រដ្ឋមន្ត្រីការពារជាតិនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជួបប្រជុំគ្នានៅថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាផ្នែកសន្តិសុខ ដោយរំពឹងថានឹងផ្តោតលើការរួមគ្នាប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង រួមទាំងតាមរយៈការអនុវត្តយុទ្ធសាស្ត្របន្ថែមការទប់ទល់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យុទ្ធសាស្ត្របន្ថែមការទប់ទល់ ដែលសហរដ្ឋអាមេរិកនឹងប្រើប្រាស់ធនធានយោធាជាយុទ្ធសាស្ត្ររួមទាំងធនធាននុយក្លេអ៊ែរដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន កាន់តែមានសារៈសំខាន់ នៅពេលដែលកូរ៉េខាងជើង បន្តទៅមុខជាមួយនឹងកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Wosik បានស្វាគមន៍សមភាគីអាមេរិក លោក Lloyd Austin សម្រាប់កិច្ចប្រជុំប្រឹក្សាសន្តិសុខប្រចាំឆ្នាំ (SCM) ដោយអ្នកទាំង ២ រំពឹងថា នឹងពិនិត្យមើលផែនការសម្រាប់អនាគតនៃសម្ព័ន្ធភាព។
សង្គ្រាមអ៊ីស្រាអែលហាម៉ាស់ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលកំពុងបន្ត បានបន្ថែមបន្ទុកលើកិច្ចប្រជុំ ចំពេលទីក្រុងព្យុងយ៉ាងមានកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងជាមួយទីក្រុងម៉ូស្គូ និងកង្វល់ពាក់ព័ន្ធនឹងការគាំទ្ររបស់កូរ៉េខាងជើងចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាស់។ ការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល ធ្វើឱ្យកូរ៉េខាងត្បូងចងចាំ និងប្រុងខ្លួន។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon SukYeol បាននិយាយពេលជួបជុំទទួលទានអាហារពេលល្ងាចក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ក្រុមមន្ត្រីពីប្រទេសផ្សេងៗដែលចូលរួមកិច្ចប្រជុំ SCM ថា សម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួនសម្រាប់ការបង្កហេតុណាមួយពីកូរ៉េខាងជើងរួមទាំង «ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលបែបហាម៉ាស់»៕