គណៈប្រតិភូ​មកពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​តា​លី​បង់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​​​កាល​ពីថ្ងៃទី១៥ ខែ​វិច្ឆិកា បាន​ចូលរួម​កិច្ចប្រជុំ​ពាណិជ្ជកម្ម​មួយ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បើទោះបី​ជាមាន​ភាព​តានតឹង ​ដោយ​ភាគី​ប៉ា​គី​ស្ថាន​ បាន​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់របស់​​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់សែន​នាក់​ យ​ចេញពី​ប្រទេស​យ៉ាងណាក៏ដោយ។

ចាប់តាំងពី​ខែតុលា​ មក ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ប្រមាណ​ជាង ៣ សែន​នាក់​ ហើយ​បាន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ពោលគឺ​ចាប់​តាំងតែ​ពី​ពេលដែល​ប៉ា​គី​ស្ថាន​បាន​បើក​ការបង្ក្រាប​ទូទាំងប្រទេស​លើ​ជនបរទេស​ដែល​គ្មាន​ឯកសារ​ស្នាក់នៅ​ស្របច្បាប់។ 

ជាក់ស្តែង​ការបង្ក្រាប​នេះ​ប៉ះពាល់​ជាខ្លាំង​ទៅលើ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រង្វង់​ប្រមាណ ១,៧ លាន​នាក់ ​ឯណោះ​ដែល​ភាគច្រើន​ពួកគេ​បាន​ភៀសខ្លួន​ចូលទៅ​រស់នៅ​លើទឹក​ដី​ប៉ា​គី​ស្ថាន ​តាំងតែ​ពី​ការចូល​កាន់កាប់​របស់​សូ​វៀត​ លើទឹក​ដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៨៩ និង​បន្ទាប់មកទៀត​គឺ​ការឡើង​កាន់កាប់​អំណាច​របស់​ពួក​តា​លី​បង់​ក្នុង​ឆ្នាំ ២០២១។

ជុំវិញ​ការបង្ក្រាប​នេះ​រដ្ឋបាល​ដឹកនាំ​ដោយ​តា​លី​បង់​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ក៏បាន​ចេញមុខ​ប្រតិកម្ម​ដែរ។ ទោះជា​យ៉ាងណាក៏ដោយ ក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល​តា​លី​បង់ នៅតែ​បញ្ជូន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​លោក Nooruddin Azizi ទៅកាន់​ទីក្រុង Islamabad សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម រួម ៣ប្រទេស​គឺ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លួនឯង​ផ្ទាល់ ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន និង​ម្ចាស់ផ្ទះ​ប៉ា​គី​ស្ថាន។

ក្នុង​កិច្ចប្រជុំ​នោះ លោក Nooruddin Aziz ក៏បាន​ជួប​ដាច់ដោយឡែក​ជាមួយ​មន្ត្រី​ប៉ា​គី​ស្ថាន ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម និង​ឆ្លៀត​ជជែក​លើ​បញ្ហា​បណ្តេញ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ផងដែរ។

បន្ទាប់ពី​កិច្ចប្រជុំ​បានបញ្ចប់​តាមរយៈ​បណ្តាញ​សង្គម X ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន ​ប្រចាំ​ទីក្រុង Islamabad មិនបាន​លើកឡើង​អំពី​ក្តីសង្ឃឹម​នៃ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ជនអន្តោប្រវេសន៍​ឡើយ ពោលគឺ​ផ្តោត​តែ​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម​ដោយ​ភាគី​ទាំងបី​បាន​យល់ព្រម​ពង្រីក​ពាណិជ្ជកម្ម កែលម្អ​មធ្យោបាយ​ធ្វើដំណើរ បង្កើន​ការវិនិយោគ​រួមគ្នា និង​លើកកម្ពស់​ការដឹកជញ្ជូន។

 ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​សប្តាហ៍​នេះ បាន​បើក​ច្រកព្រំដែន​ចំនួន​បី​បន្ថែមទៀត ដើម្បី​ព​ន្លឿ​ន​ការ​និរទេស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ភាគច្រើន​នៃ​ពួកគេ​មិនអាច​យក​សូម្បី​សម្ភារ​របស់​ពួកគេ​ទៅជា​មួយ​ឡើយ។ ស្ថានទូត និង​រដ្ឋាភិបាល​តា​លី​បង់​ បាន​ចោទប្រកាន់​ករណីនេះ​ ទៅលើ​អាជ្ញាធរ​ប៉ា​គី​ស្ថាន​​ ​ថា ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ និង​ប្រាក់​របស់​ពួកគេ ក៏ប៉ុន្តែ​ត្រូវបាន​ភាគី​ប៉ា​គី​ស្ថាន​បដិសេធ៕