ប៉ូលិសថៃ បានចាប់ខ្លួនជនសង្ស័យចំនួន ១៣ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមកម្មវិធីខ្ចីប្រាក់លើទូរស័ព្ទចំនួន ៩ និងរឹបអូសបាននូវសៀវភៅធនាគារ ដែលមានទឹកប្រាក់សរុបរហូតដល់ ៥០០ លានបាត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ប្រធានការិយាល័យស៊ើបអង្កេតកណ្តាល (CIB) លោក JirabhopBhuridej បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានថាការបង្ក្រាបនាដើមសប្ដាហ៍នេះបានធ្វើឡើងនៅលើទីតាំងចំនួន ២៣ រួមមានទាំងនៅទីក្រុងបាងកង ខេត្តនុនថាបុរី ឈុនបុរី ផាធុមថានី នគររាជសីម៉ា ប្រាជីនបូរី អយុធ្យា សាមុតប្រាកាន ឈុំផុន និងខេត្តត្រាងជាដើម។
បើតាមបាងកកប៉ុស្តិ៍ ជនសង្ស័យមេក្លោង ២ នាក់ មួយឈ្មោះ YuwathidaPuengpipat អាយុ ៣៧ ឆ្នាំ និងមួយទៀតឈ្មោះ WeerayutPongpanwat អាយុ ៣៧ ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាពីតុលាការព្រហ្មទណ្ឌ ពីបទឃុបឃិតគ្នាក្លែងបន្លំបញ្ចូលព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រ ប្រតិបត្តិការអាជីវកម្មកម្ចី ដោយគ្មានការអនុញ្ញាត ជាមួយនឹងអត្រាការប្រាក់ខ្ពស់លើសពីច្បាប់កំណត់ ការប្រើអំពើហិង្សា ដើម្បីប្រមូលបំណុល និងការចូលរួមជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែន។
មនុស្សចំនួន ១១ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងការបង្កើតគណនីប្រើប្រាស់ក្នុងកម្មវិធីទូរស័ព្ទដើម្បីបោកបញ្ឆោតអ្នកដទៃ។
ជាមួយគ្នានេះផងដែរ ប៉ូលិសថៃក៏រឹបអូសបានវត្ថុតាងចំនួន ៥២ រួមមានសៀវភៅធនាគារ សៀវភៅកត់ត្រា ថេបប្លេត និងឧប ករណ៍អេឡិចត្រូនិកផ្សេងៗទៀត ក៏ដូចជាប្រាក់ ៥០០ លានបាតដែលមានក្នុងគណនីទាំងអស់។
បើតាមប៉ូលិសថៃ កម្មវិធីប្រាក់កម្ចីលើទូរស័ព្ទទាំង ៩ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ដែលក្នុងនោះរួមមានកម្មវិធី Rich Loan, PleasantSheep, SummerCash, FortuneCat, GoldenTiger, FastCash, OrangeCash, GoldenFlowerនិងកម្មវិធី MemoryLoan។
ជនរងគ្រោះដែលប្រើកម្មវិធីកម្ចីណាមួយ តម្រូវឱ្យបញ្ជូលព័ត៌មានផ្ទាល់ខ្លួន ដែលរួមមានបញ្ជីទំនាក់ទំនង លេខគណនីធនាគារ អាល់ប៊ុមរូបថត កាមេរ៉ា GPS ជាដើម។
ប៉ូលិសស៊ើបអង្កេតបាននិយាយថា ជនរងគ្រោះម្នាក់ៗ តម្រូវឱ្យបំពេញឈ្មោះពិត ប្រភពចំណូល អាស័យដ្ឋាន លេខគណនីធនាគារ រូបថតអត្តសញ្ញាណប័ណ្ណ និងមុខរបស់អ្នកប្រើប្រាស់ និងលេខទូរស័ព្ទ ដើម្បីទទួលពាក្យសម្ងាត់តែម្តង (OTP)។
បន្ទាប់ពីបញ្ចប់ដំណើរការផ្ទៀងផ្ទាត់ ជនរងគ្រោះទទួលបានប្រាក់ត្រឹមតែ ៥៥ ភាគរយនៃប្រាក់កម្ចីសរុប ដែលបានស្នើសុំប៉ុណ្ណេះ ប៉ុន្តែតម្រូវឱ្យសងគ្រប់ចំនួនវិញក្នុងរយៈពេល ៦ ថ្ងៃ ជាមួយនឹងអត្រាការប្រាក់ ៧,៥ ភាគរយក្នុងមួយថ្ងៃ ២២៥ ភាគរយក្នុងមួយខែ ឬ២ ៧៣៧,៥ ភាគរយ ក្នុងមួយឆ្នាំ៕