នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានផ្តាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក ដោយមានការដករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបន្ថែមសមាសភាពថ្មី គឺអតីតនាយករដ្ឋមន្ត្រី ដេវីដ ខេមឺរ៉ុន (David Cameron) ដែលធ្លាប់តតាំងមិនឱ្យអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ជារដ្ឋមន្ត្រីក្រសួងការបរទេស។
តាមការចុះផ្សាយនានា លោកស្រី ស៊ូឡា ប្រាវឺម៉ាន (Suella Braverman) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានដកចេញពីតំណែង បន្ទាប់ពីលោកស្រីបានរិះគន់ប៉ូលិសអង់គ្លេស ថា មានភាពយឺតយ៉ាវក្នុងការចាត់វិធានការទៅលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងប្រឆាំងអ៊ីស្រាអែល។
រដ្ឋាភិបាលបានលើកឡើងថា ការចាកចេញរបស់លោកស្រី ប្រាវឺម៉ាន គឺជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រី ដែលផ្តួច ផ្តើមដោយ លោក ស៊ូណាក់ ដើម្បីរៀបចំក្រុមរដ្ឋាភិបាលកំពូលៗរបស់គាត់។
ក្នុងការរុះរើនេះ លោក ចេម ខ្លេវឺលី (James Cleverly) អតីតរដ្ឋមន្ត្រីការបរទេស ត្រូវបានជ្រើសតាំងឱ្យចូលកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួសឱ្យលោកស្រី ប្រាវឺម៉ាន។ លោកស្រីក៏បានសម្តែងការដឹងគុណចំពោះពេលវេលាកន្លងមកដែលលោកស្រីបានបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបាននិយាយថា លោកស្រី នឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនាពេលអនាគត។
ក្រោយការដកតំណែងរបស់លោកស្រី ប្រាវឺម៉ាន លោក ស៊ីម៉ុន ចេនគីន (Simon Jenkins) អ្នកនិពន្ធអត្ថបទបែបអធិប្បាយប្រចាំនៅកាសែត The Guardian បានចេញផ្សាយអត្ថបទរិះគន់លោកស្រី ប្រាវឺម៉ាន ថា លោកស្រីមិនគួរត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាំងតែពីដំបូងមកម្ល៉េះពោលគឺលោកស្រីត្រូវបានតែងតាំង ដោយសារហេតុផលមិនសមរម្យពីរយ៉ាង ទី១ ដើម្បីជាការលើកទឹកចិត្ត សម្រាប់ការគាំទ្រលោកស្រី លីស ត្រាស្ស (Liz Truss) និងលោក ស៊ូណាក់ ក្នុងយុទ្ធនាការដឹកនាំរបស់ពួកគេ និងទី២ ដើម្បីមានសំឡេងស្តាំនិយមនៅក្នុងគណៈរដ្ឋមន្ត្រី។
លោក ចេនគីន បានបន្ថែមថា ការបណ្តេញចេញពីមុខតំណែងរបស់លោកស្រីមិនមែនដោយសារគាត់បានបង្ខំមេប៉ូលិសជាន់ខ្ពស់ឱ្យបញ្ឈប់បាតុកម្មប្រឆាំងអ៊ីស្រាអែលនោះទេ ប៉ុន្តែគឺដោយសារតែលោកស្រីបានធ្វើឱ្យលោក ស៊ូណាក់ខឹងសម្បារព្រោះតែបានសរសេរអត្ថបទកាសែតមួយអំពីបញ្ហានេះ។ លោកបានរំលេចថា នេះមិនមែនជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រទេសនោះទេ។
លោក ចេនគីន បានធ្វើការរំឭកថា ៖«វាជារឿងធម្មតាទេដែលនាយករដ្ឋមន្ត្រី តែងតាំងមនុស្សពីបក្សពួកផ្សេងៗគ្នាចូលក្នុងគណៈរដ្ឋមន្ត្រី។ ប៉ុន្តែគេគួរតែជ្រើសរើសមនុស្សដែលមានសមត្ថភាពបំផុត មិនមែនមនុស្សស្មោះត្រង់បំផុតនោះទេ។ លោក បូរីស ចនសុន (Boris Johnson) មិនបានធ្វើដូចលោក ស៊ូ ណាក់ នោះទេកាលពីឆ្នាំ២០១៩ នៅពេលដែលគាត់បានបណ្តេញរដ្ឋមន្ត្រីដែលមានសមត្ថកិច្ចចេញពីគណៈរដ្ឋមន្ត្រីរបស់លោកស្រី ថឺរីសា ម៉េ (Theresa May) ហើយជំនួសពួកគេដោយមនុស្សដែលមិនសូវមានសមត្ថភាព។ លោក ស៊ូណាក់ ហាក់មិនបានកែកំហុសត្រង់ចំណុចនេះនោះទេ»។
គួរកត់សម្គាល់ថា រដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន មានសំឡេងភាគច្រើននៅក្នុងសភា ប៉ុន្តែក៏តែងតែមានវិបត្តិឥតឈប់ឈរ ដោយសារក្រុមមេដឹកនាំរបស់ខ្លួនមិនសូវល្អ។ នាយករដ្ឋមន្ត្រី ស៊ូណាក់ បានជ្រើសរើសក្រុមរដ្ឋមន្ត្រី ដែលមិនសូវពូកែខាងដឹកនាំនោះទេ លើកលែងតែលោក មីខែល ហ្គវ (Michael Gove) និងលោក ខ្លេវឺលី។ លោកបានផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីដោយឥតឈប់ឈរ ដោយមានរដ្ឋមន្ត្រីដូចជា លោក ហ្គ្រែន ហ្សេប (Grant Shapps) ជាដើម ដែលធ្លាប់បានកាន់តំណែងគណៈរដ្ឋមន្ត្រីចំនួនបួនផ្សេងៗគ្នា ក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ នេះជាការលើកឡើងរបស់លោក ចេនគីន។
លោក ចេនគីន ក៏បានបញ្ជាក់ផងដែរថា ៖ «វាពិតជាពិបាកសម្រាប់រដ្ឋមន្ត្រីថ្មី ក្នុងការបំពេញការងាររបស់ពួកគេឱ្យបានល្អ។ ប៉ុន្តែដោយសារតែភាពមិនមានប្រសិទ្ធភាពនៃការបំពេញមុខងារស៊ីវិល និងការផ្លាស់ប្តូររដ្ឋមន្ត្រីញឹកញាប់ពេក រដ្ឋាភិបាលមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាព ដែលនាំឱ្យមានបញ្ហាផ្សេងៗជាច្រើនកើតមាននៅក្នុងក្រសួង ដូចជាក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ជាដើម»។
លោក ស៊ូណាក់ គឺជានាយករដ្ឋមន្ត្រី ដែលឧស្សាហ៍ព្យាយាម ប៉ុន្តែគាត់មិនមានទីប្រឹក្សាល្អនោះទេ។ គាត់ទំនងជាត្រូវបានជំនួសមុខតំណែងក្នុងរយៈពេលតិចជាងមួយឆ្នាំទៀត។ គួរដឹងដែរថា លោក ស៊ូណាក់ បានសម្រេចតែងតាំងលោក ខ្លេវឺលី ឱ្យទទួលបន្ទុកក្រសួងមហាផ្ទៃហើយបានឱ្យលោក ដេវីដ ខេមឺរ៉ុន (David Cameron) ចូលកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក ខេមឺរ៉ុន ជាមនុស្សមានបទពិសោធន៍ ប៉ុន្តែលោកមិនមែនជាសមាជិកសភានោះទេ។ ដូច្នេះ វាបានបង្ហាញថាគណបក្សអភិរក្សនិយមអង់គ្លេសរបស់លោក ស៊ូណាក់ កំពុងមានបញ្ហាហើយ។
លោក ចេនគីន ក៏បានរិះគន់យ៉ាងធ្ងន់ៗថា ៖ «គណបក្សអភិរក្សនិយម ធ្លាប់តែជាគណបក្សដែលមានថ្នាក់ដឹកនាំស្និទ្ធស្នាលនឹងគ្នា និងស្មោះស្ម័គ្រ ហើយមានអាកប្បកិរិយាល្អ ជាពិសេសពេលកាន់អំណាច។ ប៉ុន្តែពេលនេះ គណបក្សនេះពោរពេញទៅដោយមនុស្សអាត្មានិយម និងមានគម្រោងកម្ចាត់លោក ស៊ូណាក់ ចេញពីតំណែង ក្នុងគោលបំណងចង់ក្លាយទៅជានាយករដ្ឋមន្ត្រីរៀងៗខ្លួន»៕