កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ កន្លងទៅ​ថ្មីៗ​នេះ មេដឹកនាំ​យោធា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ​បាន​បញ្ជា​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល​ទាំងអស់ និង​អ្នក​ដែលមាន​បទពិសោធន៍​យោធា ត្រៀមលក្ខណៈ​ដើម្បី​បម្រើកងទ័ព​ក្នុងករណី​មាន​អាសន្ន បន្ទាប់ពី​របប​យោធា​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ ពី​ក្រុម​បះបោរ​ជាច្រើន​កន្លែង​។ 
 
​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ បើតាម​មន្ត្រីប៉ូលិស​ឥណ្ឌា​ម្នាក់​បានឱ្យដឹងថា យ៉ាងហោចណាស់​មាន​ទាហាន​មី​យ៉ាន់​ម៉ា​ចំនួន ២៩ នាក់​ទៀត​បាន​រត់​ចូលទៅក្នុង​ប្រទេស​ឥណ្ឌា ក្រោយ​រង​ការវាយប្រហារ​ពី​ក្រុម​បះបោរ​នៅលើ​មូលដ្ឋាន​យោធា​របស់​ពួកគេ​នៅ​ជិត​ព្រំដែន​ឥណ្ឌា ចំពេល​ដែល​ក្រុម​ឧទ្ទាម​បង្កើន​ការវាយប្រហារ​របស់​ពួកគេ​ប្រឆាំងនឹង​របប​យោធា​ដែល​កំពុង​កាន់អំណាច​។ 
 
​លោក Tin Maung Swe លេខា​ក្រុមប្រឹក្សា​រដ្ឋបាល​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​បាន​បញ្ជាក់ថា របប​យោធា​បាន​បញ្ជា​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល និង​អតីត​បុគ្គលិក​យោធា​បង្កើត​អង្គភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថាន​ភាពអាសន្ន​។ លោក Tin Maung បន្តថា អង្គភាព​នេះ​ក៏​អាច​នឹង​ត្រូវបាន​តម្រូវឱ្យ​ចេញទៅ​ក្រៅ ពេល​មាន​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ និង​សន្តិសុខ​ជាដើម​។ 
 
​ស្របពេល​ជាមួយគ្នានេះ រដ្ឋាភិបាល​មួយ​ដែល​បង្កើតឡើង​ដោយ​អ្នកនយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ប្រឆាំងនឹង​ក្រុម​យោធា និង​ជា​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុម​បះបោរ​មួយចំនួន បានចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន​មាន​ឈ្មោះថា «Road to Naypyitaw» ក្រោម​គោលបំណង​ដណ្តើម​កាន់កាប់​រដ្ឋធានី​ប្រទេស​។ 
 
​អ្នកនាំពាក្យ​របប​យោធា​លោក Zaw Min Tun បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា យោធា​កំពុង​ប្រឈមមុខ​នឹង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​ទាហាន​ឧទ្ទាម​ប្រដាប់អាវុធ​មួយចំនួនធំ​នៅក្នុង​រដ្ឋ Shan ភាគ​ឦសាន រដ្ឋ Kayah នៅ​ភាគ​ខាងកើត និង​រដ្ឋ Rakhine នៅ​ភាគ​ខាងលិច​។ 
 
​លោក Zaw Min Tun បន្តថា ទីតាំង​យោធា​មួយចំនួន​ត្រូវបាន​ជម្លៀសចេញ ហើយ​ក្រុម​បះបោរ​បាននិងកំពុង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ទម្លាក់​គ្រាប់បែក​រាប់រយ​គ្រាប់​លើ​ទីតាំង​យោធា​។​
 
​គួរ​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ស្ថិតក្នុង​ភាពចលាចល​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ ២០២១​ មកម្ល៉េះ ពោលគឺ​នៅពេលដែល​យោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi និង​បញ្ចប់​ការខិតខំ​រយៈពេល​មួយ​ទសវត្សរ៍​នៃ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​ដោយ​ឥតន័យ​។ 
 
​រដ្ឋប្រហារ​ឆ្នាំ ២០២១ នេះ​ក៏បាន​បំផ្លាញ​ក្តីសង្ឃឹម​នៃ​កំណែទម្រង់​ប្រជាធិបតេយ្យ​ឱ្យ​ធ្លាក់​ដល់​សូន្យ​ជាថ្មី និង​បង្កឱ្យមាន​ការប្រមូលផ្តុំ​នៃ​ក្រុមប្រឆាំង ដែល​បាន​បង្រួបបង្រួម​គ្នា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅតាម​ទីក្រុង និង​ការ​រួបរួមគ្នា​ជាមួយនឹង​កងកម្លាំង​ជនជាតិភាគតិច​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​នៅតាម​តំបន់​ព្រំដែន​៕​