ស្របពេលដែលភាពតានតឹងជាមួយប្រទេសចិនរុស្ស៊ីនិងកូរ៉េខាងជើងកាន់តែកើនឡើង ជប៉ុនបានធ្វើសមយុទ្ធយោធាថ្នាក់ជាតិនៅលើកោះ Tokunoshima ដែលនឹងបិទបញ្ចប់នៅក្នុងរយៈពេល ១១ថ្ងៃ។
សម្រាប់ជប៉ុន ការធ្វើសមយុទ្ធនេះជាការបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងជើងគោកសមុទ្រនិងអាកាសដើម្បីការពារទឹកដីរបស់ប្រទេស ជប៉ុន និង ហេដ្ឋារចនាសម្ព័ន្ធរួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ។
ដោយឡែក ការជ្រើសរើសយកកោះ Tokunoshima ក្នុងការធ្វើសមយុទ្ធនេះ ដោយសារតែជប៉ុនមើលឃើញពីភាពប្រឈមនៃកោះនេះក្នុងករណីវាយប្រហារណាមួយពីប្រទេស ចិន។ ម្យ៉ាងទៀតខុសពីឆ្នេរជាច្រើននៅតាមបណ្ដុំកោះភាគនិរតីរបស់ប្រទេសជប៉ុនឆ្នេរមួយនៅលើកោះ Tokunoshima មានភាពអំណោយផលដែលជំរុញការសមយុទ្ធឱ្យកាន់តែមានភាពងាយស្រួលជាងមុនថែមទៀត។
ឧត្តមសេនីយ៍ Yoshihide Yoshida នាយសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារបាននិយាយក្រោយការសង្កេតសមយុទ្ធនោះថា៖ «គោលដៅរបស់សមយុទ្ធយោធានានាពេលនេះគឺដើម្បីបង្ហាញថាប្រសិនបើមានស្ថានការណ៍គ្រាអាសន្នដែលកើតចេញពីការវាយប្រហារនោះយើងអាចរួមគ្នាឆ្លើយតបបានទាន់ពេលវេលា»។
ដោយឡែក វិសាលភាព និង ល្បឿននៃសមយុទ្ធយោធានៅក្នុងប្រទេសជប៉ុនទំនងជាកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខបន្ទាប់ពីនាយករដ្ឋមន្ត្រី Fumio Kishida កាលពីខែធ្នូបានបង្ហាញពីការកសាងយោធាដ៏ធំបំផុតរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។លើសពីនោះ លោកនាយករដ្ឋមន្ត្រីបានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងត្រឹមរយៈពេល ៥ឆ្នាំ។
លោក Kishidaបានព្រមានដែរថាអាស៊ីបូព៌ាអាចជាប្រទេសអ៊ុយក្រែនបន្ទាប់ប្រសិនបើចិនទទួលបានការគាំទ្រពីរុស្ស៊ីលើប្រទេសជិតខាងក្នុងការវាយប្រហារតៃវ៉ាន់។
ក្រោមការព្រួយបារម្ភនេះជប៉ុនបានគ្រោងទុកនូវថវិកាចំនួន ៤៣.៥ ពាន់ពាន់លានយ៉េន (២៩០ ពាន់លានដុល្លារ) សម្រាប់ចំណាយទៅលើវិស័យយោធា ជាពិសេស សំដៅបង្កើនអាវុធថ្មីៗ ដូចជា ម៉ីស៊ីលរយៈចម្ងាយឆ្ងាយជាដើមបង្កើនការស្តុកគ្រឿងបន្លាស់និងបន្ថែមអាវុធថែមទៀត។
ប៉ុន្តែយ៉ាងណាការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េននៅឆ្នាំនេះបានបង្ខំឱ្យប្រទេសជប៉ុនកាត់បន្ថយការទិញដែលបានគ្រោងទុករួមទាំងម៉ូដែលថ្មីនៃឧទ្ធម្ភាគចក្រ Chinook ផលិតដោយសហរដ្ឋអាមេរិកដែលយោធារបស់ប្រទេសជប៉ុនបានប្រើប្រាស់នៅក្នុងសមយុទ្ធ Tokunoshima ផងដែរ។
Tokunoshima ដែលត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថាកោះ Tokuno ស្ថិតនៅក្នុងប្រជុំកោះAmamiភាគខាងត្បូងនៃខេត្ត Kagoshima ប្រទេសជប៉ុន។កោះនេះមានទំហំ ២៤៧,៧៧ គីឡូម៉ែត្រការ៉េក្នុងផ្ទៃដីមានប្រជាជនប្រមាណ ២៧ ០០០នាក់។
កោះTokunoshimaនេះផងដែរមានចម្ងាយជាង ៩០០ គីឡូម៉ែត្រពីដែនកោះតៃវ៉ាន់ដែលចិនកំពុងតែប្រទាញប្រទង់យក៕