហភាពអឺរ៉ុបតាំងពីឆ្នាំ ២០០៥។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងការបរទេសតួកគីបាននិយាយថា របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការអឺរ៉ុបស្តីពីការស្នើចូលជាសមាជិកភាពសហភាពអឺរ៉ុបដែលជាប់គាំងជាយូររបស់ប្រទេសតួកគីគឺ «អយុត្តិធម៌ និងលម្អៀង»។
តួកគីដែលមានភូមិសាស្ត្រនៅដើមបូព៌ាចន្លោះទ្វីបអាស៊ីនិងអឺរ៉ុប បានចូលជាសមាជិករបស់អង្គការណាតូតាំងពីឆ្នាំ ១៩៥២ ប៉ុន្តែក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការប្រដាប់អាវុធមួយនេះ តួកគីក៏តែងជំទាស់បំណងរួមរបស់អង្គការណាតូ ជាពិសេសក្នុងដំណាក់កាលចុងក្រោយ តួកគីបានប្រើសិទ្ធិវេតូមិនគាំទ្រលើការស្នើសុំចូលជាសមាជិកភាពរបស់ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ ដែលភ័យខ្លាចការរំលោភបំពានពីសំណាក់រុស្ស៊ីដូចករណីប្រទេសអ៊ុយក្រែន។
របាយការណ៍របស់ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានរិះគន់ថា «មានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ» របស់ប្រទេសតួកគីលើស្តង់ដា ប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្សនិងឯករាជ្យភាពរបស់តុលាការ។ បើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។
ក្រសួងការបរទេសតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងច្រានចោលទាំងស្រុងនូវការទាមទារដែលគ្មានមូលដ្ឋាន និងការរិះគន់ដោយអយុត្តិធម៌ ជាពិសេសលើលក្ខណៈវិនិច្ឆ័យនយោបាយនិងជំពូកស្តីពីសិទ្ធិតុលាការ និងសិទ្ធិជាមូលដ្ឋាន»។
គណៈកម្មាការអឺរ៉ុបក៏បាននិយាយផងដែរថា ប្រទេសតួកគីមិនបានគោរពតាមគោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះទេ។
ប្រទេសតួកគីដែលមានប្រជាជនភាគច្រើនជាអ្នកគោរពសាសនាអ៊ីស្លាម ហាក់មានជំហរមិនស្របគ្នាជាមួយប្រទេសនានាក្នុងតំបន់អឺរ៉ុប ហើយក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន តួកគីបានចេញមុខបរិហារអាមេរិក និងអឺរ៉ុបដែលជាអ្នកគាំទ្រអ៊ីស្រាអែលថា ជាចក្រព័ន្ធនិយមទៀតផង។
ក្រសួងតួកគីបាននិយាយថា ការចោទប្រកាន់របស់អឺរ៉ុបគឺអយុត្តិធម៌ ហើយបានគូសបញ្ជាក់ពី «ភាពមិនស្មោះត្រង់នៃវិធីសាស្ត្ររបស់អឺរ៉ុប និងស្តង់ដា ២ យ៉ាងច្បាស់លាស់» ដោយបន្ថែមថាបញ្ហាសិទ្ធិជាមូលដ្ឋានមានការឈ្លោះប្រកែកគ្នាសូម្បីតែក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបក៏ដោយ។
របាយការណ៍របស់គណៈកម្មការនេះ គឺមានគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពរបស់ប្រទេសតួកគី ឆ្ពោះទៅរកស្តង់ដាសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ហើយអាចធ្វើឱ្យទំនាក់ទំនងដែលកំពុងមានបញ្ហារួចទៅហើយលើជនអន្តោប្រវេសន៍ ហើយថ្មីៗនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕