បញ្ហាកោះតៃវ៉ាន់បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងកំពូលមេដឹកនាំមហាអំណាចចិន និងសហរដ្ឋអាមេរិក ដែលកំពុងប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា។
នៅក្នុងជំនួបទ្វេភាគីនៅថ្ងៃពុធនៅទឹកដីសហរដ្ឋអាមេរិក ក្នុងដំណើរទៅចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) ថា ទំនាក់ទំនងរបស់ពួកគេទាំង ២ ប្រឈមគ្រោះថ្នាក់បំផុត គឺនៅត្រង់កោះតៃវ៉ាន់ដែលអាមេរិកតែងតែប្រើប្រាស់ដើម្បីបញ្ឈឺចិន។
ចាប់តាំងពីចិនកុម្មុយនីស្តបានឡើងគ្រប់គ្រងប្រទេសចិន ដែលមានរដ្ឋធានីនៅប៉េកាំង និងត្រូវទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ចិនបានទាមទារគ្រប់គ្រងកោះតៃវ៉ាន់ និងចាត់ទុកកោះនេះជាដែនដីខេត្តមួយរបស់ខ្លួន ប៉ុន្តែអាមេរិកដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចាញ់សង្គ្រាមរួចទៅបោះទីតាំងនៅតៃវ៉ាន់ ក៏នៅតែទទួលស្គាល់រដ្ឋាភិបាលគ្រប់គ្រងតៃវ៉ានតាមរយៈការដាក់ចេញគោលនយោបាយចិនតែ ១ (One China Policy) ហើយអាមេរិកតែងតែនៅពីក្រោយដើម្បីពង្រឹងសមត្ថភាពយោធាសម្រាប់ការតតាំងជាមួយរដ្ឋាភិបាលចិនកុម្មុយនីស្តដែលគ្រប់គ្រងប្រទេសចិនសព្វថ្ងៃ។
យោងតាមរ៉យទ័រ ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល ៤ ម៉ោង កាលពីថ្ងៃពុធ ប្រធានាធិបតីចិនដ៏មានអំណាច លោក ស៊ី ជិនភីង ប្រាប់ប្រធានាធិបតីអាមេរិក ចូ បៃដិន ថា តៃវ៉ាន់គឺជាបញ្ហាដ៏គ្រោះថ្នាក់បំផុត និងគ្រោះថ្នាក់បំផុតនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាន ដោយបានដកស្រង់សម្តី លោក ស៊ី ដែលនិយាយថា ចំណូលចិត្តរបស់ចិន គឺសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ដែលទាមទារដោយចិន ប៉ុន្តែក៏បានបន្តនិយាយអំពីលក្ខខណ្ឌដែលអាចប្រើប្រាស់កងកម្លាំងដើម្បីគ្រប់គ្រងដែរ។
មន្ត្រីរូបនេះបាននិយាយថា លោក ស៊ី កំពុងព្យាយាមពន្យល់អាមេរិកថា ប្រទេសចិនមិនបានរៀបចំសម្រាប់ការលុកលុយដ៏ធំលើកោះតៃវ៉ាន់នោះទេ ទោះយ៉ាងណា រឿងនេះមិនផ្លាស់ប្តូរវិធីសាស្ត្ររបស់សហរដ្ឋអាមេរិកដែលធ្លាប់អនុវត្តនោះទេ។
មន្ត្រីអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតី ស៊ី...បានគូសបញ្ជាក់ ថា នេះគឺជាបញ្ហាដ៏គ្រោះថ្នាក់បំផុត និងគ្រោះថ្នាក់បំផុតនៅ ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានបង្ហាញយ៉ាងច្បាស់ថា ការចង់បានរបស់ពួកគេ គឺការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែបន្ទាប់មកបានផ្លាស់ប្តូរភ្លាមៗទៅកាន់លក្ខខណ្ឌដែលការប្រើប្រាស់កម្លាំងយោធាដ៏មានសក្តានុពលអាចត្រូវបានប្រើប្រាស់»។
នាពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានឆ្លើយតបដោយធានាអះអាងចំពោះសមភាគីខ្លួនថា ទីក្រុងវ៉ាស៊ីនតោនបានប្ដេជ្ញារក្សាសន្តិភាពក្នុងតំបន់។
មន្ត្រីរូបនេះបាននិយាយថា៖ «ប្រធានាធិបតីបៃដិនបានឆ្លើយតបយ៉ាងច្បាស់ថា ជំហរដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកគឺការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព និងស្ថិរភាព»។
មន្ត្រីបានបន្ថែមថា៖ «ប្រធានាធិបតី ស៊ី បានឆ្លើយតបថា មើលចុះ! សន្តិភាពគឺល្អហើយ ប៉ុន្តែនៅចំណុចខ្លះ យើងត្រូវឆ្ពោះទៅរកដំណោះស្រាយជាទូទៅ»។
លោក បៃដិន និងលោកស៊ី បានជួបគ្នាជាលើកដំបូងក្នុងរយៈពេល១ឆ្នាំកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងបន្ធូរបន្ថយភាពប្រឈមរវាងប្រទេសមហាអំណាចទាំង ២ លើជម្លោះយោធា ការជួញដូរ គ្រឿងញៀន និងបញ្ញាសិប្បនិមិ្មត (AI) ហើយបាននិយាយថាពួកគេបានធ្វើឱ្យ «វឌ្ឍនភាពពិតប្រាកដ»។
ប្រទេសចិនបានបង្កើនសកម្មភាពយោធា ដើម្បីព្យាយាម និងបង្ខំតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅលើកោះនោះឱ្យទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ ក្នុងពេលកន្លងមកក៏ដោយ៕