នាយករដ្ឋមន្ត្រីហ្វាំងឡង់នៅថ្ងៃទី ១៦ វិច្ឆិកានេះបានឱ្យដឹងថា ប្រទេសរបស់លោកនឹងបិទច្រកឆ្លងកាត់ចំនួន ៤ ក្នុងចំណោម ៩ នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ ដែលការសម្រេចបែបនេះគឺដើម្បីរារាំងកំណើននៃអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់បណ្ដាប្រទេសដែលស្ថិតនៅភាគខាងជើង នៃសហភាពអឺរ៉ុប ដែលគេស្គាល់ថាជា Nordic Nation។
ពាក់ព័ន្ធនឹងការបិទច្រកព្រំដែននេះ លោកប្រធានាធិបតីហ្វាំងឡង់ Petteri Orpo បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «រដ្ឋាភិបាលបានសម្រេចចិត្តថា នឹងបិទច្រកព្រំដែនមួយចំនួន ហើយដែលការបិទនោះនឹងប្រព្រឹត្តទៅនៅរវាងយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ខាងមុខ»។
យ៉ាងណាមិញ ច្រកផ្លូវទាំងបួនដែលហ្វាំងឡង់ជ្រើសរើសបិទនៅពេលនេះ គឺស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ ហើយដែលជាចំណុចមមាញឹកបំផុតនៃការធ្វើដំណើររវាងប្រទេសនេះជាមួយរុស្សី។
បើតាមអាជ្ញាធរព្រំដែនហ្វាំងឡង់ អ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើននាក់ ដែលភាគច្រើនមកពីប្រទេសដូចជា អ៊ីរ៉ាក់ យេម៉ែន សូម៉ាលី និងស៊ីរី បានចូលមកដល់ចំណុចព្រំដែននោះជារៀងរាល់ថ្ងៃ ដោយឆ្លងកាត់តាមព្រំដែនប្រទេសរុស្ស៊ី។
អាជ្ញាធរព្រំដែនបានឱ្យដឹងទៀតថា រាប់ចាប់ពីខែកញ្ញាមក ចំនួនអ្នកមកដល់ច្រកព្រំដែន និងសុំសិទ្ធិជ្រកកោន បានកើនឡើងដល់ចំនួន ២៨០នាក់ហើយ។
យ៉ាងណាមិញ ជាទូទៅមនុស្សជាមធ្យម ៣ ០០០ នាក់មានតម្រូវការប្រើប្រាស់ច្រកព្រំដែនភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ លោកប្រធានាធិបតីបានទទួលស្គាល់ថា ការបិទនេះនឹងធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែលំបាក ជាពិសេសសម្រាប់អ្នកដែលមានការអនុញ្ញាតឱ្យធ្វើដំណើររវាងហ្វាំងឡង់ និងរុស្ស៊ី។
យ៉ាងណាក៏ដោយ មុននឹងឈានដល់ការបិទច្រកព្រំដែននេះ លោកប្រធានាធិបតីហ្វាំងឡង់ធ្លាប់បាននិយាយកាលពីថ្ងៃពុធកន្លងទៅថា ការកើនឡើងនៃចំនួនអ្នកស្នើសុំសិទ្ធិជ្រកកោនដែលមកដល់ព្រំដែនភាគខាងកើតរបស់ប្រទេសខ្លួន ហាក់បីដូចជាការសងសឹករបស់រុស្ស៊ី ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិរបស់ហ្វាំងឡង់ជាមួយសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅ។
ប្រទេសហ្វាំងឡង់ ដែលជាច្រើនទសវត្សរ៍មកនេះ ប្រកាន់យកគោលការណ៍អធិបតេយ្យភាព មិនចូលបក្សសម្ព័ន្ធ បែរជាបានក្លាយជាសមាជិករបស់អង្គការណាតូកាលពីដើមឆ្នាំនេះ ដោយសារ រូបភាពឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលនៅមិនឆ្ងាយប៉ុន្មានពីខ្លួន។ ដែលការណ៍នេះ បានធ្វើឱ្យរុស្សីដែលជាប្រទេសស្ថិតនៅជាប់ព្រំប្រទល់នឹងហ្វាំងឡង់ ខឹងសម្បាយ៉ាងខ្លាំង។
គួរបញ្ជាក់ថា Nordic Nation គឺសំដៅលើក្រុមប្រទេសដែលស្ថិតក្នុងតំបន់ភូមិសាស្ត្រ មួយនៅអឺរ៉ុបខាងជើង ឬសមុទ្រអាត្លង់ទិកខាងជើង ដែលរួមមាន ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស និងស៊ុយអែត៕