បន្ទាប់ពីការលើកលែងទិដ្ឋការរយៈពេលវែងដល់ប្រជាជនចិន កាហ្សាក់ស្ថាន ឥណ្ឌា ជាដើម ប្រទេសថៃដែលសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើវិសេវាកមុ្ម បានរិះរកវិធីដើម្បីជំរុញការលើកលែងទិដ្ឋាការដល់ប្រទេសនានានៅតំបន់អឺរ៉ុបបន្ថែមទៀត។
យោងតាមការផ្សាយរបស់ Bloomberg ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍កំពុងរៀបចំព្រឹត្តិការណ៍វប្បធម៌ និងកីឡារាប់រយ ហើយអាចនឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីបណ្តាប្រទេសនៅអឺរ៉ុបកាន់តែច្រើន ដោយសារវាដំណើរការដើម្បីជំរុញអ្នកធ្វើដំណើរកម្សាន្តឱ្យស្នាក់នៅបានយូរ និងចំណាយកាន់តែច្រើន។
សារព័តមាននេះ បានដកស្រង់សម្តី លោក Prommin Lertsuridej ដែលជាជំនួយការកំពូលរបស់នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដោយនិយាយថា ប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាប្រិយភាពសម្រាប់ភាពរស់រវើកពេលរាត្រី ឆ្នេរសមុទ្រ និងឧទ្យានជាតិកំពុងពិភាក្សាអំពីផែនការអនុញ្ញាតឱ្យភ្ញៀវទេសចរនៃជនជាតិអឺរ៉ុបមួយចំនួនស្នាក់នៅរយៈពេល ៩០ថ្ងៃ។
លោកបាននិយាយថា វាក៏នឹងមានព្រឹត្តិការណ៍ប្រហែល ៣០០០ ដូចជាការប្រគុំតន្ត្រី ការរត់ម៉ារ៉ាតុង និងពិធីបុណ្យវប្បធម៌ផ្សេងទៀតដែលរៀបចំនៅឆ្នាំក្រោយ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ក្រោយការចូលកាន់ដំណែង នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានដាក់ចេញនយោបាយលើកលែងទិដ្ឋាការរយៈពេលវែងដល់ប្រជាជនចិននិងកាហ្សាក់ស្ថានមុនគេបំផុត ដើម្បីទាក់ទាញអ្នកដំណើរច្រើនមកពីប្រទេសតំបន់អាស៊ីកណ្តាលនេះ។
ក្រោយការដាក់ចេញ និងទទួលស្វាគមន៍ក្រុមភ្ញៀវដំបូង កាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រទេសថៃ នៅថ្ងៃទី ៣ ខែតុលា ក៏ជួបហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបក្នុងទីក្រុងបាងកកដែលបណ្តាលឱ្យអ្នកទេសចរចិនស្លាប់និងរបួស នឹងនាំទៅដល់កង្វល់ដែលគោលនយោបាយដែលទើបដាក់ចេញនោះបរាជ័យ។
ដើម្បីស្តារទំនុកចិត្តពីអ្នកដំណើរចិន ប្រទេសថៃក៏បង្ហាញពីផែនការដាក់ពង្រាយប៉ូលិសចិននៅតាមតំបន់ទេសចរណ៍ល្បីៗ ប៉ុន្តែត្រូវលុបចោលគម្រោងការនោះវិញ បន្ទាប់ពីរងការរិះគន់ខ្លាំងពីប្រជាជនក្នុងស្រុក៕