នាយករដ្ឋមន្ត្រីប្រទេសអេស្តូនី ដែលជាអតីតរដ្ឋមួយក្នុងសហភាពសូវៀត ចង់ឱ្យមេដឹកនាំរបស់អង្គការណាតូពិចារណាលើបេក្ខភាពរបស់ខ្លួន សម្រាប់តួនាទីជាអគ្គលេខាធិការរបស់អង្គការណាតូ ដែលបច្ចុប្បន្នមានសមាជិក ៣១ ប្រទេសរួមទាំងហ្វាំងឡង់ទើបចូលរួម។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico លោកស្រីនាយករដ្ឋមន្ត្រី អេស្តូនី Kaja Kallas បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោកស្រីចង់ឱ្យប្រមុខរដ្ឋជាសមាជិករបស់អង្គការណាតូពិចារណាសម្រាប់ការងារជាអគ្គលេខាធិការអង្គការប្រដាប់អាវុធដ៏ធំមួយនេះ នៅពេលដែលអគ្គលេខាធិការបច្ចុប្បន្ន លោក Jens Stoltenberg ផុតតំណែងនៅខែតុលា ឆ្នាំ ២០២៤។
អគ្គលេខាធិការបច្ចុប្បន្ន លោក Jens Stoltenberg ត្រូវបានប្រមុខរដ្ឋជាសមាជិករបស់អង្គការណាតូ ស្នើឱ្យនៅបន្តកាច់ចង្កូតអង្គការនេះ ១ ឆ្នាំទៀត រហូតដល់ខែតុលា ឆ្នាំ ២០២៤ ដោយប្រមុខរដ្ឋជាសមាជិកមិនអាចស្វែងរកការឯកភាពគ្នាលើបេក្ខភាពជំនួសលោកបានក្នុងកិច្ចប្រជុំកន្លងមក ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងតែបន្ត។
លោក Jens Stoltenberg ដែលជាអតីតនាយករដ្ឋមន្ត្រីប្រទេសន័រវែស បានកាន់កាប់តួនាទីចាប់តាំងពីឆ្នាំ ២០១៤ ហើយផុតកំណត់រយៈពេល ២ អាណត្តិ ៨ ឆ្នាំ ប៉ុន្តែត្រូវបានស្នើឱ្យនៅបន្តដោយរកអ្នកជំនួសមិនទាន់បាន។ តាមសេចក្តីរាយការណ៍របស់កាសែត The Guardian។
លោកត្រូវបានគេមើលឃើញថា បានផ្តល់ការគាំទ្រយ៉ាងខ្លាំងទៅដល់ប្រទេសអ៊ុយក្រែន ប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីការឈ្លានពានបានកើតឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២។
តាមសេចក្តីរាយការណ៍របស់ Politico លោកស្រីនាយករដ្ឋមន្ត្រី Kallas ធ្លាប់ជាអ្នករិះគន់រុស្ស៊ីនាំមុខគេនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ហើយបានជំរុញឱ្យមានផែនការដ៏ទូលំទូលាយបន្ថែមទៀត ដើម្បីការពាររដ្ឋបាល់ទិកចំនួន៣ គឺអេស្តូនី ឡាតវី និងលីទុយអានី ដែលជាប់ព្រំដែនរុស្ស៊ីទាំងអស់។
សារព័ត៌មាន Politico បានផ្សាយថា លោកស្រីនាយករដ្ឋមន្ត្រី Kallas បានឆ្លើយតបថា «ចាស/yes» នៅពេលដែលលោកស្រីត្រូវបានគេសង្កត់សួរថា តើលោកស្រីចង់ត្រូវបានពិចារណាសម្រាប់តួនាទីនេះឬអត់។
អ្នកការទូតរបស់អង្គការណាតូបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Kallas អាចត្រូវបានចាត់ទុកថា ជាការស្ទាក់ស្ទើរដោយសមាជិកមួយចំនួន៕