មេដឹកនាំ​ពិភពលោក​នឹង​ជួប ប្រជុំ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី (Nairobi)​ ប្រទេស​កេ​ន​យ៉ា ​ក្នុង​ទ្វីប​អាហ្រ្វិក​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ជជែក​ពិភាក្សា​អំពី​ការបង្កើត​
​សន្ធិសញ្ញា​កាត់បន្ថយ​ការ​បំ​ពុល​បង្កឡើង​ដោយ​ប្លា​ស្ទិ​ក​។​


​ពួកគេ​នឹង​ជជែក​គ្នា​ត្រង់ចំណុច​សំខាន់ៗ ថា​តើ​ត្រូវ​កំណត់​បរិ​មាណនៃ​ការផលិត​ប្លា​ស្ទិ​ក ឬ​គ្រាន់តែ​ផ្តោតលើ​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក ហើយ​ពួកគេ​សង្ឃឹមថា សន្ធិសញ្ញា​នេះ​អាចដាក់​ចេញ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​​ ២០២៤​។​


​លោក ដេវីដ អា​ស៊ូ​ឡេ​យ (David Azoulay)​ មេធាវី​នៅ​មជ្ឈមណ្ឌល​ច្បាប់បរិស្ថាន​អន្តរ​ជាតិ ដែលជា​អ្នកសង្កេតការណ៍​ក្នុង​កិច្ច​ពិភាក្សាបាន​និយាយថា​៖«​យើង​ស្ថិតនៅត្រង់​ចំណុច​មួយ ដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​ប្លា​ស្ទិ​ក​»​។​


​បច្ចុប្បន្ននេះ ពិភពលោក​ទាំង​​មូល​កំពុង​ផលិត​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន ​៤០០​ លាន​តោន​ក្នុង​ ១ ​ឆ្នាំ ហើយ​មានតែ​ ១០% ប៉ុណ្ណោះ​ដែល​ត្រូវបាន​កែច្នៃ​ឡើងវិញ​។ ភាគច្រើន​នៃ​កាកសំណល់​ត្រូវបាន​ដឹក​ទៅ​ចាក់ចោល​នៅ​កន្លែង​ចាក់សំរាម និង​ខ្លះទៀត​កំពុង​ក្លាយទៅជា​សំណល់​បំពុល​មហាសមុទ្រ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ផលិត​ប្រេង ដែលជា​រឿយៗ​ក៏បាន​ផលិត​ប្លា​ស្ទិ​ក​ផង​ដែរនោះ កំពុង​ស្វែងរក​ប្រភព​ចំណូល​ថ្មី ដោយសារតែ​ពិភពលោក​កំពុង​ព្យាយាម​កាត់បន្ថយ​ថាមពល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។ 

នេះ​មានន័យថា ចំនួន​ផលិតកម្ម​ប្លា​ស្ទិ​ក​អាច​នឹង​កើនឡើង​ក្នុង​ទសវត្សរ៍​ខាង​​មុខ​នេះ​។ សព្វថ្ងៃនេះ ៩៨% នៃ​ប្រភេទ​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ ១ ​ដង ដូចជា​ដប​ទឹក និង​ប្រអប់​ប្លា​ស្ទិ​ក​ជាដើម គឺ​សុទ្ធតែ​ផលិត​ដោយ​ប្រើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល នេះ​បើ​យោងតាម​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​។​

​សហភាព​អឺរ៉ុប និង​ប្រទេស​ជាច្រើន​ទៀត​ដូចជា កាណាដា ជប៉ុន និង​កេ​ន​យ៉ា ចង់បាន​សន្ធិសញ្ញា​ដែល​បង្ខំ​ឱ្យ​ប្រទេស​នានា​កាត់បន្ថយ​ការផលិត និង​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ហាម​ប្រាម ឬ​រឹតបន្តឹង​ប្លា​ស្ទិ​ក​ដែល​បង្ក​គ្រោះថ្នាក់​។​

 ​ប៉ុន្តែ ប្រទេស​ឧស្សាហកម្ម​ប្លា​ស្ទិ​ក និង​ប្រទេស​នាំចេញ​ប្រេង និង​គីមី​ឥន្ធនៈ ដូចជា អារ៉ាប៊ីសាអ៊ូឌីត បាន​ប្រឆាំងនឹង​គោលបំណង​បង្កើត​សន្ធិសញ្ញា​នេះ​។​

​ពួកគេ​ចង់ឱ្យ​សន្ធិសញ្ញា​នេះ​ផ្តោតលើ​ការកែច្នៃ​ឡើងវិញ និង​ការប្រើប្រាស់​ឡើងវិញ​នូវ​ប្លា​ស្ទិ​ក​ជំនួស​ឱ្យ​ការ​រឹតបន្តឹង​លើ​ការផលិត​។​

អារ៉ាប៊ី សាអ៊ូឌីត បាន​លើកឡើងថា បញ្ហា​នៃ​ការបំពុល​បរិស្ថាន​បង្ក​ឡើង​ដោយ​ប្លា​ស្ទិ​ក គឺ​បណ្តាលមកពី​ការគ្រប់គ្រង​កាកសំណល់​មិនល្អ​។ ដោយឡែក សហរដ្ឋអាមេរិក​ធ្លាប់​ចង់ឱ្យមាន​សន្ធិសញ្ញា​ដែល​តម្រូវឱ្យ​ប្រទេស​នានា​បង្កើត​ផែនការ​គ្រប់គ្រង​ប្លា​ស្ទិ​ក ប៉ុន្តែ​ឥឡូវនេះ អាមេរិក​បានប្រកាសថា សន្ធិ​សញ្ញា​គួរតែមាន​ការកំណត់​គោលដៅ​រួម​ជា​សកល​ដើម្បី​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិ​ក ហើយ​ប្រទេស​នានា​គួរតែរៀបចំ​ផែនការ​ដើម្បី​សម្រេច​គោល​ដៅ​រួម​ទាំងនោះ​រៀងៗ​ខ្លួន​។​

សម្រាប់​ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​សមាគម​គីមី (ICCA) វិញ ចង់ឱ្យ​សន្ធិសញ្ញា​នេះ​ផ្តោតលើ​មធ្យោបាយ​កែច្នៃ និង​ការប្រើ​​ប្រាស់​ឡើងវិញ​នូវ​ប្លា​ស្ទិ​ក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​អ្នកនាំពាក្យ​សមាគម​នេះ​បាន​និយាយថា​៖«​សន្ធិសញ្ញា​គួរតែ​ផ្ដោតលើ​ការបញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក មិនមែន​បញ្ឈប់​ការផលិត​ប្លា​ស្ទិ​ក​នោះទេ​»​។​

សម្រាប់​ក្រុមហ៊ុន​ផលិត​ឥន្ធនៈ​ហ្វូ​ស៊ី​ល និង​គីមី​ឥន្ធនៈ​វិញ ប្រាកដ​ណាស់​ពួកគេ​មិន​ពេញ​ចិត្តនឹង​សន្ធិសញ្ញា​ប្លា​ស្ទិ​ក​នេះ​ទេ ព្រោះ​វា​នឹងមាន​ផលប៉ះពាល់​ចំពោះ​ប្រាក់ចំណេញ​របស់​ពួកគេ​។ ផ្ទុយទៅវិញ ពួកគេ​ចង់ឱ្យ​ប្រទេស​នីមួយៗ​មានការ​ទទួលខុសត្រូវ​លើ​ការសម្អាត​ការបំពុល​ប្លា​ស្ទិ​ក ជាជាង​ការ​ដែល​តម្រូវឱ្យ​ឧស្សាហ​កម្មនេះ​ជា​អ្នកទទួលខុសត្រូវ​។​

និយាយ​ជារួម​គឺថា ប្រទេស​អា​រ៉ា​ប៊ី​ សាអ៊ូ​ឌី​ត និង​ប្រទេស​ដែល​សម្បូរ​ប្រេង​ផ្សេងទៀត​ដូចជា រុស្ស៊ី អ៊ី​រ៉ង់ គុយបា ចិន និង​បា​រ៉ែ​ន កំពុង​ព្យាយាម​ធ្វើឱ្យ​សន្ធិសញ្ញា​ប្លា​ស្ទិ​ក​ពិភពលោក​នេះ​មិនអាច​កើតឡើង ព្រោះ​ដើម្បី​កុំឱ្យ​ពួកគេ​ត្រូវ​បាត់បង់​ប្រាក់ចំណេញ​។​

បន្ថែម​លើ​នេះ អា​រ៉ា​ប៊ី​សា ​អ៊ូ​ឌី​ត​ កំពុង​រារាំង​វឌ្ឍនភាព​សន្ធិសញ្ញា​ប្លា​ស្ទិ​ក​នេះ ដោយ​ទាមទារ​ឱ្យមាន​ការសម្រេច​អ្វីមួយ ត្រូវធ្វើឡើង​ដោយ​គោលការណ៍​កុង​សង់​ស៊ី​ស ដែល​នេះ​មានន័យថា ប្រសិនបើ​ប្រទេស​ណាមួយ​មិន​យល់ស្រប នោះ​សន្ធិសញ្ញា​មិនអាច​ធ្វើទៅ​បានឡើយ​៕