អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ជំរុញ​ប្រទេស​ហ្វីលីពីន​​រំលាយ​ក្រុម​​កង​កម្លាំង​​ប្រឆាំង​កុម្មុយនិស្ត​ចោល ដោយ​ចោទ​ថា​ ក្រុម​នេះ​​កំណត់​គោលដៅ​បៀត​បៀន​​លើ​អ្នក​រិះ​គន់​រដ្ឋាភិបាល​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

​លោក ​Ian Fry ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​លើក​កម្ពស់​ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ បាន​និយាយ​ថា​ រដ្ឋាភិបាល​ហ្វីលីពីន​គួរ​តែ​​រំ​លាយ​​ក្រុម​​កម្លាំង​ជាតិ​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​កុម្មុយនិស្ត​ក្នុង​តំបន់​ (NTF-ELCAC)​ ​​ហើយ​​លុប​ចោល​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​​​។

អតីត​ប្រធានាធិបតី​ហ្វីលីពីន​ លោក​ រ៉ូឌ្រីហ្គូ​ ឌុយទែរតេ ​​បាន​បង្កើត​ក្រុម ​​NTF-ELCAC ក្នុង​ឆ្នាំ​ ២០១៨ ​​ដើម្បី​​បំបាត់​ការ​បះ​បោរ​​រាប់​ទសវត្សរ៍​។​ កង​​​កម្លាំង​​ដែល​រួម​មាន​យោធា​ តែង​តែ​​ហៅ​សកម្មជន​សិទ្ធិម​នុស្ស ​អ្នក​ការពារ​បរិស្ថាន ​មេធាវី​ និង​អ្នក​កាសែត​ ថា​ជា​អ្នក​អាណិត​អាសូរ​ពួក​កុម្មុយនីស្ត ​ដោយ​មិន​ផ្តល់​ភស្តុតាង​ណា​មួយ​ឡើយ​។​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ឌុយទែរតេ​ អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ ចាប់​ឃុំ​ខ្លួន​ ឬ​សម្លាប់​ក៏​មាន​។ ​

លោក Fry ​​និយាយ​នៅ​​ចុង​បញ្ចប់​នៃ​ដំណើរទ​ស្សនកិច្ច​រយៈ​ពេល​១០​ ថ្ងៃ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ថា​ ក្រុមNTF-ELCAC ​​បាន​​ធ្វើ​ប្រតិបត្តិការ​លើស​ពី​តួនាទី​របស់​ខ្លួន​ ហើយ​ធ្វើ​ការ​កំណត់​គោល​ដៅ​លើ​មនុស្ស​ពី​សហគមន៍​ និង​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ដើម​។

​លោក​បាន​បន្ត​ថា​ ​​ការ​យាយី​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្នែក​បរិស្ថាន​​ គឺ​កើត​មាន​ជា​ទូទៅ​​និង​​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​សកម្មភាព​កន្លង​មក​របស់​ក្រុម​កង​កម្លាំង​នេះ​។ ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​​​​ខ្ញុំ​បាន​ឮ​ករណី​នៃ​ការ​ធ្វើ​ទារុណកម្ម ​ការ​បាត់​ខ្លួន​ និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ហើយ​នេះ​ពិត​ជា​មិន​អាច​ទទួល​យក​បាន»​។

អង្គការ​​ឃ្លាំ​​មើ​ល​​ Global Witness ​បាន​ដាក់​ចំណាត់​ថ្នាក់​ហ្វីលីពីន​​ ថា​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​គ្រោះ​ថ្នាក់​បំផុត​នៅ​លើ​ពិភព​លោក​សម្រាប់​សកម្ម​ជន​​ការពារ​ដី​ធ្លី ​និង​បរិស្ថាន​​ក្នុង​ឆ្នាំ​ ២០២២។

យ៉ាង​ណា​មិញ​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន​ លោក​ Eduardo Ano ​ដែល​ធ្វើ​ការ​​ផ្នែក​មួយ​នៃ​ក្រុម ​NTF-ELCAC ​​បាន​រិះ​គន់​លោក​Fry ​ចំពោះ​ការ​​មិន​បាន​លើក​ឡើង​ពី​កង្វល់​របស់​​​លោក​ជាមួយ​រដ្ឋាភិបាល​។​

​លោក ​Ano ​បាន​​ថ្លែង​យ៉ាង​ដូច្នេះ​ថា​​៖ «​យើង​អាច​ជូន​ដំណឹង​ដល់​​លោក​អំពី​កម្មវិធី​សំខាន់​ៗ​ ការ​តស៊ូ​មតិ​ និង​ការ​ជំរុញ​របស់ ​NTF-ELCAC ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព ​ឯកភាព​ និង​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ និង​តំបន់​ជួប​ការ​លំបាក​ ដែល​ធ្លាប់​ជា​កន្លែង​ស្នូល​​នៃ​ភេរវកម្ម​កុម្មុយនិស្ត​»​។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​​ Fry ​បាន​និយាយ​ថា​ រដ្ឋាភិបាល​ហ្វីលីពីន​មិន​ចាំ​បាច់​ធ្វើ​តាម​អនុសាសន៍​របស់​​លោក​ទេ​ ប៉ុន្តែ​ការ​មិន​អើ​ពើ​នឹង​អាច​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​លើ​ឆាក​​អន្តរជាតិ​របស់​ប្រទេស​៕