កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ អំឡុងពេលពិធីទទួលទានអាហារពេលល្ងាចជាមួយក្រុមថ្នាក់ដឹកនាំក្រុមហ៊ុនសារជីវកម្មធំៗអាមេរិកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានធានាអះអាងទៅកាន់ពួកគេថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាដៃគូមិត្តភាពជាមួយ សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើឱកាសដ៏ច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ការអះអាងរបស់លោក ស៊ី បែបនេះគឺដើម្បីស្ដារនូវទំនុកចិត្តរបស់ម្ចាស់អាជីវកម្មទាំងអស់ និងដើម្បីទាក់ទាញការវិនិយោគពីបរទេសផងដែរ។
នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកធំៗជាច្រើនបានជួបពិភាក្សាជាមួយលោក ស៊ី។ ជំនួបនេះបានធ្វើឡើងបន្ទាប់ពីមានការជជែកពិភាក្សាជាបន្តបន្ទាប់រវាងមេដឹកនាំចិន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបានផ្តោតលើស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។
គួរកត់សម្គាល់ថា លោក ស៊ី បានទទួលការងើបឈរស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសអាមេរិកចំនួន ៣ ដង ពោលគឺនៅពេលគាត់ដើរចូលទៅក្នុងសាលទទួលទានអាហារម្ដង មុនពេលគាត់ឡើងថ្លែងសុន្ទរកថាម្ដង និងពេលថ្លែងសុន្ទរកថាចប់ម្ដង។
អំឡុងពេលថ្លែងសុន្ទរកថា លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយបានច្រានចោលគំនិតនៃការមើលឃើញប្រទេសចិនថាជាការគំរាមកំហែង។
លោក ស៊ី បានមានប្រសាសន៍ថា «បើទោះបីជាដំណាក់កាលនៃការអភិវឌ្ឍដែលខ្លួនអាចឈានដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយអនុត្តរភាព ឬការពង្រីកឥទ្ធិពលរបស់ខ្លួនឡើយ ជាពិសេសគឺចិនគ្មានឆន្ទៈក្នុងការដាក់សម្ពាធទៅលើប្រទេសណាមួយឡើយ»។
លោក ស៊ី បានបង្ហាញពីទំនុកចិត្តទៅលើអនាគតនៃទំនាក់ទំនងចិន និងអាមេរិក បើទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរក៏ដោយ។ លោកបានធានាចំពោះមេដឹកនាំធុរកិច្ចអាមេរិកទាំងអស់ថា ប្រទេសចិននៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការ ហើយថាចិនបានទទួលស្គាល់បញ្ហាប្រឈមដែលបណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ច និងកង្វល់ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខរបស់ប្រទេស។
គួរដឹងដែរថា ក្នុងកម្មវិធីអាហារពេលល្ងាចនេះ ថ្នាក់ដឹកនាំធុរកិច្ចមកពីសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកជាច្រើនបានចូលរួម ក្នុងនោះរួមមាន ក្រុមហ៊ុន Apple ក្រុមហ៊ុន BlackRock ក្រុមហ៊ុន Broadcom ក្រុមហ៊ុន Bridgewater Associates និងក្រុមហ៊ុន Pfizer ជាដើម។
លោក ស៊ី ក៏បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន តេស្លា (Tesla) លោក អេឡុន ម៉ាសក៍ (Elon Musk) និងបានសម្តែងការគាំទ្រចំពោះការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះលោក ស៊ី មិនបានផ្តោតច្រើនលើទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។ លោកបានសម្តែងការអាណិតអាសូររបស់ចិនសម្រាប់ប្រជាជនអាមេរិក ជាពិសេសយុវជនដែលបានប៉ះពាល់ដោយផលវិបាកនៃសារធាតុហ្វិនតានីល (Fentanyl) ដែលជាថ្នាំប្រើដើម្បីកាត់បន្ថយការឈឺចាប់ធ្ងន់ធ្ងរ។ នៅមុនពេលពិធីអាហារពេលល្ងាចនេះ លោក ស៊ី និងលោក បៃដិន ក៏បានយល់ព្រមសហការគ្នាក្នុងការកាត់បន្ថយការផលិតសារធាតុហ្វិនតានីលនេះផងដែរ។
គួរដឹងដែរថា ក្រៅពីខ្លឹមសាររបស់លោក ស៊ី ដែលបានលើកឡើងខាងលើ នៅមានបញ្ហាចម្រូងចម្រាសមួយចំនួនដែលបានកើតឡើងផងដែរ។ ជាក់ស្ដែង កម្មវិធីជួបជុំអាហារពេលល្ងាចដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន និងគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិននេះ ត្រូវបានគេរិះគន់ចំពោះតម្លៃសំបុត្រខ្ពស់ពេក និងថាជាកម្មវិធីដែលធ្វើឡើងដើម្បីទទួលស្គាល់រដ្ឋាភិបាលចិនថាស្របច្បាប់ចំពោះការរំលោភសិទ្ធិមនុស្សកន្លងមក។
ម៉្យាងវិញទៀត សុន្ទរកថារបស់លោក ស៊ី ទំនងជាមិនអាចកែលម្អទំនុកចិត្តរបស់ម្ចាស់ក្រុមហ៊ុនសហគ្រាសសាជីវកម្មអាមេរិកចំពោះប្រទេសចិនបានច្រើននោះទេ។ ការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យក្រុមហ៊ុនមកពីប្រទេសទាំងពីរស្ថិតក្រោមការប្រុងប្រយ័ត្នខ្លាំង ហើយការសង្ស័យរបស់ចិនចំពោះក្រុមហ៊ុនលោកខាងលិចថាបានធ្វើចារកម្ម ក៏កំពុងបំផ្លាញទំនុកចិត្តវិនិយោគិនផងដែរ៕