ប្រទេសចិនបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងខែនេះជាមួយប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ៥ ដោយនឹងផ្តោតលើការប្រឆាំងភេរវកម្ម និងសន្តិសុខដែនសមុទ្រ។
ក្រសួងការពារជាតិចិននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា សមយុទ្ធយោធានោះ មានឈ្មោះថា «AmanYouyi 2023»ហើយនឹងប្រព្រឹត្តទៅចាប់ពីពាក់កណ្តាល ដល់ចុងខែវិច្ឆិកា នៅសមុទ្រក្បែរក្រុង Zhanjiang នៃខេត្តក្វាងទុង នាភាគខាងត្បូងប្រទេសចិន។
ប្រទេសអាស៊ានទាំង៥ ដែលនឹងចូលរួម រួមមានម៉ាឡេស៊ី ថៃ វៀតណាម កម្ពុជា និងប្រទេសឡាវ។ សមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម និងប្រឆាំងចោរកម្មតាមសមុទ្រតាមបែបផែននៃទីក្រុង និងដែនសមុទ្រ ក្នុងចំណោមប្រទេសដែលចូលរួម ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សមយុទ្ធ AmanYouyi មានការផ្តួចផ្តើមពីចិន និងម៉ាឡេស៊ី។ ម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធនេះ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៦។ សមយុទ្ធដែលរៀបចំដោយចិននៅឆ្នាំនេះ វៀតណាម កម្ពុជា និងឡាវ នឹងចូលរួមជាលើកដំបូង។
ហ្វីលីពីន ដែលបានប៉ះទង្គិចជាមួយចិនជុំវិញសិទ្ធិនៅសមុទ្រចិនខាងត្បូង បានចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងសមយុទ្ធកាលពីលើកមុនៗ ប៉ុន្តែនឹងមិនចូលរួមធ្វើអ្វីនាពេលនេះទេ។
សមយុទ្ធ AmanYouyi នឹងប្រព្រឹត្តទៅចំពេលដែលបញ្ហាជម្លោះសមុទ្រចិនខាងត្បូងតានតឹង។ កាលពីពេលថ្មីៗនេះ កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន និងហ្វីលីពីន ប៉ះទង្គិចគ្នានៅក្បែរកោះថ្មប៉ប្រះទឹក Thomas Shoal ក្នុងប្រជុំកោះជម្លោះស្រ្ពាតលី។
ហ្វីលីពីនបានហៅសកម្មភាពរបស់ចិនថាខុសច្បាប់ និងគ្រោះថ្នាក់ ខណៈចិនបាននិយាយថា សកម្មភាពរបស់ហ្វីលីពីនបានរំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិន និងសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង៕