ក្រោយការបាញ់បោះយ៉ាងសន្ធឹកសន្ធាប់នៅក្នុងតំបន់ហ្គាហ្សាក្រុមឧទ្ទាមហាម៉ាស់បានបង្ហាញការខឹងសម្បារចំពោះអ៊ីស្រាអែលដែលវាយប្រហារសូម្បីតែមន្ទីរពេទ្យ។ ក្រុមហាម៉ាស់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យទារក ៣ នាក់បាត់បង់ជីវិត ខណៈអ្នកជំងឺផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារខ្វះប្រេងឥន្ធនៈ។
បើទោះជាយ៉ាងនេះក្ដីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេដការបាញ់បោះជុំវិញបរិវេណមន្ទីរពេទ្យ Al Shifaហើយនាថ្ងៃទី ១២ ខែវិច្ឆិកា អ៊ីស្រាអែលថែមទាំងបានផ្ដល់ប្រេងឥន្ធនៈទៅដល់មន្ទីរពេទ្យ Al Shifa ផងដែរ។
យ៉ាងណាក៏ដោយលោក Benjamin Netanyahu បានអះអាងថាក្រុមហាម៉ាស់បានបដិសេដមិនយកប្រេងឥន្ធនៈដែលខ្លួនបានផ្ដល់ឱ្យនោះទេ។
លោក Netanyahu បាននិយាយថា៖ «យើងបានផ្តល់ប្រេងឥន្ធនៈទៅកាន់មន្ទីរពេទ្យកាលពីយប់មិញដើម្បីផ្តល់ឱ្យពួកគេមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ដំណើរការមន្ទីរពេទ្យដំណើរការទូរកម្ដៅសម្រាប់ទារកព្រោះយើងមិនមានបំណងប្រយុទ្ធជាមួយអ្នកជំងឺឬជនស៊ីវិលទាល់តែសោះ»។
លើសពីនោះយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសទារកចេញពីមន្ទីរពេទ្យ Al Shifa កាលពីថ្ងៃអាទិត្យ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនបាននិយាយថាមនុស្សនៅខាងក្នុងនៅតែជាប់គាំងដោយទារកទើបនឹងកើត៣នាក់បានស្លាប់និងរាប់សិបនាក់ទៀតកំពុងប្រឈមនឹងហានិភ័យដោយសារការដាច់ចរន្តអគ្គិសនីស្របពេលដែលការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងនៅក្បែរនោះ។
ដោយឡែកលោក Netanyahu ត្រូវបានគេសួរផងដែរថាតើអ៊ីស្រាអែលមានគម្រោងយកប្រេងចូលទៅក្នុងតំបន់ហ្គាហ្សាដើម្បីផ្តល់ថាមពលដល់មន្ទីរពេទ្យដោយផ្ទាល់ឬទេនិងត្រូវបានលោក Netanyahu ឆ្លើយតបថាការផ្ដល់ជូននេះគឺសម្រាប់តែមន្ទីរពេទ្យប៉ុណ្ណោះពោលគឺមិនមែនសម្រាប់តំបន់ហ្គាហ្សាទាំងមូលនោះទេ។
លោក Netanyahu ក៏បានចោទប្រកាន់ថាក្រុមហាម៉ាស់កំពុងតែលាក់ខ្លួននៅក្នុងមន្ទីរពេទ្យនោះហើយពួកគេមិនមែនចង់បានប្រេងឥន្ធនៈសម្រាប់មន្ទីរពេទ្យទេគឺគេនឹងដឹកជញ្ជូនប្រេងទាំងនោះតាមរយៈផ្លូវក្រោមដីហើយនឹងយកទៅប្រើប្រាស់ក្នុងបុព្វហេតុសង្គ្រាមទៅវិញ។
ប៉ុន្តែក្រុមហាម៉ាស់បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលដែលថា ខ្លួនមានប៉ុស្តិ៍បញ្ជាការនៅក្រោមមន្ទីរពេទ្យ Shifa និងមន្ទីរពេទ្យ Gaza ផ្សេងទៀត។
ស្ថានការណ៍បច្ចុប្បន្នភាពចុងក្រោយរបស់សង្គ្រាមនៅអ៊ីស្រាអែលនាថ្ងៃទី ១៣ ខែវិច្ឆិកានេះ បានឈានដល់ការជាប់គាំងទាំងស្រុងនៃប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ ខណៈដែលបុគ្គលិកសុខាភិបាលអ្នកជំងឺនិងអ្នកស្នាក់នៅរាប់ពាន់នាក់ត្រូវបានជាប់គាំងនៅខាងក្នុងដោយសារតែការប្រយុទ្ធគ្នានៅខាងក្រៅបរិវេនមន្ទីរពេទ្យ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ថាគ្មានហេតុផលណាដែលអ្នកជំងឺមិនអាចត្រូវជម្លៀសចេញពីមន្ទីរពេទ្យ Al-Shifaនោះទេព្រោះអ៊ីស្រាអែលបានបើកច្រករបៀងសម្រាប់ជម្លៀងរួចរាល់ហើយ។
ប៉ុន្តែគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយថាបើទោះជាអ៊ីស្រាអែលបានបើកច្រកសម្រាប់ជម្លៀសអ្នកជំងឺក៏ដោយ ក៏គ្មាននរណាម្នាក់ហ៊ានចាកចេញពីមន្ទីរពេទ្យនោះដែរ៕