​២ ថ្ងៃ​ បន្ទាប់​ពី​​កា​របង្ហាញ​បំណង​​​ដាក់​ពង្រាយ​​ប៉ូលិសចិន​ ល្បាតតាម​តំបន់​ទេសចរណ៍សំខាន់ៗ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ពីភ្ញៀវទេសចរ​ចិន រដ្ឋាភិបាល​ថៃ​ បាន​លុប​ចោល​ផែនការ​​​នោះវិញ​ ក្រោយ​ពី​មាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សាធារណជន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

ផែន​ការ​នេះ​ ​ត្រូវ​បាន​​មន្រ្តី​ផ្នែក​ទេសចរណ៍​ថៃ បញ្ចេញ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ភ្ញៀវ​ទេ​សចរ​ រួម​ទាំង​ភ្ញៀវទេសចរ​ចិន​។ ​យ៉ាង​ណា​មិញ​ វា​បាន​បង្ក​ឱ្យ​មាន​ការ​រិះ​គន់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ថា​ធ្វើ​ឱ្យ​​​​ខូច​​អធិបតេយ្យភាព​​ជាតិ​ និង​ការ​ច្រាន​ចោល​ពី​​​ប្រមុខ​​ប៉ូលិស​ថៃ​។ ​​

​ជុំ​វិញ​ជំហាន​ចុង​ក្រោយ​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ​SudawanWangsuphakijkosol​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​​ ៖ «​​មាន​វិធី​ជំនួស​ជា​ច្រើន​​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​​សម្រាប់​ភ្ញៀវ​ទេសចរ​​ក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ​យើង​នឹង​មិន​មាន​ការ​ល្បាត​រួម​គ្នា​ទេ​»​។

​លោក Sudawan​បាន​​​បន្ត​​​ថា​​៖ ​«​​កម្លាំង​​ប៉ូលិស​​​ថៃ​ ​មាន​​គ្រប់​គ្រាន់​​រួច​​ហើយ​ ហើយ​​កំពុង​​ធ្វើ​​ការ​​យ៉ាង​​ខ្លាំង​​ដើម្បី​​ស្ដារ​​ទំនុក​​ចិត្ត​​ឡើង​​វិញ​»​។​

គួរ​​​បញ្ជាក់​ថា​ អាជ្ញាធរថៃ ​បាន​​រឹត​បន្តឹង​សន្តិសុខ​កាន់​តែខ្លាំង​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​​​នៅ​ផ្សារ​ទំនើប​ Saim Paragon កណ្ដាល​​ទីក្រុង​បាងកក ​កាល​ពី​ខែ​មុន​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ ២​ នាក់​ ស្លាប់​ រួម​ទាំង​​ជន​ជាតិ​ចិន ​ម្នាក់​ ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​សុវត្ថិភាព​។

គេ​មើល​ឃើញ​ថា​ ការ​ស្តារ​ទំនុក​ចិត្ត​ភ្ញៀវទេសចរ​ឡើង​វិញ​​ មាន​សារៈ​សំខាន់​​ណាស់​​សម្រាប់​ឧស្សាហកម្ម​ទេ​សចរណ៍​ថៃ​ ​​ជា​ពិសេស​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន​ ដែល​រួម​ចំណែក​សំខាន់​សម្រាប់​វិស័យ​​ទេសចរណ៍​ថៃ​។​

ក្នុង​ឆ្នាំ​ ២០១៩ ពោល​មុន​​ពេល​វិស័យ​ទេសចរណ៍​ធ្លាក់​ចុះ​ជា​​គំហុក​ដោ​យសារ​វិបត្តិ​កូវីដ​១៩​ ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ១១ លាន​នាក់​ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ប្រចាំ​ឆ្នាំ​ជិត​ ៤០ លាន​នាក់​ បាន​​ធ្វើ​​ដំណើរ​កំសាន្ត​ទៅ​ប្រទេស​ថៃ​៕