ប្រទេសឥណ្ឌូនេស៊ី បានបើកដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាគម្រោងមានតម្លៃស្មើនឹង ១៤៣ លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីចំនួន ២៤៥ ជីហ្កាវ៉ាត់ម៉ោងក្នុង ១ ឆ្នាំ ពោលគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលរហូតដល់ទៅ ៥ ម៉ឺនគ្រួសារ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានហៅគម្រោងនេះថាជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញទ្រង់ទ្រាយធំរបស់ប្រទេសឥណ្ឌូនេស៊ី។ លោកបានសម្តែងនូវមោទនភាពចំពោះកិច្ចសហការដ៏ជោគជ័យរវាងក្រុមហ៊ុន PLN របស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុន Masdar របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក វីដូដូ ថ្លែងថា៖ «បន្ទះស្រូបពន្លឺព្រះអាទិត្យអណ្តែតទឹកនៅលើអាងស្តុកទឹកឈ្មោះថា ជីរ៉ាតា (Cirata) គឺជាបន្ទះថាមពលដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធំជាងគេទី៣នៅទូទាំងពិភពលោក»។
គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវបានពន្យារពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែទីបំផុតវាត្រូវបានបើកដំណើរការហើយ នៅមុនកិច្ចប្រជុំអាកាសធាតុ COP28 ដែលនឹងឈានមកដល់នៅចុងខែនេះ នៅឯប្រទេសអេមីរ៉ាតអារ៉ាប់រួម។ បច្ចុប្បន្ន ថាមពលកកើតឡើងវិញមានចំនួន ១៥% នៃថាមពលសរុបរបស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែប្រទេសនេះមានគោលបំណងបង្កើនវាឱ្យបានដល់ ២៣% នៅឆ្នាំ ២០២៥។
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទី៤របស់ពិភពលោក តែងតែបានសន្យាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិករបស់ខ្លួនចំនួន ៤៣,២% នៅត្រឹមឆ្នាំ ២០៣០ និងឈានដល់គោលដៅសូន្យកាបូននៅត្រឹមឆ្នាំ ២០៦០។ រោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតនៅអាងស្តុកទឹកជីរ៉ាតានេះ ត្រូវបានគេរំពឹងថា នឹងជួយប្រទេសឥណ្ឌូនេស៊ី កាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនចំនួន ២១៤ ពាន់តោន ក្នុង ១ ឆ្នាំ។ គួរបញ្ជាក់ដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុញ្ញាតឱ្យមានបន្ទះស្រូបពន្លឺព្រះអាទិត្យ អាចគ្របដណ្ដប់លើផ្ទៃបឹងស្តុកទឹក ឬទំនប់មួយនេះរហូតដល់ ២០%។
គួររំឭកថា មួយសប្តាហ៍មុនការសម្ពោធរោងចក្រថាមពលនេះ ប្រទេសឥណ្ឌូនេស៊ីបានបញ្ចប់ផែនការដំបូងរបស់ខ្លួនក្នុងការជំរុញថាមពលកកើតឡើងវិញ និងកាត់បន្ថយថាមពលធ្យូងថ្មតាមរយៈគោលនយោបាយ ភាពជាដៃគូផ្លាស់ប្តូរថាមពលស្អាត (Just Energy Transition Partnership)។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌូនេស៊ីក៏មានគម្រោងអាទិភាពចំនួន ៤០ គម្រោងបន្ថែមទៀត។ គម្រោងទាំងអស់នេះកំពុងបង្កើនក្តីសង្ឃឹមថា ការផ្តល់ហិរញ្ញប្បទានចំនួន ២០ ប៊ីលានដុល្លារ ដែលសន្យាដោយប្រទេសអភិវឌ្ឍន៍ នឹងចាប់ផ្តើមផ្ដល់ជូនឥណ្ឌូនេស៊ីបណ្ដើរៗហើយ ប៉ុន្តែរហូតមកទល់ពេលនេះ គ្មានថវិកាណាមួយត្រូវបានបញ្ជូនទៅឱ្យឥណ្ឌូនេស៊ីនៅឡើយទេ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PLN លោក ដាម៉ាវ៉ាន ប្រាសូចូ (Darmawan Prasodjo) បានមានប្រសាសន៍ថា «ក្រុមហ៊ុន PLN និងក្រុមហ៊ុន Masdar បានបង្កើតប្រព័ន្ធអេកូឡូស៊ីដែលអាចលើកទឹកចិត្តដល់ការវិនិយោគ និងការសហការគ្នា។ យើងនឹងធ្វើការរួមគ្នាលើការច្នៃប្រឌិតបច្ចេកវិទ្យា ការវិនិយោគ និងប្រតិបត្តិការគម្រោងថាមពលមួយនេះ»។
លោកបានបន្ថែមថា៖ «យើងនឹងបង្កើនសមត្ថភាពថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ពី ៥ ជីហ្កាវ៉ាត់ម៉ោង ទៅ ២៨ ជីហ្កាវ៉ាត់ម៉ោងបន្ថែមទៀត ដោយប្រើប្រាស់ប្រព័ន្ធក្រឡាចត្រង្គឆ្លាតវៃ (Smart-grid)»។
បន្ថែមលើនេះ នាយកប្រតិបត្តិក្រុមហ៊ុន Masdar ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី អ្នកស្រី ហ្វាទីម៉ា អាល់ម៉ាដលួម អៃស៊ូវ៉ាយឌី (Fatima Al Madhloum Al Suwaidi) បានសម្ដែងការរំភើបចិត្តចំពោះលទ្ធភាពដែលក្រុមហ៊ុនរបស់អ្នកស្រី អាចចូលរួមជួយជ្រោមជ្រែងក្នុងគម្រោង ភាពជាដៃគូផ្លាស់ប្តូរថាមពលស្អាត។ អ្នកស្រីបាននិយាយថា៖ «ក្រុមហ៊ុន Masdar ចាប់អារម្មណ៍ក្នុងការពិភាក្សាអំពីឱកាសវិនិយោគ ហើយយើងកំពុងពិភាក្សាជាមួយក្រុមហ៊ុន PLN អំពីគម្រោងមួយចំនួនទៀត»។
ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមគម្រោងផ្លាស់ប្តូរកាបូន ប៉ុន្តែមានតែគម្រោង ២ ប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូន។ ដោយឡែក ក្រុមហ៊ុន PLN មិនបានបញ្ជាក់ច្បាស់នោះទេថា តើខ្លួននឹងមានគម្រោងលក់ឥណទានកាបូនពីគម្រោងរោងចក្រថាមពលជីរ៉ាតាឬក៏យ៉ាងណានោះទេ៕