ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​បាន​រាយការណ៍​ថ្មីៗ​នេះ​ថា ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់​រួមមាន អតីតមន្ត្រី​ប៉ូលិស លោក គីម ស៊ូ​ន​ស៊ិ​ក (Kim Soon-sik) អាយុ ៦៣ ឆ្នាំ និង​ លោក កាង សេន​ហុក (Kang Seon-hok) អាយុ ៣០ ឆ្នាំ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​គ្រឿង ញៀន​ក្នុងចំណោម​មនុស្ស ១៨ នាក់ បន្ទាប់ពី​តុលាការ​ទីក្រុង​ហូជីមិញ​បាន​បើកសវនាការ​កាត់ក្ដី​អស់​រយៈពេល ៤ ថ្ងៃ។ 


ប្រទេស​វៀតណាម ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​ច្បាប់​តឹងរ៉ឹង​ខ្លាំង​ប្រឆាំងនឹង​គ្រឿងញៀន និង​បាន​អនុវត្ត​ទោស​ប្រហារជីវិត​ដោយ​សម្ងាត់​ផងដែរ។ ក្នុងចំណោម ១៨ នាក់​នោះ ក៏មាន​ជនជាតិ​ចិន​លោក លី ធៀន​គួ​ន (Li Tian Guan) អាយុ ៥៨ ឆ្នាំ និង​ជា​មេខ្លោង​ជនជាតិ​វៀតណាម​ម្នាក់ លោក ឡឺ ហូ​វុ​ក (Le Ho Vu)អាយុ ៣៦ឆ្នាំ។ មនុស្ស ១៤ នាក់​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដដែល​នេះ ក៏​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដូចគ្នា បន្ទាប់ពី​ការកាត់ក្ដី​របស់​តុលាការ​គ្រួសារ និង​អនីតិជន ដែល​ស្ថិតនៅក្រោម​តុលាការ​ប្រជាជន​ទីក្រុង​ហូជីមិញ។


យោងតាម​គេហទំព័រ​សារព័ត៌មាន​រដ្ឋ​វៀ​ណា​ម​មួយ​ឈ្មោះថា​ខុង អាន់ ញ៉ា​ន់ ដាន (Cong an Nhan dan) បាន​រាយការណ៍​ថា«ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​បាន​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាង ២១៦ គីឡូក្រាម​ក្នុង​ចន្លោះ​ពី​ខែឧសភា​ដល់​ខែមិថុនា​ឆ្នាំ២០២០»។ អាជ្ញាធរ​បាន​រឹបអូស​បាន​ថ្នាំញៀន​ជាង ១៦៨ គីឡូក្រាម ​ក្នុងអំឡុងពេល​ប្រតិបត្តិការ ប៉ុន្តែ​ប្រភេទ​នៃ​គ្រឿងញៀន​ជាក់លាក់​មិនត្រូវ​បានបញ្ជាក់​នោះទេ។


គ្រឿងញៀន​ទាំងនោះ​ត្រូវបាន​ដឹកជញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីក្រុង​ហូជីមិញ ដែល​មួយចំនួន​ត្រូវបាន​ប្រើប្រាស់​ក្នុងស្រុក ហើយ​ខ្លះទៀត​ត្រូវបាន​បញ្ជូនទៅ​កូរ៉េខាងត្បូង។នេះ​បើ​យោងតាម​ការសារភាពរ​បស់​មេខ្លោង​ជនជាតិ​វៀតណាម លោក វូ ។


ប្រតិបត្តិការ​នេះ​ត្រូវបាន​ប៉ូលិស​វៀតណាម​ចាប់បាន​នៅ​ថ្ងៃទី១៩ខែកក្កដា​នៅ​ទីក្រុង​ហូជីមិញ ពោលគឺ​នៅពេលដែល​អាជ្ញាធរ​បាន​ត្រួតពិនិត្យ​រថយន្ត​កុងតឺន័រ​ដែល​កំពុង​ត្រៀម​នឹង​សម្អាត​គយ​សម្រាប់​ការដឹកជញ្ជូន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង។


នៅ​ខាងក្នុង​ទូ​កុងតឺន័រ​នោះ​សមត្ថកិច្ច​បាន​រកឃើញ​កញ្ចប់​ផ្លា​ស្ទីក​ចំនួន៤០កញ្ចប់ ដោយមាន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៣៩,៥ គីឡូក្រាម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​ដដែល​បាន​រាយការណ៍​ថា ៖ «លោក វូ​ ត្រូវបាន​កាត់ទោស​ពីបទ​ដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ និង​ប្រើប្រាស់​ត្រា និង​ឯកសារ​ក្លែងក្លាយ»។


រីឯ​ឧក្រិដ្ឋជន​ចំនួន ១៧នាក់​ផ្សេងទៀត ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធ​ពីបទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន រួមទាំង​ការកាន់កាប់​ដោយ​ខុសច្បាប់ ការជួញដូរ ការដឹកជញ្ជូន និង​ការសហការ​រៀបចំ​ការ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់។

ដោយឡែក ជនជាប់ចោទ​ចំនួន ៣នាក់​ផ្សេងទៀត​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ក្មេង​អាយុ​ក្រោម១៨ឆ្នាំ​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ។


យ៉ាងណាមិញ ពេលវេលា​នៃ​ថ្ងៃ​ប្រហារជីវិត​មិនទាន់​ដឹង​នៅឡើយ​ទេ។ ជាទូទៅ វៀតណាម​តែងតែ​កាត់ទោស​ប្រហារជីវិត​ទៅលើ​ឧក្រិដ្ឋជន​គ្រឿងញៀន ហើយ​ជា​ប្រទេសមួយ​ដែល​ស្ថិតក្នុង​ចំណោម​ប្រ​ទេ​ល​ដែល​មានទោស​ប្រហារជីវិត​នៅ​ទូទាំង​ពិភពលោក។ ជាក់ស្ដែង មាន​មនុស្ស​ជាង ១០០ នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំមុន នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​លើកលែងទោស​អន្តរជាតិ និង​មជ្ឈមណ្ឌល​ព័ត៌មាន​អំពី​ទោស​ប្រហារជីវិត។


ជាធម្មតា មុនពេល​ប្រហារជីវិត ឧក្រិដ្ឋជន​ទាំងអស់នោះ ភាគច្រើន​ត្រូវបាន​ចាប់ឃុំខ្លួន​រយៈពេល​វែង ហើយ​ព័ត៌មាន​លម្អិត​អំពី​ការកាត់ក្តី និង​ការស្លាប់​របស់​ពួកគេ​គឺ​ពិបាក​ក្នុងការ​ទទួលបាន​ខ្លាំងណាស់ ដោយសារតែ​គ្មាន​ការប្រកាស​ជា​សាធារណៈ។ ក្នុង​ឆ្នាំ២០១៧ តុលាការ​វៀតណាម​បាន​កាត់ទោស​ប្រហារជីវិត​អ្នកជួញដូរ​គ្រឿងញៀន ៨នាក់​ពីបទ​រត់ពន្ធ​ហេ​រ៉ូ​អ៊ី​ន​ចូលទៅក្នុង​ប្រទេស​ចិន។ចាប់តាំងពី​ឆ្នាំ២០១៣មក វៀតណាម​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ប្រហារជីវិត​ដោយ​ការបាញ់សម្លាប់​ឬ​ការចាក់​ថ្នាំ​សម្លាប់​នៅលើ​គ្រែ​តែម្ដង៕