មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី ១៤ វិច្ឆិកាកន្លងទៅបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ក្នុងដំណើរនោះ ភាគីទាំង ២ បានធ្វើសេចក្ដីថ្លែងការណ៍រួមមួយដោយព្រមានកូរ៉េខាងជើងអំពីមហិច្ឆតា និងការគំរាមកំហែងនុយក្លេអ៊ែរដ៏សែនគ្រោះថ្នាក់។
ឆ្លើយតបសេចក្តីថ្លែងការណ៍ក្រោយដំណើរទស្សនកិច្ចនេះ កូរ៉េខាងជើងបានចេញសេចក្ដីថ្លែងការណ៍ដោយបានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ដោយកូរ៉េខាងជើងបានប្ដេជ្ញានឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះការគំរាមកំហែងនានារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។
សេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារយ៉ាងដូច្នេះថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនឹងឆ្លើយតបរាល់ការគំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួន ជាមួយនឹងសមត្ថភាពសព្វាវុធដ៏ខ្លាំងក្លា និងតាមរយៈយុទ្ធសាស្ត្រយោធាដ៏រឹងមាំ។
យ៉ាងណាមិញ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Austin ទៅកាន់ប្រទេសកូរ៉េខាងត្បូង ភាគីទាំង ២ បានកែប្រែកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី សំដៅរារាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ក្នុងពេលនោះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ការកែប្រែឡើងវិញនេះគឺមានភាពចាំបាច់ ដោយសារតែយុទ្ធសាស្ត្រដែលមានស្រាប់ មិនអាចដោះស្រាយឱ្យ បានគ្រប់ជ្រុងជ្រោយនូវការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងកម្មវិធីមីស៊ីលអន្តរទ្វីប និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះឡើយ។
ដំណើរទស្សនកិច្ចរបស់ លោក Austin បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) ទៅកាន់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។
ក្រោយដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកទាំង ២ បានប្ដេជ្ញាធានាការពារសន្តិសុខនៅក្នុងតំបន់ស្របពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភអំពីភាពល្អូកល្អឺននៃទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Park Jin ក៏បានជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក Yoko Kamikawa នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ហើយក៏បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផងដែរ។
បស្ចិមប្រទេសរួមជាមួយសម្ព័ន្ធនៅអាស៊ីបូព៌ាបានបង្ហាញពីកង្វល់ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់សហព័ន្ធរុស្ស៊ីកាលពីខែកញ្ញា ដែលភាគីទាំង ២ អាចផ្លាស់ប្តូរកម្មវិធីទំនើបកម្មអាវុធ៕