ខណៈដែលសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប៉ាឡេស្ទីន កំពុងបន្ត និងភាគីអ៊ីស្រាអែល មានប្រៀបឈ្នះលើសង្គ្រាមមួយនេះ សេណារីយ៉ូ ជាច្រើនបានស្នើឡើងដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា ដោយមិនឱ្យអ៊ីស្រាអែលគ្រប់គ្រងផ្ទាល់នោះទេ ប៉ុន្តែភាគីអ៊ីស្រាអែល បានច្រានចោលសំណើរផ្សេងៗរួមទាំងសហរដ្ឋអាមេរិកផង ដោយមិនឱ្យខ្លួនគ្រប់គ្រងហ្គាហ្សា។
សម្រាប់សហភាពអឺរ៉ុបវិញ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានដាក់ចេញនូវសំណើកាលពីថ្ងៃចន្ទ សម្រាប់របៀបដែលតំបន់ហ្គាហ្សា គួរតែដំណើរការ បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអំពាវនាវឱ្យបណ្តាប្រទេសអារ៉ាប់ ដើរតួនាទីកាន់តែធំនៅក្នុងរដ្ឋបាលប៉ាឡេស្ទីន នាពេលអនាគត។
យោងតាមការចេញផ្សាយរបស់រ៉យទ័រ លោក Borrell ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ទឹកដីប៉ាឡេស្ទីន និងប្រទេសជិតខាងនៅចុងសប្តាហ៍នេះ បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការគិតអំពីអ្វីដែលកើតឡើង បន្ទាប់ពីសង្គ្រាម ទោះបីជាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏ដោយ។
លោកបាននិយាយថា សហគមន៍អន្តរជាតិបានបរាជ័យ «ខាងនយោបាយ និងសីលធម៌» ដើម្បីបង្កើតដំណោះស្រាយជាប់លាប់ចំពោះជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយឥឡូវនេះវាដល់ពេលដែលត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញដើម្បីស្វែងរកដំណោះស្រាយរដ្ឋពីរ។
លោក បានលើកឡើងថា គួរតែមានអាជ្ញាធរប៉ាឡេស្ទីន ដែលលោកបានស្នើអាចជាកំណែ «ពង្រឹង» នៃអាជ្ញាធរប៉ាឡេស្ទីនបច្ចុប្បន្នដែលគ្រប់គ្រងតំបន់វ៉េសប៊ែង (West Bank) «ជាមួយនឹងភាពស្របច្បាប់ដែលត្រូវកំណត់ និងសម្រេចដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។ .
ក្រុមប្រទេសជាច្រើន ដែលគោរពសាសនាឥស្លាមជាគោល ជាពិសេសប្រទេសក្នុងតំបន់អារ៉ាប់ ទើបបានជួបប្រជុំនៅរដ្ឋធានីរីយ៉ាដប្រទេសអារ៉ាប៊ី សាអូឌីត ដោយប្រទេសទាំងនោះបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ពីសំណាក់អ៊ីស្រាអែល ដែលតែងបដិសេធធ្វើរឿងនេះតាំងពីចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី៧ខែតុលាមក។
តាមសេចក្តីរាយការណ៍នានា សង្គ្រាមជាង ១ ខែ កន្លងមកនេះ បណ្តាលឱ្យមនុស្សជាង ១០០០០ នាក់ បាត់បង់ជីវិត រាប់ម៉ឺននាក់រងរបួស និង រាប់សែននាក់បានបាត់បង់ទីជម្រក។ លើសពីនេះ វិបត្តិមនុស្សធម៌បានកើតឡើយយ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា៕