លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិកបានលើកឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា បណ្តាប្រទេសដែលកំពុងឃ្លាំមើលការអនុវត្តបទឈប់បាញ់នៃសង្គ្រាមនៅឧបទ្វីបកូរ៉េ មានការព្រួយបារម្ភអំពីប្រទេសចិន និងរុស្ស៊ី ដែលហាក់ដូចជាកំពុងផ្ដល់ជំនួយដល់កូរ៉េខាងជើងក្នុងការពង្រីកកម្លាំងយោធា ដែលជាមធ្យោបាយដើម្បីគេចវេះពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ប្រទេសសមាជិកអង្គការសហប្រជាជាតិជាច្រើន និងកូរ៉េខាងត្បូងបានសន្យារួមគ្នាប្រឆាំងនឹងការឈ្លានពាន ឬការវាយប្រហារណាមួយពីកូរ៉េខាងជើងទៅលើកូរ៉េខាងត្បូងដែលអាចនឹងកើតមានឡើង។ ការសន្យារួមគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល ដែលមានការចូលរួមដោយ លោក អូស្ទីន និងមន្ត្រីការពារជាតិមកពីបណ្ដាប្រទេសចំនួន ១៧ ដែលបង្កើតបានជាគណៈបញ្ជាការអង្គការសហប្រជាជាតិ (UNC) ទទួលខុសត្រូវលើការត្រួតពិនិត្យ និងឃ្លាំមើលបទឈប់បាញ់។
លោក អូស្ទីន បានលើកឡើងឈ្មោះផ្លូវការសាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើងចំៗថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសចិន និងរុស្ស៊ីកំពុងផ្តល់ជំនួយដល់ប្រទេសកូរ៉េខាងជើង ក្នុងការបង្កើនសមត្ថភាពយោធា ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់ចោទប្រកាន់កូរ៉េខាងជើង ថាបាននិងកំពុងផ្តល់សព្វាវុធដល់រុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយថា រុស្ស៊ីកំពុងជួយកូរ៉េខាងជើងក្នុងការអភិវឌ្ឍសមត្ថភាពយោធា។
យ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និងរុស្ស៊ី បានបដិសេធការចោទប្រកាន់ទាំងនេះ ប៉ុន្តែពួកគេបានសន្យាថានឹងធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើបញ្ហាយោធា។
នៅពេលត្រូវបានសាកសួរអំពីការលើកឡើងរបស់ លោក អូស្ទីន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបថា៖ «សេចក្តីថ្លែងការណ៍ទាំងនេះមិនមានភ័ស្តុតាង និងមិនអាចយកជាការបានឡើយ។ កន្លងមកនេះ សេចក្តីថ្លែងការណ៍នីមួយៗដែលបានធ្វើឡើង គឺកាន់តែធ្វើឱ្យភាពជឿជាក់រួមនៃការអះអាងរបស់ពួកគេធ្លាក់ចុះខ្សោយ»។
បន្ថែមលើនេះ ចិនដែលជាសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើង បានអះអាងថាខ្លួនកំពុងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងអន្តរជាតិដែលមាន។ ដោយឡែក សេចក្តីថ្លែងការណ៍រួមមួយរបស់បញ្ជាការអង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូងបានថ្កោលទោសកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងថា ជាកម្មវិធីខុសច្បាប់ ហើយប្តេជ្ញាថា ពួកគេនឹងធ្វើការឆ្លើយតបចំពោះសកម្មភាពឈ្លានពាន ឬការវាយប្រហារណាមួយដែលអាចកើតឡើង។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉នស៊ីក (Shin Wonsik) បានព្រមានក្រុងព្យុងយ៉ាងប្រឆាំងនឹងសកម្មភាពអរិភាពណាមួយ ដោយលោកបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងឥឡូវនេះជាសមាជិករបស់អង្គការសហប្រជាជាតិ មិនដូចកាលឆ្នាំ ១៩៥០ ដែលសង្គ្រាមកូរ៉េចាប់ផ្តើមទេ។
លោក ស៊ីន បានសង្កត់ធ្ងន់ថា៖ «ក្នុងករណីមានការវាយប្រហាររបស់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូង នោះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសមាជិកភាពរបស់ខ្លួននៅអង្គការសហប្រជាជាតិ។ ហើយប្រទេសណាក៏ដោយដែលគាំទ្រកូរ៉េខាងជើងក្នុងទង្វើបែបនេះនឹងត្រូវប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ»។
ប្រទេសចិន និងសហភាពសូវៀតធ្លាប់បានគាំទ្រកូរ៉េខាងជើងក្នុងអំឡុងពេលសង្គ្រាមនៅឧបទ្វីបកូរ៉េ៕