សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងពិភាក្សាគ្នាអំពីការពង្រឹងបណ្ដាញទំនាក់ទំនង និងការគ្រប់គ្រងការប្រកួតប្រជែងក្នុងជំនួបក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅសប្តាហ៍នេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ជំនួបដោយផ្ទាល់នៅឆកសមុទ្រសានហ្រ្វង់ស៊ីស្កូ នាថ្ងៃពុធនេះ នឹងក្លាយជាជំនួបលើកដំបូងរវាងលោក បៃដិន និងលោក ស៊ីក្នុងរយៈពេល ១ ឆ្នាំ ក្នុងគោលបំណងបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចពិភពលោកទាំង ២។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ចេក ស៊ូលីវ៉ាន បានប្រាប់អ្នកយកព័ត៌មានថា លោក បៃដិនជឿថា ការជួបគ្នាពិភាក្សាការទូតដោយផ្ទាល់គឺជាជម្រើសសំខាន់បំផុត ដើម្បីគ្រប់គ្រងទំនាក់ទំនងដ៏ស្មុគស្មាញ។
លោក ស៊ូលីវ៉ាន បាននិយាយដោយសំអាងថា៖ «យើងរំពឹងថា មេដឹកនាំទាំង២ នឹងពិភាក្សាអំពីធាតុជាមូលដ្ឋានសំខាន់បំផុតមួយចំនួន សម្រាប់ទំនាក់ទំនងទ្វេភាគី សហរដ្ឋអាមេរិក-ចិន រួមទាំងសារៈសំខាន់នៃការបន្តពង្រឹងបណ្តាញទំនាក់ទំនងបើកចំហ និងការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ដើម្បីវាធ្លាក់ទៅជាជម្លោះ» ។
មន្រ្តីសេតវិមានដដែលបន្តថា៖ «វិធីដែលយើងសម្រេចបាននោះគឺតាមរយៈភាពខ្នះខ្នែងនៃការទូត។ នោះហើយជារបៀបដែលយើងជម្រះការយល់ខុស និងជៀសវាងការភ្ញាក់ផ្អើលផ្សេងៗ»។
បន្ថែមពីនេះ លោក ស៊ូលីវ៉ាន បាននិយាយថា អាមេរិកកំពុងស្វែងរកលទ្ធផលជាក់លាក់ពីកិច្ចប្រជុំ APEC ហើយសង្ឃឹមថានឹងឃើញវឌ្ឍនភាពក្នុងការបង្កើតទំនាក់ទំនងរវាងយោធានិងយោធាជាមួយប្រទេសចិនឡើងវិញ និងក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មថ្នាំហ្វេនតានីល (Fentanyl) ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋអាមេរិកជាច្រើន។
ប្រទេសចិន បានកាត់ផ្តាច់ទំនាក់ទំនងយោធា និងយោធាជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ក្រោយអតីតប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ជម្នះធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ ដែលចិនទាមទារថា ជារបស់ខ្លួន។ ភាពតានតឹងទំនាក់ទំនងអាមេរិក-ចិន កាន់តែកើនឡើងខ្លាំងថែមទៀត ពេលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិនកាលពីខែកុម្ភៈដើមឆ្នាំនេះ។
ជុំវិញបញ្ហានេះ លោក ស៊ូលីវ៉ាន បានលើកឡើងថា ការប្រាស្រ័យទាក់ទងគ្នារវាងយោធា គឺជាមធ្យោបាយដើម្បីធានាថា ការប្រកួតប្រជែងមិនវិវត្តន៍ទៅជាជម្លោះ។
គេមើលឃើញថា ចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចក្នុងឆ្នាំ ២០២១ លោកបានធ្វើកិច្ចសន្ទនាជាមួយគ្នាប្រមាណ ៦ ដង។ នេះបើតាមរ៉យទ័រ។ ប៉ុន្តែធ្លាប់ជួបគ្នាតែម្ដងប៉ុណ្ណោះ រាប់ចាប់តាំងពីពេលនេះមក ខណៈលោក ស៊ី ខកខានធ្វើដំណើរទស្សនកិច្ចទៅអាមេរិក រាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ អ្នកវិភាគនិយាយថា ជំនួបលើកនេះ នឹងពេញដោយបរិយាកាសសង្ស័យ ក៏ដូចជាភាពមិនប្រកដប្រជាចំពោះគ្នាទៅវិញទៅមក។
ក្រៅពីនេះផងដែរ ងាកទៅមើលកិច្ចប្រជុំ APEC ដែលនឹងប្រព្រឹត្តពីថ្ងៃពុធ ដល់ថ្ងៃសុក្រវិញ ក៏រំពឹងថានឹងគ្របដណ្តប់លើបញ្ហាសកល រាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស រហូតដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី បញ្ហាតៃវ៉ាន់ សិទ្ធិមនុស្ស បញ្ញាសិប្បនិមិត្តក៏ដូចជាបញ្ហាទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម៕