ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានជួបពិភាក្សាគ្នាមួយកាលពីដើមសប្តាហ៍នេះ នៅមុនការរៀបចំជំនួបលើកដំបូងរវាងលោក បៃដិននិងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង។ បើយោងតាមកាលវិភាគ លោក បៃដិនគ្រោងនឹងជួបលោក ស៊ីនៅថ្ងៃពុធនេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដោយលោក បៃដិនបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅសេតវិមាន មុនពេលពួកគេធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ដែលកំពុងប្រព្រឹត្តិទៅចាប់តាំងពីថ្ងៃទី១១ ដល់ទី១៧ ខែវិច្ឆិកា។
សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ក៏បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក៏ដូចជាវិស័យសន្តិសុខតាមអ៊ីនធឺណិត លំហអាកាស សមយុទ្ធរួម និងសុវត្ថិភាពនុយក្លេអ៊ែរជាដើម។ ពួកគេក៏បានសហការគ្នាលើគោលដៅអាកាសធាតុ ដោយផ្តោតលើការលើកកម្ពស់បណ្តាញអគ្គិសនី និងគុណភាពខ្យល់។
យោងតាមសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរកំពុងសហការគ្នាលើកិច្ចព្រមព្រៀងអំពីសារធាតុនីកែលដែលជាលោហៈប្រើក្នុងអាគុយរថយន្តអគ្គិសនី។យ៉ាងណាក៏ដោយ រដ្ឋបាលលោក បៃដិន មានការប្រុងប្រយ័ត្នខ្លាំងចំពោះស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ចនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយកំពុងសិក្សាពីរបៀបដែលកិច្ចព្រមព្រៀងនេះអាចធ្វើទៅបានដោយត្រឹមត្រូវតាមស្តង់ដារ។
លោក បៃដិននិងលោក ចូកូវី ក៏បានព្រមព្រៀងគ្នាបង្កើតផែនការសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើរ៉ែសំខាន់។ នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង ឥណ្ឌូនេស៊ី នឹងធ្វើការផ្គត់ផ្គង់សារធាតុរ៉ែសម្រាប់អាគុយរថយន្តអគ្គិសនីទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) ដែលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេបានបញ្ចប់ទៅ។
លោកស្រី រ៉េតណូ បាននិយាយថាពួកគេបានយល់ព្រមចាប់ផ្តើមផែនការភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP) ដែលអាមេរិកនឹងដាក់ចេញមូលនិធិដែលមានទំហំទឹកប្រាក់ប្រមាណ ២០ ប៊ីលានដុល្លារអាមេរិក ដើម្បីជួយឥណ្ឌូនេស៊ី ក្នុងការសម្អាតផ្នែកថាមពលរបស់ខ្លួន។
លើសពីនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានស្នើឲ្យប្រធានាធិបតីអាមេរិក ជួយដោះស្រាយបញ្ហាជម្លោះរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងអ៊ីស្រាអែល ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ដោយឥណ្ឌូណេស៊ីបានសម្ដែងការព្រួយបារម្ភពីអំពើហិង្សាដែលកំពុងកើតមាននៅហ្កាហ្សា ដែលត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកអស់រយៈពេលជាងមួយខែមកនេះ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកបានស្នើឱ្យឥណ្ឌូណេស៊ីដើរតួនាទីកាន់តែលេចធ្លោក្នុងការរក្សាស្ថិរភាពនៅមជ្ឈិមបូព៌ា ប៉ុន្តែឥណ្ឌូណេស៊ីហាក់មានការប្រុងប្រយ័ត្នខ្លាំងចំពោះការចូលពាក់ព័ន្ធនឹងបញ្ហានេះ ដោយសារតែប្រទេសនេះមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិន ហើយក៏មិនចង់ធ្លាក់ចូលក្នុងអន្ទាក់ប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។
ជាការកត់សម្គាល់ ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក បានបង្កើនទំនាក់ទំនងល្អផ្នែកការទូតរបស់ពួកគេដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងពេលកិច្ចប្រជុំនេះ។ មេដឹកនាំប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីក្នុងការដោះស្រាយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក ចូកូវី ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីតាំងពីឆ្នាំ២០១៤ នឹងត្រូវចាកចេញពីតំណែងនៅឆ្នាំក្រោយនេះ ដោយសារតែលោកត្រូវផុតអាណត្តិបន្ទាប់បានកាន់តំណែងអស់រយៈពេលពីរអាណត្តិមកហើយ៕