ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារថា រដ្ឋាភិបាលកូរ៉េខាងជើងបានរិះគន់ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ ដែលគេស្គាល់ថា «G7» ថា ជាក្រុមប្រទេស «សំណល់ពីសង្គ្រាមត្រជាក់» ដែលបង្កជម្លោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារ ក្រោយកិច្ចប្រជុំ G7 នៅក្រុងតូក្យូកាលពីចុងសប្ដាហ៍កន្លងទៅ ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៅក្រសួងការបរទេសកូរ៉េខាងត្បូង លោក Jo Chol Su បានថ្កោលទោសរដ្ឋមន្ត្រីការបរទេស G7 ចំពោះការ «បង្កាច់បង្ខូច» កូរ៉េខាងត្បូងចំពោះការអនុវត្តយុទ្ធសាស្ត្រការពារខ្លួនឯង និងអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន។
សេចក្តីថ្លែងការណ៍រួមរបស់ G7 បានអំពាវនាវឱ្យផ្អាកជម្លោះអ៊ីស្រាអែល-ហាម៉ាស់ ដើម្បីបើកផ្លូវឱ្យជំនួយមនុស្សធម៌ បញ្ជាក់ជាថ្មីពីការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងថ្កោលទោសការសាកល្បងមីស៊ីល និងការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីរបស់កូរ៉េខាងជើង។
ដោយហេតុនេះ លោក Jo និយាយថា៖ «G7 ដែលបានបង្ក និងជំរុញឱ្យមានវិបត្តិអន្តរជាតិនាពេលថ្មីៗនេះ និយាយអ៊ីចេះអ៊ីចុះ ដើម្បីទម្លាក់កំហុសលើរដ្ឋអធិបតេយ្យភាពឯករាជ្យផ្សេងៗ»។
លោកបន្តថា G7 គ្រាន់តែជាប្រភពដ៏គ្រោះថ្នាក់ចម្បងនៃការបំផ្លាញសន្តិភាព និងសន្តិសុខពិភពលោក និងជាឧបសគ្គចម្បង ចំពោះការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដ៏ត្រឹមត្រូវមួយ។
លោក Jo បាននិយាយថា ក្រុមនេះមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិបានទេ ព្រោះវាការពារតែផលប្រយោជន៍របស់ប្រទេសមួយចំនួនប៉ុណ្ណោះ។
លោកបានចោទសហរដ្ឋអាមេរិក ថាជាអ្នកផ្គត់ផ្គង់អាវុធប្រល័យលោកដល់អ៊ុយក្រែន ដើម្បី «បំផ្លាញសន្តិភាព និងស្ថិរភាព» ដោយចេតនានៅទ្វីបអឺរ៉ុប។
លើសពីនេះថែមទៀត លោក Jo ក៏បានចោទក្រុងវ៉ាស៊ីនតោនពីការបង្កការវាយប្រហារយោធានៅតំបន់ហ្គាហ្សា ខណៈនិយាយការពារការសម្លាប់រង្គាលដ៏គួរឱ្យខ្លាចលើជនស៊ីវិលពីសំណាក់អ៊ីស្រាអែល។
លោកបន្ថែមថា ការណ៍នេះ ធ្វើឱ្យ G7 បាត់បង់តម្លៃយុត្តិធម៌សម្រាប់អត្ថិភាពរបស់ក្រុម។ លោកបន្តទៀតថា៖ «G7 ដែលជាបំណែកសេសសល់នៃសង្គ្រាមត្រជាក់ គួរតែត្រូវរំលាយចេញភ្លាមៗ ហើយនេះនឹងជាជំហានដំបូងឆ្ពោះទៅរកការលុបបំបាត់វិបត្តិអន្តរជាតិបច្ចុប្បន្ន និងការស្តារសន្តិភាពពិភពលោក»៕