ប្រទេសចិន បានជំរុញឱ្យម្ចាស់បំណុលផ្សេងទៀតរបស់ប្រទេសហ្សំប៊ី (Zambia) ចូលរួមជួយជ្រោមជ្រែង និងទទួលខុសត្រូវលើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសនេះ បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងម្ចាស់បំណុលផ្លូវការផ្សេងទៀត ដែលរួមមានទាំងចិនផងនោះបានលើកឡើងពីការព្រួយបារម្ភពីកិច្ចព្រមព្រៀងរបស់ហ្សំប៊ី ជាមួយម្ចាស់បំណុលនៅក្រៅប្រទេសបន្ថែមទៀត។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្សំប៊ី បានបញ្ជាក់ពីការជជែកពិភាក្សាដែលកំពុងបន្តរវាងហ្សំប៊ី និងគណៈកម្មាធិការម្ចាស់បំណុល។ កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការម្ចាស់បំណុលផ្លូវការដែលដឹកនាំដោយប្រទេសចិន និងបារាំង រួមជាមួយនឹង IMF បានសម្តែងការព្រួយបារម្ភរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។
យ៉ាងណាមិញ គេនៅមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ណាមួយអំពីបញ្ហានេះនៅឡើយទេ ប៉ុន្តែក្រុមអ្នកឃ្លាំមើលបំណុលដែលជាក្រុមយុទ្ធនាការមួយនៅហ្សំប៊ីបានប៉ាន់ប្រមាណថា ម្ចាស់បំណុលទាំងនោះនឹងទទួលបានការប្រាក់ត្រឡប់វិញច្រើនជាងម្ចាស់បំណុលផ្លូវការប្រសិនបើកិច្ចព្រមព្រៀងរវាងហ្សំប៊ី និងម្ចាស់បំណុលទាំងអស់នោះអាចដំណើរការទៅមុខបាន។
ក្រសួងការបរទេសចិន បានលើកឡើងកាលពីថ្ងៃចន្ទ អំពីការជំរុញឱ្យម្ចាស់បំណុលទាំងអស់នោះថា៖ «ម្ចាស់បំណុលគ្រប់ស្ថាប័ន ត្រូវសហការ និងចូលរួមគ្រប់គ្រងបំណុលរបស់ហ្សំប៊ីដោយផ្អែកលើគោលគំនិតនៃការធ្វើការរួមគ្នាដោយយុត្តិធម៌» នេះគឺជាការឆ្លើយតបរបស់ចិន ចំពោះការស៊ើបអង្កេតរបស់សារព័ត៌មានរ៉យទ័រ (Reuters) ដែលបានរកឃើញពីការព្រួយបារម្ភទាក់ទងនឹងកិច្ចព្រមព្រៀងរវាងម្ចាស់បំណុលថ្មី និងហ្សំប៊ី។
កាលពី ៣ ឆ្នាំមុន ប្រទេសហ្សំប៊ី បានប្រកាសថា ខ្លួនគ្មានលទ្ធភាពក្នុងការបង់ប្រាក់កម្ចីផ្លូវការទេ ប៉ុន្តែស្នើរៀបចំឥណទានឡើងវិញជាមួយម្ចាស់បំណុល៕