ប្រធាន​គោល​នយោបាយ​គណបក្ស​កាន់​អំណាច​បាន​​ឱ្យ​ដឹង​​​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​បំណង​ហាម​ឃា​ត់​​ការ​បរិភោគ​សាច់​ឆ្កែ​ និង​បញ្ចប់​ភាព​ចម្រូង​ចម្រាស​លើ​ទំនៀម​ទម្លាប់បរិភោគ​​បុរាណមួយ​នេះ​​ ចំ​ពេល​ដែ​ល​ការ​យល់​ដឹង​អំពី​សិទ្ធិ​សត្វ​មាន​មាន​ការ​កើន​ឡើង​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​កាល​ពី​ថ្ងៃ​សៅរ៍​។

លោក​ Yu Eui-dong ​ប្រធាន​​គោល​នយោបាយ​​​នៃ​​គណបក្ស​​អំណាច​​​​ប្រជាជន​ដែល​​កំពុង​​កាន់​​អំណាច​ ​ និ​ង​ជា​សកម្មជន​សិទ្ធិ​សត្វ​ បាន​​និយាយ​​ក្នុង​​កិច្ច​ប្រជុំ​​ជាមួយ​​មន្ត្រី​​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៧ ខែ​វិច្ឆិកា​ ​ថា​​​៖​ «​​​វា​​ដល់​​ពេល​​ហើយ​​ដើម្បី​​បញ្ចប់​​ជម្លោះ​​សង្គម​ ​និង​​ភាព​ចម្រូង​ចម្រាស​​ជុំ​វិញ​​ការ​​ទទួ​ល​ទាន​​សាច់​​ឆ្កែ​ ​តា​ម​រយៈ​​ការ​អ​នុម័ត​​ទង្វើ​​ពិសេស​​មួយ​​ដើម្បី​​បញ្ចប់​​​វា​​​»​។

​លោក​ Yu ​បាននិយាយ​ថា​ រដ្ឋាភិបាល ​និង​គណបក្ស​កាន់​អំណាច​ នឹង​ដាក់​ចេញ​នូវ​សេចក្តី​ព្រាង​ច្បាប់​នៅ​ឆ្នាំ​នេះ​ ដើម្បី​អនុវត្ត​ការ​ហាម​ប្រាម​ ដោយ​បន្ថែម​ថា​ ​ច្បាប់​នេះ​គួរ​តែ​ឆ្លង​កាត់​សភា​ ដោយ​រំពឹង​ថា​នឹង​មាន​ការ​គាំទ្រ​ទ្វេ​ភាគី​។

​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​កូរ៉េខាង​ត្បូង​ លោក​ Chung Hwang-keun​បាន​ប្រាប់​កិច្ច​ប្រជុំ​ថា​ រដ្ឋាភិបាល​នឹង​អនុវត្ត​ការ​ហាម​ឃាត់​​ឱ្យ​បាន​ឆាប់​រហ័ស​ និង​ផ្តល់​ការ​គាំទ្រ​​ខ្ពស់​សម្រាប់​អ្នក​​​ក្នុង​ឧស្សាហកម្ម​លក់​សាច់​ឆ្កែ​ឱ្យ​បិទ​​អាជីវកម្ម​របស់​ពួក​គេ​។​​

ច្បាប់​ស្ដី​ពី​​ការ​ប្រឆាំង​ការ​បរិភោគ​សាច់​ឆ្កែ​​​មិន​អាច​អនុម័ត​ទៅ​បាន​ ដោយ​មាន​ការ​ប្រឆាំង​​តវ៉ា​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ក្នុង​ឧស្សាហកម្ម​ និង​​ការ​ព្រួយ​បារម្ភ​អំពី​ជីវភាព​របស់​កសិករ​ និង​ម្ចាស់​ភោជនីយដ្ឋាន​លក់​សាច់​ឆ្កែ​ផ្សេង​ៗ​។

យ៉ាង​ណា​មិញ​ សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នឹង​​​រួម​បញ្ចូល​រយៈ​ពេល​អនុ​គ្រោះ​រយៈ​ពេល​​៣​ឆ្នាំ​ និង​ការ​គាំទ្រ​ផ្នែក​ហិ​រញ្ញ​វត្ថុ​សម្រាប់​អ្នក​លក់​សាច់​ឆ្កែ​ឱ្យ​ប្ដូរ​អាជីវកម្ម​របស់​ខ្លួន​។

ទម្លាប់​បរិភោគ​​សត្វ​​ឆ្កែ​​របស់​ប្រជាជន​កូរ៉េ​ កន្លង​មក​​បាន​​ទាញ​​ការ​​រិះ​គន់​​ពី​​បរទេស​​ចំពោះ​​អំពើ​​ឃោរឃៅ​​សម្លាប់​សត្វ​ឆ្កែ​ ខណៈ​​ការ​​ប្រឆាំង​ក្នុង​ស្រុក​ជា​ពិសេស​ពី​ក្មេង​ៗ​ជំនាន់​ក្រោយ​ក៏​កើន​ឡើង​កាន់​តែខ្លាំង​។ ទម្លាប់​ចាស់​គម្រិល​នេះ​ ត្រូវ​បាន​ប្រជាជន​កូរ៉េ​​ជឿ​ថា​ ​​ជា​វិធី​មួយ​ដើម្បី​យក​ឈ្នះ​កំដៅ​​នា​រដូ​វ​ក្តៅ​ ប៉ុន្តែ​បច្ចុប្បន្ន​មិន​សូវ​សម្បូរ​ដូច​មុន​នោះ​ទេ៕