ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃអាទិត្យ បានព្រមានប្រាប់ប្រជាជនអ៊ុនក្រែនឱ្យត្រៀមខ្លួនសម្រាប់រលកថ្មីនៃការវាយប្រហារនារដូវរងារបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ហ្សេឡេនស្គី បានចេញការព្រមាននេះ ក្នុងអំឡុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក ដែលធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកងកម្លាំងវាយប្រហារដោយមីស៊ីលលើទីក្រុងកៀវ ក្រោយស្ងាត់អស់រយៈពេលជាង ៧សប្ដាហ៍។
លោក ហ្សេឡេស្គី និយាយយ៉ាងដូច្នេះថា៖ «យើងចូលជិតពាក់កណ្ដាលខែវិច្ឆិកាហើយ ហើយត្រូវតែត្រៀមខ្លួនសម្រាប់ការពិតដែលថា សត្រូវអាចបង្កើនចំនួនដ្រូន ឬការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង»។
លោកបន្តថា៖ «រុស្ស៊ី កំពុងរៀបចំសម្រាប់អ៊ុយក្រែន។ ហើយនៅទីនេះ នៅអ៊ុយក្រែន ការយកចិត្តទុកដាក់ទាំងអស់គួរតែផ្តោតលើការការពារ លើការឆ្លើយតបនឹងភេរវករ លើអ្វីគ្រប់យ៉ាងដែលអ៊ុយក្រែនអាចធ្វើបាន ដើម្បីឆ្លងកាត់រដូវរងា និងបង្កើនសមត្ថភាពទាហានរបស់យើង»។
កាលពីរដូវរងាឆ្នាំមុន ពោលគឺប្រហែល ១០ ខែ ក្រោយរុស្ស៊ីចាប់ផ្ដើម «ប្រតិបត្តិការយោធា» របស់ខ្លួន រុស្ស៊ីបានធ្វើការវាយប្រហារលើទីតាំងថាមពល និងរោងចក្រផ្សេងទៀតដែលភ្ជាប់ទៅនឹងបណ្តាញថាមពល ដែលជំរុញឱ្យមានការដាច់ចរន្តអគ្គិសនីនៅនៅតំបន់ផ្សេងៗទូទាំងប្រទេស ចំពេលដែលធាតុអាកាសចុះត្រជាក់ខ្លាំង។
រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក Herman Halushchenko បាននិយាយកាលពីថ្ងៃសៅរ៍ផងដែរថា អ៊ុយក្រែននឹងមានធនធានថាមពលគ្រប់គ្រាន់ដើម្បីឆ្លងកាត់រដូវរងា ប៉ុន្តែបានបន្ថែមថា មានកង្វង់ជុំវិញថាតើការវាយប្រហារនាពេលខាងមុខរបស់រុស្ស៊ី អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលដល់កម្រិតណា។
កាលពីថ្ងៃពុធសប្ដាហ៍មុន មន្ត្រីអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ចំនួន៦០ ដង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលនេះជាការចង្អុលបង្ហាញថា យុទ្ធនាការរបស់រុស្ស៊ីក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអាចនឹងដំណើរការរួចហើយ។ រុស្ស៊ីតែងច្រានចោលការអះអាងណាមួយ ដែលថាខ្លួនកំណត់គោលដៅលើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕