អ្នកនាំពាក្យសេតវិមាន នៅយប់ថ្ងៃសៅរ៍ទី១៨ខែវិច្ឆិកាឆ្នាំ២០២៣ បាននិយាយថាអ៊ីស្រាអែលនិងក្រុមហាម៉ាស់មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បណ្តោះអាសន្ននៅឡើយ ហើយ សហរដ្ឋអាមេរិកកំពុងបន្តធ្វើការដើម្បីទទួលបានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។
លោកស្រី Adrienne Watson ជាអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មិនទាន់មានកិច្ចព្រមព្រៀងនៅឡើយទេប៉ុន្តែយើងបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀង»។
ដោយឡែកបើតាមកាសែត Washington Post រាយការណ៍កាលពីយប់ថ្ងៃសៅរ៍វិញបានឱ្យដឹងថាកិច្ចព្រមព្រៀងមួយដែលប្រទេសកាតាជាអ្នកសម្របសម្រួលរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសឯណោះវិញបានឈានដល់បទឈប់បាញ់រយៈពេលប្រាំថ្ងៃជាថ្នូរនឹងចំណាប់ខ្មាំង ៥០ នាក់ឬច្រើនជាងនេះ។
អ៊ីស្រាអែលបានប្តេជ្ញាចិត្តកម្ទេចក្រុមហាម៉ាស់បន្ទាប់ពីរងការវាយលុកពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាចូលក្នុងប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សចំនួន ១ពាន់ ២រយនាក់ និង ចាប់ចំណាប់ខ្មាំងចំនួន ២៤០នាក់។
ឈានចូលដល់សប្តាហ៍ទីប្រាំពីរនៃជម្លោះពីភាគីអាជ្ញាធរក្នុងតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់វិញបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៃប្រជាជនខ្លួនកើនដល់ជាង ១ម៉ឺន ២ពាន់ រួមទាំងកុមារចំនួន ៥ ពាន់ផងដែរ៕